34 C
Phnom Penh

លោក កឹម សុខា​ ចេញពី​ទីស្នាក់ការ​កណ្តាលគណបក្ស​​លើក​ដំបូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញជាលើកដំបូងក្នុងរយៈពេលជាង៤ខែកន្លងមកនេះកាលពីម្សិលមិញ ដើម្បីទៅចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនេះ ដោយប្រើប្រាស់ឱកាសនេះអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះអរិភាពនយោបាយដែលកំពុងតែបន្តកើតមាននេះ។

លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក ដែលនៅពេលនោះនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកបន្ទាប់ពីលោកខកខានមិនបានបង្ហាញខ្លួននៅតុលាការសម្រាប់ការសាកសួរជុំវិញរឿងក្ដី “សញ្ចរកម្ម” ពាក់ព័ន្ធស្ត្រីម្នាក់ដែលគេអះអាងថា  ជាស្រីកំណាន់របស់លោក ដែលមជ្ឈដ្ឋានទូទៅជឿថាជាការវាយប្រហារតាមផ្លូវតុលាការ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/Cambodia Daily
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/Cambodia Daily

លោកត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីខែមុន ដោយសារលោកបដិសេធមិនចូលខ្លួនសម្រាប់ការសាកសួរ ប៉ុន្តែលោកនៅមានសេរីភាពនៅឡើយ ដោយរង់ចាំដំណើរការប្ដឹងទាស់ដែលមេធាវីរបស់លោកបានចាប់ផ្ដើមជាផ្លូវការកាលពីម្សិលមិញ។

ដោយធ្វើដំណើរចាកចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិមុនម៉ោង១០ព្រឹកបន្តិច លោក កឹម សុខា មានប្រសាសន៍យ៉ាងខ្លីដោយពន្យល់ពីផែនការរបស់លោកក្នុងការទៅចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧។

លោក កឹម សុខា បានថ្លែងទៅកាន់អ្នកយកព័ត៌មាននិងអ្នកគាំទ្រគណបក្សប្រឆាំងប្រហែល១០០នាក់ថា “វាជាសិទ្ធិរបស់ខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរមួយរូប។ ខ្ញុំមានកាតព្វកិច្ចចូលរួមការបោះឆ្នោតដើម្បីសម្រេចជោគវាសនា និងអនាគតប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររបស់យើង”។

បន្ទាប់មក លោកបានធ្វើដំណើរកាត់ក្រុមអ្នកសារព័ត៌មាន ហើយបានចូលទៅក្នុងរថយន្តមួយគ្រឿងដែលរង់ចាំជាស្រេចមុនពេលធ្វើដំណើរតាមផ្លូវជាតិលេខ២ឆ្ពោះទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោតដែលនៅជិតទីស្នាក់ការកណ្ដាលគណបក្ស ជាបន្ទប់ដែលបានខ្ចីពីវិហារសាសនាគ្រិស្តមួយស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ដោយធ្វើដំណើរមកដល់ប្រហែល១០នាទីក្រោយមក លោក កឹម សុខា ត្រូវបានគេជួយចម្លងកាត់តាមផ្លូវក្រាលបន្ទះក្ដារបណ្តោះអាសន្នឆ្ពោះទៅកាន់អគារ ដោយសារបរិវេណនេះរងការជន់លិចយ៉ាងខ្លាំង  ហើយលោកបានដើរចូលទៅក្នុងបន្ទប់ចុះឈ្មោះបោះឆ្នោតដែលមានមនុស្សយ៉ាងច្រើន។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/Cambodia Daily
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Hannah Hawkins/Cambodia Daily

បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតបានថតរូប ស្គែនម្រាមដៃ និងវាយបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកទៅក្នុងប្រព័ន្ធបោះឆ្នោតថ្មីតាមបែបអេឡិចត្រូនិករួចមក លោក កឹម សុខា បានដើរចេញមកវិញដោយកាន់ចុងសន្លឹកចុះឈ្មោះ ហើយធ្វើដំណើរមកកាន់ទីស្នាក់ការកណ្ដាលគណបក្សវិញ ដែលនៅទីនោះលោកបានមានប្រសាសន៍ជាលើកទី២នៅថ្ងៃនោះ។

លោកបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិចង់ឱ្យបរិយាកាសនយោបាយត្រឡប់ទៅរកសភាពធម្មតាវិញ សម្រាប់បរិយាកាសនយោបាយស្មើភាពចំពោះមនុស្សគ្រប់រូប និងចង់ឱ្យមានការបោះឆ្នោតដែលបង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋ”។

លោកបានមានប្រសាសន៍បន្ថែមថា “យើងតែងតែចង់ស្វែងរកដំណោះស្រាយចំពោះបញ្ហានយោបាយ។យើងមិនចង់ឱ្យមានអំពើហិង្សាទេ  យើងពិតជាចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី”។

បន្ទាប់ពីលោក កឹម សុខា ត្រូវបានកាត់ឱ្យជាប់ទោសកាលពីថ្ងៃទី៩ ខែកញ្ញាមក គណបក្សសង្គ្រោះជាតិគំរាមធ្វើមហាបាតុកម្មជាការឆ្លើយតប។ ប៉ុន្តែដោយមានការដាក់ពង្រាយកម្លាំងយោធានៅជុំវិញទីស្នាក់ការកណ្ដាលបក្ស ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា “កម្ចាត់” នរណាដែលហ៊ានធ្វើបាតុកម្មតាមដងផ្លូវមក គណបក្សប្រឆាំងកាលពីពេលថ្មីៗនេះបានជ្រើសរើសជំហរបែបផ្សះផ្សាវិញ។

បន្ទាប់ពីកិច្ចប្រជុំរវាងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិស្ដីពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃអង្គារ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកសង្ឃឹមថា គណបក្សនឹងបញ្ចប់ការធ្វើពហិការមិនចូលប្រជុំសភារបស់ខ្លួន ហើយចូលរួមសម័យប្រជុំពេញអង្គនៅថ្ងៃសុក្រនេះ។

cam-photo-front-1កាលពីម្សិលមិញផងដែរ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា  មិនទាន់មានការសម្រេចថាតើគណបក្សសង្គ្រោះជាតិនឹងបញ្ចប់ពហិការរបស់ខ្លួនឬយ៉ាងណានៅឡើយទេ ដោយលោកបន្ថែមថា ”ស្ថានការណ៍អាចបង្ហាញកាន់តែច្បាស់” នៅមុនដំណាច់សប្ដាហ៍នេះ។

លោក សម សុគង់ មេធាវីតំណាងលោក កឹម សុខា បានមានប្រសាសន៍ថា ការប្ដឹងទាស់ប្រឆាំងនឹងសេចក្ដីសម្រេចផ្ដន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល៥ខែដោយសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោសលោក កឹម សុខា បើទោះជាលោកមានអភ័យឯកសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញក្នុងនាមជាតំណាងរាស្ត្រនោះ  ត្រូវបានប្ដឹងកាលពីព្រឹកម្សិលមិញ។

លោក សម សុគង់ បានថ្លែងថា “យើងគិតថា សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីមិនយុត្តិធម៌ទេ ដូច្នេះហើយយើងចង់ឱ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌វិញម្តង។ លោកបានបន្ថែមថា “បើយើងមិនប្ដឹងទាស់ទេ សាលក្រមនឹងចូលជាធរមាន  ដូច្នេះនគរបាលនឹងចាប់លោកដាក់ពន្ធនាគារមិនខាន”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស