33 C
Phnom Penh

គណបក្សសង្គ្រោះ​ជាតិ​ហាក់​បោះ​ជំហាន​​​​​ឆ្ពោះទៅ​​​ការ​បញ្ចប់​​​ពហិការ​​នយោបាយ​របស់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិហាក់បានបោះជំហានឆ្ពោះទៅរកការបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត៥ខែរបស់ខ្លួន ទោះបីជាគណបក្សប្រឆាំងមួយនេះហាក់មិនទទួលបានសម្បទានគួរឱ្យកត់សម្គាល់ពីគណបក្សកាន់អំណាចក្ដី។

គណបក្សសង្គ្រោះជាតិមិនបានចូលរួមពេញលេញក្នុងសម័យប្រជុំសភាចាប់តាំងពីខែឧសភាមកម្លេ៉ះ ដើម្បីជំទាស់នឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ។ លោក សម រង្ស៊ី ប្រធានគណបក្សនេះបានមានប្រសាសន៍កាលពីខែមុនថា ការធ្វើពហិការនឹងនៅតែបន្តដដែល ប្រសិនបើគ្មាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន” ទេនោះ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការចរចាណាមួយជាមួយគណបក្សប្រឆាំងអាចកើតឡើងទៅបានទាល់តែក្រោយគណបក្សនេះចូលសភាវិញ។

លោក ប៉ុល ហំម តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (កណ្ដាល) ពេលចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ខែម សុវណ្ណារ៉ា
លោក ប៉ុល ហំម តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (កណ្ដាល) ពេលចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ខែម សុវណ្ណារ៉ា

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកាលពីព្រឹកម្សិលមិញ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិត្រូវអ្នកយកព័ត៌មានម្នាក់សួរថា តើគណបក្សនេះមានគម្រោងចូលរួមសម័យប្រជុំសភាពេញអង្គនៅថ្ងៃសុក្រដែរឬទេ។

លោកឆ្លើយតបថា “យើងពិតជាសង្ឃឹមដូច្នេះ។ ខ្ញុំសង្កេតឃើញថា ស្ថានការណ៍ស្ងប់ស្ងាត់ ដូច្នេះខ្ញុំសង្ឃឹមថា ភាពស្ងប់ស្ងាត់នេះនឹងជំរុញការចរចាដើម្បីដោះស្រាយបញ្ហា”។

លោក ឈាង វុន តំណាងរាស្ត្រ និងជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា  បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនេះថា គណបក្សកាន់អំណាចរីករាយជានិច្ចក្នុងការត្រឡប់ទៅធ្វើការជាមួយគណបក្សប្រឆាំងវិញ។

លោកថ្លែងថា “យើងដឹងហើយថា សម្ដេចតេជោមានប្រសាសន៍ថា ពេលយើងចូលប្រជុំនៅរដ្ឋសភា យើងជួបគ្នាញឹកញាប់ ហើយការចាប់ដៃគ្នាអាចនាំមកនូវការផ្លាស់ប្ដូរ។ នយោបាយនៅកម្ពុជា រាល់ពេលដែលមានបញ្ហា គឺតែងតែមានដំណោះស្រាយ”។

ទោះជាយ៉ាងណា ការផ្ដន្ទាទោសនៅតែរក្សាទុកដដែលសម្រាប់លោក កឹម សុខា និងលោក សម រង្ស៊ី ពីបទចោទប្រកាន់ដែលលោកទាំងពីរនិយាយថាជារឿងនយោបាយ។ លោក សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ខណៈសមត្ថកិច្ចនិយាយថា ពួកគេនឹងមិនចាប់ខ្លួនលោក កឹម សុខា ឡើយរហូតទាល់តែទោសជាប់ពន្ធនាគារ៥ខែរបស់លោកត្រូវបានតម្កល់នៅពេលប្ដឹងទាស់។

cam-photo-assemblyឥស្សរជនគណបក្សសង្គ្រោះជាតិ ចំនួន១៨រូបរួមទាំងសមាជិកសភាមួយរូប និងសមាជិកព្រឹទ្ធសភាមួយរូបផង បានជាប់ពន្ធនាគារចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មកម៉្លេះរួមជាមួយសកម្មជន និងមន្ត្រីការពារសិទ្ធិមនុស្សមួយចំនួន ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាជាយុទ្ធនាការមួយរបស់រដ្ឋាភិបាលដើម្បីបង្ក្រាបការប្រឆាំង។ រដ្ឋាភិបាលនិយាយថា តុលាការគ្រាន់តែអនុវត្តច្បាប់ប៉ុណ្ណោះ។

