មួយថ្ងៃបន្ទាប់ពីលោក ទូ ធានទឺ អតីតមន្ត្រីអបយសខេត្តបន្ទាយមានជ័យ បានចោទថ្នាក់លើរបស់លោកពីបទពុករលួយ ពាក់ព័ន្ធនឹងក្រុមហ៊ុនជីវឥន្ធនៈមួយដែលមិនដំណើរការ មេឃុំម្នាក់បានចង្អុលបកមកគាត់វិញ ដោយបានចោទលោក ធានទឺ ថាបានបង្កើតផែនទីក្លែងឲ្យក្រុមហ៊ុន។
ផែនទីផ្លូវការដែលអនុញ្ញាតឲ្យមានប្លង់ចម្ការល្ហុងខ្វងដ៏ធំដើម្បីផលិតជីវឥន្ធនៈ គឺជាដើមហេតុសំខាន់នៃរឿងក្តីចោទក្រុមហ៊ុន International Green Energy ជាក្រុមហ៊ុនគ្រប់គ្រងដោយពាណិជ្ជករអង់គ្លេស លោក ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) ដែលជាប់ពន្ធនាគារជាមួយសហចុងចោទបួននាក់អស់រយៈពេលជាងបីឆ្នាំមកហើយ។
ព្រះរាជអាជ្ញានិយាយថា ផែនទីទាំងនោះត្រូវបានក្លែងដោយចេតនា ដើម្បីឲ្យក្រុមហ៊ុននេះអាចបន្តផែនការរានដី ហើយចៅក្រមបានកោះហៅសាក្សីជាច្រើននាក់ឲ្យចូលខ្លួនបំភ្លឺក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការព្យាយាមដើម្បីឲ្យយល់ដឹង ថាតើក្រុមមន្ត្រីរដ្ឋាភិបាលបានដឹងអំពីការឆបោកដែលគេចោទនេះ ឬពួកគេបានពាក់ព័ន្ធរបៀបណានោះ។
ហត្ថលេខារបស់លោក កុក ហួន ដែលកាន់តំណែងមេឃុំស្លក្រាមតាំងពីឆ្នាំ២០០៨មក នៅក្នុងចំណោមអ្នកដែលមានឈ្មោះលើផែនទីនៃសម្បទានដីសេដ្ឋកិច្ច៥.០៧៩ហិកតា ដែលក្រុមហ៊ុននេះអះអាងថាបានទិញហើយ ប៉ុន្តែលោកបានបដិសេធភាពពិតប្រាកដរបស់ឯកសារនោះ នៅពេលសាកសួរកាលពីថ្ងៃពុធ។
លោក ហួន បាននិយាយអំពីអតីតអភិបាលរងខេត្តបន្ទាយមានជ័យ ដែលតាំងពីពេលនោះមកត្រូវបានកាត់ឲ្យជាប់ទោសក្នុងរឿងក្តីឆបោកមួយដោយឡែកថា “ខ្ញុំសន្និដ្ឋានថា ទូ ធានទឺ បានបង្កើតផែនទីក្លែងក្លាយ ពីព្រោះខ្ញុំមិនដែលបានចុះហត្ថលេខា ឬបោះត្រាវាទេ”។
នៅពេលសួរអំពីភ័ស្តុតាងអ្វីដែលលោកមានដើម្បីគាំទ្រការអះអាងរបស់លោកនោះ លោក ហួន បាននិយាយថា វាគ្រាន់តែជាជំនឿរបស់លោក បន្ទាប់ពីការទៅមើលដីនោះជាមួយលោក ធានទឺ។
ចូលខ្លួនជាសាក្សីម្នាក់ដែរនៅថ្ងៃពុធនោះ លោក មាស សត្រាវុធ ប្រធានការិយាល័យភូមិបាលស្រុកស្វាយចេក បានប្រាប់តុលាការថា លោកបានអនុញ្ញាតឲ្យចេញផែនទីនៃប្លង់ដី៩៩២ហិកតា ដែលក្រុមហ៊ុនរបស់លោក ហ្វ្រីយ៉េត មានផែនការឈូសឆាយ ប៉ុន្តែបានបដិសេធថាមិនបានចុះហត្ថលេខាលើផែនទីនៃសម្បទានដីដែលនៅជាប់នោះទេ ទោះជាឈ្មោះរបស់លោកក៏មានជាប់នៅលើផែនទីនោះដែរក៏ដោយ។
លោកបាននិយាយថា “ចំពោះដី១.០០០ហិកតានោះ វាហួសពីសមត្ថកិច្ចរបស់ខ្ញុំ” ហើយមានតែសាលាខេត្ត ឬមន្ទីរគ្រប់គ្រងដីធ្លីប៉ុណ្ណោះ អាចចុះហត្ថលេខាវាបាន។
សវនាការនឹងបន្តនៅថ្ងៃទី១៨ខែតុលាខាងមុខនេះ៕ និត