យោងតាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះ ជាតិម្នាក់បានឱ្យដឹងថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលបានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្សតាំងពីខែឧសភាមកដើម្បីគេចពីការចាប់ខ្លួននោះ គ្រោងចាកចេញពីទីស្នាក់ការកណ្តាលគណបក្សទៅចុះឈ្មោះបោះឆ្នោត។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្ររបស់គណបក្សនេះបានមានប្រសាសន៍ថា “វាជាការពិត។ លោកនឹងទៅចុះឈ្មោះបោះឆ្នោត”។ លោកបានបន្ថែមថា លោក កឹម សុខា នឹងបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ ជាជាងនៅក្នុងខេត្តកំពង់ចាម ខេត្តដែលលោកតំណាងឱ្យក្នុងសភា និងជាកន្លែងដែលលោកបានបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោកបានមានប្រសាសន៍ថា “លោកនឹងទៅចុះឈ្មោះបោះឆ្នោតក្នុងរាជធានីភ្នំពេញ ដោយសារលំនៅដ្ឋានរបស់លោកនៅក្នុងរាជធានីភ្នំពេញ”។
លោកបានប្រកាសកាលពីសប្តាហ៍មុនថា លោកនឹងចាកចេញពីទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅពេលណាមួយនៅសប្តាហ៍នេះដើម្បីទៅចុះឈ្មោះបោះឆ្នោត បើទោះជាលោកត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំខែកាលពីខែមុនចំពោះការខកខានមិនបានចូលខ្លួនសម្រាប់ការសាកសួរជុំវិញរឿងក្តីសញ្ចរកម្មដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយក៏ដោយ។
អាជ្ញាធរបានលើកឡើងថា ពួកគេនឹងមិនប៉ុនប៉ងចាប់ខ្លួនលោកទេ លុះណាតែដំណើរការប្តឹងទាស់ត្រូវបានបញ្ចប់។
លោក អេង ឆៃអ៊ាង បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សនឹងសម្រេចនៅព្រឹកនេះថា តើលោក កឹម សុខា នឹងបោះឆ្នោតនៅក្នុងខណ្ឌមានជ័យ កន្លែងដែលទីស្នាក់ការបក្សស្ថិតនៅទីនោះ ឬនៅក្នុងខណ្ឌទួលគោកដែលលំនៅដ្ឋានរបស់លោកស្ថិតនៅទីនោះឬយ៉ាងណានោះឡើយ។ លោក កឹម សុខា នឹងត្រឡប់ទៅទីស្នាក់ការកណ្តាលគណបក្សវិញបន្ទាប់ពីការចុះឈ្មោះរួច៕ សារុន