38.1 C
Phnom Penh

ធនាគារអេឌីប៊ីផ្តល់ប្រាក់កម្ចីថ្មី១ពាន់លានដុល្លារឱ្យកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាលបានប្រកាសកាលពីម្សិលមិញថា ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាផ្តល់ប្រាក់កម្ចីថ្មីជាងមួយពាន់លានដុល្លារឲ្យកម្ពុជាសម្រាប់រយៈពេលបីឆ្នាំទៀត ដើម្បីជួយប្រទេសនេះវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ អប់រំនិងវិស័យអាទិភាពផ្សេងៗទៀត។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រកាសពីកញ្ចប់កម្ចី១,០៩ពាន់លានដុល្លារដល់កម្ពុជារហូតដល់ឆ្នាំ២០១៩នៅឯពិធីខួបលើកទី៥០ឆ្នាំរបស់ធនាគារនៅក្នុងក្រុងភ្នំពេញ។ ប្រាក់កម្ចីនេះបន្ថែមលើ២,៦៥ពាន់លានដុល្លារ ដែលធនាគារបានឱ្យកម្ពុជាខ្ចីចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក។

រដ្ឋមន្ត្រីបាននិយាយថា គម្រោងជាក់លាក់ដែលកម្ចីថ្មីនឹងផ្តល់ប្រាក់មិនទាន់សម្រេចនៅឡើយទេ។ លោកបាននិយាយថា “នៅពេលដែលគម្រោងនិងកម្មវិធីត្រូវរៀបចំ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងនិងកម្មវិធីជាក់លាក់មួយឆ្នាំៗ។ ដូច្នេះ យើងចាំបាច់ត្រូវធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយថែមទៀត ហើយចំនួនប្រាក់កម្ចីជាក់លាក់នឹងផ្អែកលើគម្រោងនិងកម្មវិធីនីមួយៗ”។

លោក ព័ន្ធមុនីរ័ត្ន បាននិយាយបន្ថែមថា “យើងនឹងបន្តផ្តោតលើវិស័យសំខាន់ៗដែលគាំទ្រសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រកំណើន ពីព្រោះវាជាគ្រឹះសម្រាប់ឧស្សាហកម្ម កសិកម្ម អប់រំនិងវិស័យច្រើនផ្សេងទៀត”។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានសង្កត់ធ្ងន់ថា ត្រូវប្រើថវិកាថ្មីលើសាលារៀន។

លោក ជួនណារ៉ុន បាននិយាយាថា “ថវិកាធនាគារអេឌីប៊ីនឹងផ្តោតលើការអប់រំថ្នាក់វិទ្យាល័យ ដើម្បីឆ្លើយតបនឹងតម្រូវការជំនាញដែលយុវជនយើងត្រូវការ។ បើយើងនាំចេញសម្លៀកបំពាក់ ចំណេះដឹងថ្នាក់បឋមសិក្សា គឺគ្រប់គ្រាន់ ដើម្បីធ្វើជាកម្មកររោងចក្រ។ ប៉ុន្តែបើយើងនាំចេញគ្រឿងអេឡិចត្រូនិក កម្មករត្រូវការយ៉ាងហោចណាស់គុណភាពការអប់រំថ្នាក់មធ្យមសិក្សា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបាននិយាយពីការប្រើថវិកាខ្លះសម្រាប់ថែទាំនិងធ្វើឱ្យផ្លូវថ្នល់ក្នុងប្រទេសប្រសើរឡើង។

មន្ត្រីនៅក្នុងកិច្ចប្រជុំមិនបាននិយាយថាតើប្រាក់ចំនួនប៉ុន្មាននឹងប្រើប្រាស់ ដើម្បីបញ្ចប់គម្រោងស្តារផ្លូវដែកដ៏ធំ ដែលបានចំណាយទឹកប្រាក់១៤៣លានដុល្លារ ដែលបានគ្រោងប្រើថវិកាពីដើមសម្រាប់ការងារនោះ ដែលភាគច្រើនជាថវិការបស់ធនាគារ មុននឹងគម្រោងនេះត្រូវបញ្ចប់។ ក្រោយពីធនាគារបាននិយាយកាលពីឆ្នាំមុនថា ខ្លួនមិនមានថវិកាទៀតទេនោះ រដ្ឋាភិបាលក៏បាននិយាយថា ខ្លួនបានលៃលកថវិកាប្រហែល៣០លានដុល្លារដើម្បីបញ្ចប់ការងារនោះ៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស