អ្នកនាំពាក្យនគរបាលបាននិយាយកាលពីម្សិលមិញថា កម្លាំងចម្រុះនៃមន្ត្រីយោធានិងសន្តិសុខ៧.០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីការពារលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅពេលលោកមកទស្សនកិច្ចប្រទេសកម្ពុជានៅចុងខែនេះ ជាទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីពេលចូលកាន់អំណាច។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា ការរៀបចំសន្តិសុខនេះនឹងធំជាងការរៀបចំកម្លាំងសម្រាប់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងមេដឹកនាំពិភពលោកផ្សេងទៀត ក្នុងអំឡុងទស្សនកិច្ចនៅឆ្នាំ២០១២ សម្រាប់ជំនួបកំពូលអាស៊ានក្នុងក្រុងភ្នំពេញទៅទៀត។
លោកបានមានប្រសាសន៍ថា “យើងបានរៀបចំផែនការមួយផ្សេង ពីព្រោះលើកនេះ កងយោធពលខេមរភូមិន្ទបង្កើនការចូលរួមរបស់ពួកគេ”។
លោកឧត្តមសេនីយ៍ ច័ន្ទថារិទ្ធ មិនរៀបរាប់ប្រាប់ច្រើនអំពីមូលហេតុដាក់សន្តិសុខច្រើនបែបនេះ ដែលរួមមានមន្ត្រីមកពីនគរបាល រាជអាវុធហត្ថ អង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីយោធាផ្សេងទៀតនោះទេ។
លោកបានមានប្រសាសន៍ថា ” វាផ្អែកលើផែនការរៀបចំ”។ លោកបាននិយាយបន្ថែមថា មន្ត្រី៦.000នាក់ត្រូវបានដាក់ពង្រាយសម្រាប់ជំនួបកំពូលអាស៊ានកាលពីពេលបួនឆ្នាំមុន។
លោក ស៊ី បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ក្នុងឋានៈជាអនុប្រធានាធិបតី ជាជំនួបដ៏ចម្រូងចម្រាសដែលបន្ទាប់នោះភ្លាមៗប្រទេសកម្ពុជានិរទេសជនជាតិដើមភាគតិច វីហ្គួ (Uighur) មូស្លីម ដែលស្វែងរកសិទ្ធិជ្រកកោនចំនួន២០នាក់ទៅប្រទេសចិន ក្នុងពេលមានការថ្កោលទោសជាទូទៅពីអន្តរជាតិ។
នៅអំឡុងពេលទស្សនកិច្ចនោះ លោក ស៊ី បានសន្យាផ្តល់ប្រាក់មួយពាន់លានដុល្លារក្នុងការវិនិយោគនៅកម្ពុជា ផ្តល់ប្រាក់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលមានទាំងកំពង់ផែមួយតម្លៃ៤០០លានដុល្លារតាមទន្លេមេគង្គ ក្នុងខេត្តកណ្តាល ដែលបានហើយរួចរាល់នៅឆ្នាំ២០១៣ ដើម្បីទទួលចរាចរទំនិញដ៏ច្រើនសម្រាប់ការដឹកបញ្ជូនទៅក្រុងភ្នំពេញ។
លោកឧត្តមសេនីយ៍ ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់លោក ស៊ី នឹងពង្រឹងទំនាក់ទំនងរឹងមាំថែមទៀតរវាងប្រទេសទាំងពីរ ប៉ុន្តែមិនបានប្រាប់កាលបរិច្ឆេទជាក់លាក់នៃការធ្វើទស្សនកិច្ច ឬនិយាយថាតើប្រធានាធិបតីចិនរូបនេះអាចនឹងទស្សនកិច្ចហួសពីក្រុងភ្នំពេញឬយ៉ាងណាទេ។
តែនៅក្នុងឆ្នាំនេះប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ប្រាក់យ៉ាងហោចណាស់៦០០លានដុល្លារជាជំនួយដល់ប្រទេសកម្ពុជា ដោយក្លាយជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតតែមួយគត់។
ក្រុមអ្នកវិភាគនិយាយថា ជាថ្នូរ ប្រទេសកម្ពុជារឹតតែធ្វើតាមការបង្គាប់របស់ចិនក្នុងវេទិកាអន្តរជាតិ ដោយរារាំងម្តងហើយម្តងទៀតលើសេចក្តីថ្លែងការណ៍រួមអាស៊ានប្រឆាំងនឹងការទាមទារទឹកដីរបស់ក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង។ ពីរលើកក្នុងឆ្នាំនេះ ប្រទេសកម្ពុជាក៏បានយកចិត្តទុកដាក់នឹងសំណើរបស់ប្រទេសចិន ឲ្យនិរទេសជនសង្ស័យឧក្រិដ្ឋកម្មតៃវ៉ាន់ទៅប្រទេសចិន ជាជាងការធ្វើមាតុភូមិនិវត្តពួកគេ បើទោះជាមានការតវ៉ាពីក្រុងតៃប៉ិក៏ដោយ។
កាលពីសប្តាហ៍មុន ប្រទេសចិនក៏បានជួយប្រទេសកម្ពុជា ខណៈដែលកម្ពុជាបានរងការរិះគន់នៅសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទាក់ទិននឹងការរំលោភបំពានសិទ្ធិ និងការបង្ក្រាបលើអ្នកប្រឆាំង។ លោក វ៉ាង យ៉ីង តំណាងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានជំរុញប្រទេសក្រៅទុកឲ្យប្រទេសកម្ពុជាស្វែងរក “គំរូនិងផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សមួយសមស្រប”។
គណបក្សកុម្មុយនិស្តរបស់ប្រទេសចិនបានសន្យាជួយធ្វើឲ្យតុលាការរបស់កម្ពុជា ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាពុករលួយនិងគ្មានប្រសិទ្ធភាពនោះ បានប្រសើរឡើង និងបានផ្តល់ប្រាក់ដើម្បីជួយកំណែទម្រង់ការបោះឆ្នោត។
ស្ថានទូតចិនមិនបានឆ្លើយតបទៅនឹងសំណើសំុការអត្ថាធិប្បាយទេកាលពីម្សិលមិញ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក៏មិនអាចទាក់ទងបានដែរ។
ទស្សនកិច្ចនេះត្រូវបានប្រកាសឲ្យដឹងដំបូងដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅដើមខែនេះ ក្នុងការបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ដោយនិយាយថា វានឹងធ្វើឡើងនៅពេលណាមួយក្នុងខែតុលា៕និត