អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានរឹបអូសឈើជាង១.០០០ដុំនៅលើដីចម្ការអំពៅមួយកន្លែងដែលកាន់កាប់ដោយជនជាតិចិន ដោយកត់សម្គាល់ឱ្យឃើញជាលើកទី៣ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានរកឃើញមានឈើខុសច្បាប់កាលពីឆ្នាំកន្លងមក។
ក្រុមមន្ត្រីមូលដ្ឋានមិនបានធ្វើការពន្យល់ពីមូលហេតុដែលរោងអារឈើនៅនឹងកន្លែងរបស់ក្រុមហ៊ុនចម្ការអំពៅនេះនៅប្រតិបត្តិនៅឡើយ បន្ទាប់ពីការរឹបអូសកាលពីលើកមុនៗឡើយ។
លោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់បានមានប្រសាសន៍ថា អាជ្ញាធរបានឆ្មក់ចូលចម្ការអំពៅនេះដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅពេលព្រឹក ហើយបានរកឃើញឈើប្រភេទលេខ១ចំនួន១.០៣៩ដុំ ដែលមួយដុំៗមានប្រវែងពី៣ម៉ែត្រទៅ៤ម៉ែត្រ។
លោកបានមានប្រសាសន៍ថា “យើងបានចំណាយពេលពីរសប្ដាហ៍ស៊ើបអង្កេតរឿងនេះ ហើយយើងបានឃើញរថយន្តធុនធំជាច្រើនគ្រឿងដឹកឈើនេះទៅកាន់ក្រុមហ៊ុន Yellow Great Field នៅព្រឹកនេះ ហើយយើងបានរកឃើញឈើមួយគំនរធំនៅក្នុងក្រុមហ៊ុននេះ”។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រុមហ៊ុន Yellow Field និងចម្ការអំពៅ Great Field នៅទល់មុខគ្នាស្ថិតក្នុងស្រុកឱរ៉ាល់ ប៉ុន្តែមិនមែនមានក្រុមហ៊ុន Yellow Great Field តែមួយនោះទេ។
លោក ប៊ុន វិចិត្រ បានមានប្រសាសន៍ថា មិនមាននរណាម្នាក់ត្រូវបានចាប់ខ្លួនទេ ប៉ុន្តែរោងអារឈើនេះត្រូវបានបិទ ហើយរណារយន្ត២០គ្រឿងត្រូវបានរឹបអូស។
លោកបានថ្លែងថា “ក្រុមហ៊ុន Yellow Great Field ត្រូវទទួលខុសត្រូវចំពោះឈើនេះ ពីព្រោះឈើនេះត្រូវបានរកឃើញនៅលើដីរបស់ក្រុមហ៊ុន។ យើងនឹងកោះហៅតំណាងក្រុមហ៊ុនទៅសាកសួរអំពីឈើនេះ។ បើយើងរកឃើញថា ក្រុមហ៊ុនពិតជាជាប់ពាក់ព័ន្ធមែននោះ យើងនឹងដាក់ពាក្យបណ្ដឹង ហើយបញ្ជូនសំណុំរឿងនោះទៅតុលាការ”។
លោក ចេង ខូវ អ្នកបកប្រែភាសាឱ្យក្រុមហ៊ុនចម្ការអំពៅនោះបានអះអាងថា ឈើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងដែលលោកប្រាប់ថា ឈ្មោះ PSKV។
លោកបានថ្លែងថា ក្រុមហ៊ុនចម្ការអំពៅមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PSKV ដោយអនុញ្ញាតឱ្យក្រុមហ៊ុននេះប្រើប្រាស់រោងអារឈើដើម្បីកែច្នៃឈើទៅជាគ្រឿងសង្ហារិម។ លោកនិយាយថា មានតែចៅហ្វាយរបស់លោកតែម្នាក់គត់ ដែលគាត់បានធ្វើដំណើរទៅក្រៅប្រទេស អាចផ្ដល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះបាន ប៉ុន្តែលោកបានបដិសេធមិនទទួលខុសត្រូវលើផ្នែករបស់ចម្ការអំពៅឡើយ។
លោកបានថ្លែងថា “ក្រុមហ៊ុន Yellow Great Field មិនទទួលខុសត្រូវចំពោះឈើនេះទេ ពីព្រោះយើងបានចុះកិច្ចសន្យាផ្ដល់សិទ្ធិដល់ក្រុមហ៊ុន PSKV គ្រប់គ្រងរោងអារឈើនេះដើម្បីកែច្នៃឈើ”។
លោក ចេង ខូវ បានប្រាប់អត្តសញ្ញាណអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន PSKVថាឈ្មោះ ម៉េង គ្រី។ លោក ម៉េង គ្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ យោងតាមអាជ្ញាធរបានឱ្យដឹងថា ក្រុមហ៊ុនចម្ការអំពៅនេះបានប្រព្រឹត្តល្មើសម្ដងហើយម្ដងទៀត។
មន្ត្រីមន្ទីរបរិស្ថានខេត្តរឹបអូសឈើខុសច្បាប់បានប្រហែល១០ម៉ែត្រគូបនៅលើដីរបស់ក្រុមហ៊ុន Yellow Fieldកាលពីខែមិថុនា។ នគរបាលស្រុកចាប់ការលាងឈើរបស់ក្រុមហ៊ុនចម្ការអំពៅនេះបានប្រហែល១.០០០ដុំតាមរយៈរោងអារឈើរបស់ខ្លួនក្នុងឆ្នាំ២០១៥។
លោក ប៊ុន វិចិត្រ បានមានប្រសាសន៍ថា លោកមិនដឹងអំពីការប្រព្រឹត្តល្មើសកន្លងមករបស់ក្រុមហ៊ុននេះទេ ដោយសារលោកទើបមកកាន់ការងារថ្មី។
លោក យ៉ុន យុវរិទ្ធ ដែលគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើដែលមើលខុសត្រូវតំបន់នេះបានបង្វែរសំណួរទៅនាយសង្កាត់រដ្ឋបាលព្រៃឈើក្នុងស្រុកឱរ៉ាល់ គឺលោក តាំង ចាន់សេម៉ាន់ ដែលគេមិនអាចទាក់ទងបាន។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តដែលទទួលខុសត្រូវដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានដាក់ទូរស័ព្ទចុះពេលអ្នកយកព័ត៌មានទាក់ទងមក៕ សារុន