កាលពីរសៀលម្សិលមិញ  បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអា៊ង តំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សនេះបានមានប្រសាសន៍ថា ការសម្រេចចុងក្រោយថាតើត្រូវបញ្ចប់ការធ្វើពហិការឬក៏អត់ នឹងធ្វើឡើងនៅព្រឹកនេះ។

លោកថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ”យើងមិនទាន់សម្រេចនៅឡើយទេ។ ជាការពិត យើងមិនដែលបញ្ចប់ការធ្វើពហិការមិនចូលសភារបស់យើងទេ”។ គូសបញ្ជាក់ពីមូលហេតុដើមរបស់គណបក្សសង្គ្រោះជាតិសម្រាប់ការធ្វើពហិការនេះ លោកលើកឡើងថា “យើងមិនទៅធ្វើការនៅរដ្ឋសភាដោយសារតែយើងមិនសប្បាយចិត្តនឹងចូលរួមរំលោភបំពានរដ្ឋធម្មនុញ្ញ ជាពិសេសទាក់ទិនការរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រ”។

កាលពីសប្ដាហ៍មុន គណបក្សសង្គ្រោះជាតិបានចាប់ផ្ដើមបន្ទន់ជំហររបស់ខ្លួន ដោយលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សនេះមានប្រសាសន៍ថា គណបក្សរបស់លោកប្រហែលជាត្រឡប់ចូលសភាវិញ ប្រសិនបើគណបក្សកាន់អំណាចយល់ព្រមពិចារណាឡើងវិញចំពោះការធ្វើវិសោធនកម្មច្បាប់តុលាការចំនួនបី ហើយកោះហៅរដ្ឋមន្ត្រីបួនរូបមកសាកសួរ។ លក្ខខណ្ឌរបស់លោកបានដកចេញការទាមទារមួយកាលពីលើកមុនដែលសុំឱ្យដកសំណុំរឿងប្រឆាំងលោក កឹម សុខា ចេញ។

ក្នុងចំណោមចំណុចដែលលោក សុន ឆ័យ បានលើកឡើង គ្មានចំណុចណាមួយត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈសម្រាប់សម័យប្រជុំសភានៅថ្ងៃសុក្រនោះឡើយ។

នៅពេលសាកសួរកាលពីម្សិលមិញថា តើគណបក្សរបស់លោកនឹងបញ្ចប់ការធ្វើពហិការរបស់ខ្លួនឬយ៉ាងណា លោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”សូមសាកសួរទៅសហការីរបស់ខ្ញុំនៅរាជធានីភ្នំពេញទៅ។ ពួកគាត់ទទួលបានការគាំទ្រពេញទំហឹងពីខ្ញុំ”។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា  វាពិបាកនិយាយណាស់ដែលថាគណបក្សសង្គ្រោះជាតិមិនដាច់ស្រេច។ លោកបានលើកឡើងថា “បញ្ហាគឺថា រឿងទាំងអស់នេះកើតឡើងដដែលៗ។ ពួកគេពិតជាទទួលបានអត្ថប្រយោជន៍ពីការពិចារណាដោយប្រុងប្រយ័ត្នចំពោះដំណើរការធ្វើសេចក្ដីសម្រេចផ្ទៃក្នុងរបស់ខ្លួន…។ សំណួរដែលត្រូវចោទសួរគឺថា តើពិតជាមានយុទ្ធសាស្ត្រនៅពីក្រោយការសម្រេចទាំងនេះឬក៏អត់”។

លោកថ្លែងបន្តថា  គណបក្សប្រឆាំងចំណេញតិចតួចណាស់ពីការចូលសភាវិញ ឬការនៅក្រៅសភា ប៉ុន្តែវានឹងផ្ដល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការស្ដារ “ភាពប្រក្រតីដែលមានតែសម្បកខាងក្រៅ” ដល់នយោបាយរបស់កម្ពុជា។ ”ក្នុងពេលជាមួយគ្នានេះ ពួកគាត់អាចដើរចេញវិញបានគ្រប់ពេល។ ខ្ញុំពិតជាមិនគិតច្រើនពេកទេចំពោះរឿងនេះ” ហើយគូសបញ្ជាក់ថា រដ្ឋាភិបាលមានក្ដីបារម្ភធំជាងនេះដូចជា បញ្ហាស្រូវអង្ករធ្លាក់ថ្លៃយ៉ាងគំហុក វិស័យកាត់ដេរគ្មានលំនឹង និងការហើមស្រកនៅក្នុងវិស័យអចលនទ្រព្យជាដើម៕ សុខុម (រាយការណ៍បន្ថែមដោយ Michael Dickison)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស