29 C
Phnom Penh

ច្បាប់​​​ប្រឆាំង​​​ភេរវកម្ម​​​របស់​​​អាមេរិក​​​ជួយ​​​ដល់​​​សំណុំ​​​រឿង​​​ប្រឆាំង​​​លោក ហ៊ុន ម៉ាណែត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ហាផ្លូវច្បាប់នៅសហរដ្ឋអាមេរិករបស់លោក ហ៊ុន ម៉ាណែត  នឹងមានសភាពកាន់តែយ៉ាប់យឺុនដោយសារច្បាប់់ថ្មីដែលមានបំណងអនុញ្ញាតឲ្យជនរងគ្រោះនៃអំពើភេរវកម្មនៅទីនោះប្តឹងរដ្ឋាភិបាលបរទេសបាន នេះបើយោងតាមមេធាវីមួយរូបដែលបន្តសំណុំរឿងមួយចំនួនប្រឆាំងឧត្តមសេនីយ៍ឯករូបនេះ ជាការអះអាងដែលត្រូវបានជំទាស់ដោយក្រុមអ្នកច្បាប់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

cam-hun-manet-WEB-ONLYសភាសហរដ្ឋអាមេរិកបានច្រានចោលការវេតូរបស់ប្រធានាធិបតីនៅក្នុងការអនុម័ត”ច្បាប់ប្រឆាំងអ្នកឧបត្ថម្ភសកម្មភាពភេរវកម្ម” កាលពីសប្តាហ៍មុន ដើម្បីអនុញ្ញាតឲ្យជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងសកម្មភាពជាបន្តបន្ទាប់ណាមួយដែលប្រព្រឹត្តនៅលើទឹកដីសហរដ្ឋអាមេរិកប្តឹងរដ្ឋាភិបាលបរទេស និងមន្ត្រីដែលចូលរួមក្នុងសកម្មភាពនេះ។

លោក Morton Sklar មេធាវីតំណាងលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិនៅក្នុងបណ្តឹងដែលដាក់ប្តឹងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេ រិកបានលើកឡើងកាលពីថ្ងៃច័ន្ទថា ច្បាប់នេះក៏នឹងពង្រឹងសំណុំរឿងភេរវកម្មរបស់កូនក្តីលោកដែលដាក់ប្តឹងកូនប្រុសលោកនាយករដ្ឋមន្ត្រីពីបទជាប់ពាក់ព័ន្ធនៅក្នុងការផ្តន្ទាទោស”តាមតែអំពើចិត្ត និងខុសច្បាប់” ឲ្យលោក មាជ សុវណ្ណារ៉ា ជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំពីបទកុបកម្ម ផងដែរ។

មេធាវីរូបនេះបានសរសេរនៅក្នុងអីុម៉េលមួយកាលពីថ្ងៃច័ន្ទថា “ច្បាប់ថ្មីនេះបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលបរទេស និងមន្ត្រីរបស់ពួកគេមិនអាចយកអភ័យឯកសិទ្ធិក្នុងនាមជារដ្ឋអធិបតេយ្យមកការពារបានឡើយ ហើយអាចត្រូវបានឲ្យទទួលខុសត្រូវដោយពលរដ្ឋអាមេរិកដែលជាជនរងគ្រោះនៃអំពើភេរវកម្ម រួមមានការវាយប្រហារដ៏ហិង្សា និងការធ្វើទារុណកម្មដែលកើតនៅសហរដ្ឋអាមេរិក ឬនៅប្រទេសក្រៅ”។

លោក Morton Sklar បានអះអាងថា លក្ខន្តិកៈនេះក៏នឹងអនុវត្តចំពោះសំណុំរឿងណាមួយដែលដាក់ប្តឹងដោយលោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានគេវាយដំយ៉ាងព្រៃផ្សៃនៅខាងក្រៅ រដ្ឋសភាកាលពីឆ្នាំមុនដែរ ហើយបានប្រកាសកាលពីសប្តាហ៍មុនថា លោកក៏នឹងដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្តឹងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិកពីបទជាប់ពាក់ព័ន្ធនៅក្នុងការវាយដំនេះដែរ។

សមាជិក៣នាក់នៃអង្គភាពកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទវាយដំនេះ។ លោក ញ៉យ ចំរើន បានអះអាងថាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គួរតែឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះទង្វើនេះ ដោយសារតែលោកមានតំណែងជាន់ខ្ពស់នៅក្នុងអង្គភាពនេះ។

ប៉ុន្តែ លោក Christopher Beres ទីប្រឹក្សាផ្នែកច្បាប់នៅក្រុមហ៊ុន Sciaroni & Associates ជាក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកច្បាប់និងវិនិយោគ ដែលតំណាងឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងសំណុំរឿងនេះ បានចង្អុលបង្ហាញដល់ពាក្យពេចន៍នៅក្នុងសេចក្តីព្រាងច្បាប់ដែលចែងថា ករណីលើកលែងពាក់ព័ន្ធអភ័យឯកសិទ្ធិក្នុងនាមជារដ្ឋអធិបតេយ្យនេះអនុវត្តបានតែចំពោះ “ការធ្វើឲ្យរបួសរាងកាយដល់បុគ្គល ឬទ្រព្យសម្បត្តិ ឬការស្លាប់ដែលកើតឡើងនៅក្នុងទឹកដីសហរដ្ឋអាេមរិកប៉ុណ្ណោះ”។

លោកបានសរសេរក្នុងអីុម៉េលមួយកាលពីម្សិលមិញថា “ទាំងហេតុការណ៍ពាក់ព័ន្ធនឹងលោក មាជ សុវណ្ណារ៉ា ឬហេតុការណ៍ពាក់ព័ន្ធ នឹងលោក ញ៉យ ចំរើន សុទ្ធតែមិនមែនកើតឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកទេ។ ហេតុ ដូច្នេះច្បាប់នេះមិនអាចអនុវត្តបានឡើយ”។

លោកបានបន្ថែមថា “លើសពីនេះទៅទៀត គេអាចជំទាស់បាន ដូចដែលក្រុមអ្នកជំនាញខាងច្បាប់ជាច្រើន និងសមាជិកសភាមួយចំនួនដែលធ្វើសេចក្តីព្រាងច្បាប់នេះបានធ្វើដែរនោះថា ច្បាប់នេះបានរំលោភគោលការណ៍ច្បាប់នៃអភ័យឯកសិទ្ធិក្នុងនាមជារដ្ឋអធិបតេយ្យដែលជាគោលការណ៍មូលដ្ឋានមានជាយូរមកហើយនៅក្នុងទំនាក់ទំនងអន្តរជាតិ និងច្បាប់អន្តរជាតិ”។

ក្រោយមក លោក Morton Sklar បានអះអាងថា ការគាំទ្ររបស់ច្បាប់នេះចំពោះបទប្បញ្ញត្តិរួមមានពាក្យពេចន៍ដ៏ទូលំទូលាយស្តីពីបណ្តឹងរដ្ឋប្បវេណីប្រឆាំងរដ្ឋាភិបាលបរទេសនោះគាំទ្រការអះអាងរបស់លោក។

លោកបានមានប្រសាសន៍ថា “ច្បាប់ថ្មីនេះផ្អែកលើគោលការណ៍តែមួយដែលឲ្យរដ្ឋាភិបាលបរទេសទទួលខុសត្រូវចំពោះជនរងគ្រោះនៃការធ្វើទារុណកម្ម អំពើហិង្សា និងអំពើភេរវកម្មដែលត្រូវនឹងសំណុំរឿងរបស់យើង”។

លោក Sam Zarifi មេធាវីសហរដ្ឋអាមេរិក ដែលជាប្រធានប្រចាំតំបន់នៃគណៈកម្មាធិការមេធាវីអន្តរជាតិ (International Commission of Jurists) បានលើកឡើងថា ច្បាប់នេះ”មិនជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសំណុំរឿងកម្ពុជាទេ” ប៉ុន្តែប្រហែលជាផ្តល់សញ្ញាថា តុលាការមានការស្តាប់មតិយោបល់ពីអ្នកដទៃច្រើននៅក្នុងការបើកសវនាការជំនុំជម្រះរឿងក្តីក្នុងសំណុំរឿងនេះ។

ដោយលើកឡើងពីបណ្តឹងរដ្ឋប្បវេណីដែលលោក Jason Rezaian បុគ្គលិកនៅកាសែតវ៉ាសីុនតោន ប៉ុស្តិ៍ ប្តឹងរដ្ឋាភិបាលអីុរ៉ង់ កាលពីថ្ងៃច័ន្ទពីបទចាប់លោកដាក់ពន្ធនាគារអស់រយៈពេល៥៤៤ថ្ងៃនៅទីនោះ លោកបានសរសេរនៅក្នុងអីុម៉េលមួយថា “អ្វីដែលច្បាស់លាស់នោះគឺថា សញ្ញាណនៃអភ័យឯកសិទ្ធិក្នុងនាមជារដ្ឋអធិបតេយ្យកំពុងត្រូវបានធ្វើឲ្យចុះខ្សោយដោយច្បាប់សហរដ្ឋអាមេរិក”។

យោងតាមលោក Sam Zarifi សំណុំរឿងប្រឆាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវតែជម្នះឧបសគ្គមួយចំនួន គឺត្រូវបង្ហាញបុព្វហេតុនៃសកម្មភាពដូចជាការធ្វើទារុណកម្ម ឬភេរវកម្ម ត្រូវប្រគល់ពាក្យបណ្តឹងទៅឲ្យចុងចោទដោយផ្ទាល់ ត្រូវបញ្ជាក់ថា តុលាការសហរដ្ឋអាមេរិកមានយុត្តាធិការលើការចោទប្រកាន់ពីបទភេរវកម្មបរទេសនិងបង្ខាំងមនុស្ស និងត្រូវជម្នះការមិនចូលចិត្តជាយូរមកហើយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការកាត់ទោសរដ្ឋាភិបាលបរទេស។

លោក Sam Zarifi បានលើកឡើងទៀតថា បញ្ហាផ្លូវច្បាប់ដ៏ធំបំផុតនៅសហរដ្ឋអាមេរិករបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រហែលជាសំណុំរឿងព្រហ្មទណ្ឌដែលកើតឡើងកាលពីខែមេសា ពេលលោក Paul Hayes អ្នកសើុបអង្កេតឯកជនបានព្យាយាមយកដីកាកោះក្នុងសំណុំរឿងលោក មាជ សុវណ្ណារ៉ា ទៅឲ្យឧត្តមសេនីយ៍ឯករូបនេះអំឡុងពេលលោកទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

លោក Paul Hayes បានអះអាងថា អង្គរក្សរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយដំលោកពេលលោកចូលទៅក្បែរចៅហ្វាយរបស់ពួកគេដោយបណ្តាលឲ្យលោកមានរបួសធ្ងន់។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងថា លោក Paul Hayes បានរអិលជើងដួលហើយបានបដិសេធថា មិនដែលទទួលបានដីកាកោះនោះឡើយ។

ពេលទាក់ទងកាលពីម្សិលមិញ លោក Paul Hayes បានលើកឡើងក្នុងអីុម៉េលមួយថា លោកកំពុងជាសះស្បើយក្នុងការវះកាត់ឆ្អឹងកងកជាបណ្តើរៗហើយ ហើយថា នគរបាលទីក្រុងឡុងប៊ិចបានសរសេរអីុម៉េលមកលោកកាលពីខែសីហា “ដោយជម្រាបខ្ញុំថា ពួកគេបដិសេធមិនបញ្ចេញវីដេអូណាមួយ ឬព័ត៌មានបន្ថែមនោះឡើយ ដោយសារសំណុំរឿងនេះនៅមិនទាន់ដោះស្រាយចប់រួចរាល់”។

មេធាវីរបស់លោកបានសំដែងក្តីសង្ឃឹមដោយលើកឡើងថា ដំណើរការរកភ័ស្តុតាងក្នុងសំណុំរឿងនេះបានរកឃើញ “វីដេអូយ៉ាងច្បាស់មួយដែលបង្ហាញពីការវាយដំ និងអត្តសញ្ញាណជនដៃដល់យ៉ាងច្បាស់”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស