33 C
Phnom Penh

​​​ក្រុម​​​ព្រះសង្ឃ​​​​​​​​​ដែល​​​រឹង​ទទឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កុដិ​​​​វត្ត​​​ឧណ្ណាលោម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំងនគរបាល និងកងរាជអាវុធហត្ថបានគំរាមបង្ក្រាបទង្វើរឹងទទឹងដោយចំហរបស់ក្រុមព្រះសង្ឃក្មេងៗដែលគង់នៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការតវ៉ារយៈពេលជាច្រើនខែប្រឆាំងការវាយកម្ទេចកុដិដែលព្រះសង្ឃគង់នៅដើម្បីយកកន្លែងកសាងសាលាធម្មសភា (សាលាឆាន់) មួយដែលចំណាយទឹកប្រាក់អស់៤លានដុល្លារ។

ព្រះសង្ឃរួមជាមួយក្រុមនិស្សិតក្រីក្រដែលគង់ និងស្នាក់នៅក្នុងកុដិជាមួយគ្នា បានប្រមូលស្នាមមេដៃ ដាក់ញត្តិទៅសាលារាជធានីភ្នំពេញ និងបានតវ៉ាពីរឿងនេះដល់សម្តេចសង្ឃ ទេព វង្ស ដែលគង់នៅក្នុងវត្តនេះ។

ប៉ុន្តែកាលពីម្សិលមិញ ព្រះសង្ឃ និងក្រុមនិស្សិតបានរៀបចំរបស់របរដាក់ក្នុងបាវ លើកពូកដាក់លើរថយន្ត និងដោះម៉ាស៊ីនត្រជាក់ដែលបំពាក់នៅកុដិទាំងប្រាំចេញ បន្ទាប់ពីចុងក្រោយបោះបង់ការតវ៉ាប្រឆាំងនឹងការគំរាមប្រើកម្លាំងបាយបណ្តេញចេញពីសំណាក់នគរបាលបង្ក្រាបកុបកម្ម និងកងរាជអាវុធហត្ថ។

ព្រះសង្ឃមួយអង្គឈរខាងមុខបន្ទប់កាលពីម្សិលមិញ ខណៈព្រះអង្គត្រៀមរើចេញពីកុដិមួយក្នុងចំណោមកុដិ៥ដែលនឹងត្រូវកម្ទេចចោលសម្រាប់សាងសង់សាលាឆាន់ថ្មីនៅវត្តឧណ្ណាលោមក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ Brian Leli / The Cambodia Daily
ព្រះសង្ឃមួយអង្គឈរខាងមុខបន្ទប់កាលពីម្សិលមិញ ខណៈព្រះអង្គត្រៀមរើចេញពីកុដិមួយក្នុងចំណោមកុដិ៥ដែលនឹងត្រូវកម្ទេចចោលសម្រាប់សាងសង់សាលាឆាន់ថ្មីនៅវត្តឧណ្ណាលោមក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ Brian Leli / The Cambodia Daily

ព្រះតេជគុណ វ៉ា សារ៉ាត់ ព្រះជន្ម២៨វស្សាដែលជាមេកុដិមួយក្នុងចំណោមកុដិទាំងប្រាំ បានបង្ហាញលិខិតមួយចុះកាលបរិច្ឆេទថ្ងៃច័ន្ទដែលមន្ត្រីសង្ឃគង់នៅវត្តនេះផ្ញើជូនអាជ្ញាធរខណ្ឌ ដើម្បីស្នើសុំកងកម្លាំងនគរបាល១០នាក់ កងរាជអាវុធហត្ថ១០នាក់ ព្រមទាំងប្រជាការពារ១០នាក់ និងមធ្យោបាយដឹកជញ្ជូនចំនួនពីរគ្រឿង។”នេះជាមូលហេតុដែលពួកអាត្មាបណ្តោយឱ្យពួកគេវាយកម្ទេចកុដិទាំងនេះ។ ពួកអាត្មាខ្លាច”។

ព្រះអង្គមានសង្ឃដីកាទៀតថា ការគំរាមនេះធ្វើឡើងអំឡុងការប្រជុំមួយកាលពីថ្ងៃអង្គារ ដោយបង្ខំឱ្យមេកុដិទាំងប្រាំចុះខសន្យាជាមួយអាជ្ញាធរថាឲ្យរើចេញត្រឹមថ្ងៃអាទិត្យ។ “ទីបំផុត  ក្តីសង្ឃឹមរបស់ពួកអាត្មាបរាជ័យហើយ”។

ព្រះតេជគុណមានសង្ឃដីកាថា ក្រុមអ្នកតវ៉ាបានព្យាយាមបញ្ចុះបញ្ចូលអាជ្ញាធរឱ្យរក្សាទុកកុដិទាំង៥ដែលបច្ចុប្បន្នមានព្រះសង្ឃ និងនិស្សិតក្រីក្រប្រហែល៧០អង្គនាក់ស្នាក់នៅ។ កុដិទាំងនេះផ្តល់ឱកាសដល់និស្សិតក្រីក្រឲ្យបានបន្តការសិក្សានៅសាកលវិទ្យាល័យ  ទោះបីជាពួកគេគ្មានលទ្ធភាពជួលបន្ទប់ក្តី។

ព្រះសង្ឃទាំងនេះត្រូវបានសន្យាផ្តល់កន្លែងថ្មីសម្រាប់គង់នៅជាន់ខាងលើនៃសាលាធម្មសភាកម្ពស់៥ជាន់ដែលគ្រោងកសាងនេះ ប៉ុន្តែព្រះតេជគុណ វ៉ា សារ៉ាត់ មានសង្ឃដីកាថា ព្រះអង្គមិនជឿថាមន្ត្រីសង្ឃជាន់ខ្ពស់គង់នៅវត្តនេះនឹងគោរពតាមការសន្យាឡើយ។

ព្រះតេជគុណ សៀ ភារ៉ា លេខានៅវត្តនេះដែលទទួលបន្ទុកគម្រោងវាយកម្ទេច និងកសាងនេះ បានច្រានចោលថាគ្មានការតវ៉ាទេនៅក្នុងវត្តនេះ ពោលគឺមានតែអ្នកបង្កបញ្ហាមួយចំនួនតូចប៉ុណ្ណោះ។ “គ្រាន់តែព្រះសង្ឃពីរបីអង្គប៉ុណ្ណោះ។ បើមិនរើចេញទេ ក៏ពួកអាត្មានៅតែវាយកម្ទេចកុដិទាំងនេះចោលដដែលហ្នឹង”។

cam-photo-monks-800x533ព្រះអង្គមានសង្ឃដីកាបន្តថា ប្រសិនបើព្រះសង្ឃមិនអនុវត្តតាមការព្រមព្រៀងរើចេញទេ  នគរបាលនឹងប្រើកម្លាំងបណ្តេញចេញ។  ហើយប្រសិនបើនៅតែបន្តធ្វើការតវ៉ា ព្រះសង្ឃទាំងនេះនឹងត្រូវបណ្តេញចេញពីវត្តតែម្តង។

ព្រះតេជគុណ សៀ ភារ៉ា បានបញ្ជាក់ថា សាលាធម្មសភាថ្មីកសាងឡើងដើម្បីបំពេញតាមតម្រូវការរបស់ព្រះសង្ឃ៤១២អង្គគង់នៅវត្តនេះ ហើយអ្នកដែលរិះគន់ទំហំសាលាធម្មសភានេះមិនយល់ពីតម្រូវការរបស់វត្តទេ។ “ព្រះសង្ឃទាំងអស់អង្គគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ឆាន់ចង្ហាន់រួមគ្នាទេ”។

ព្រះអង្គលើកឡើងថា ទោះបីជាមានដីទំនេរធំមួយនៅជាប់សាលាធម្មសភាដែលគ្រោងកសាងក្តី ក៏ការសាងសង់ត្រូវការកន្លែងនេះទាំងមូល។សាលាធម្មសភានេះនឹងមានចំណតយានយន្តក្រោមដី កន្លែងព្រះសង្ឃឆាន់នៅជាន់ផ្ទាល់ដី ហើយ៤ជាន់ទៀតសម្រាប់ព្រះសង្ឃគង់នៅ  ដែលអាចផ្ទុកបានរហូតដល់៤០០ អង្គនាក់ឯណោះ។ ព្រះអង្គបន្ថែមថា សាលាធម្មសភានេះនឹងចំណាយទឹកប្រាក់សាងសង់យ៉ាងតិច៤លានដុល្លារ  ហើយចំណាយពេល៣ឆ្នាំទើបសាងសង់រួចរាល់។

ព្រះតេជគុណបញ្ជាក់ថា “ព្រះសង្ឃគ្មានបច្ច័យទេ ប៉ុន្តែសម្តេច ទេព វង្ស នឹងនិមន្តបិណ្ឌបាតបច្ច័យនេះ។ សម្តេចនឹងរកអ្នកឧបត្ថម្ភសម្រាប់ការសាងសង់នេះ”។

ព្រះសង្ឃមួយចំនួនដែលគង់នៅកុដិទាំងនោះអត់ទ្រាំមិនបានឡើយពោះការមាក់ងាយពីសំណាក់មន្ត្រីសង្ឃគង់នៅវត្តនេះរួមទាំងសម្តេចសង្ឃ ទេព វង្ស ផងដែរ។

ព្រះតេជគុណ ស៊ិន ភារាម ព្រះជន្ម២៤វស្សាមានសង្ឃដីកាថា ”អាត្មាមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ចៅអធិការវាយកម្ទេចកុដិនេះចោលទេ។ ចៅអធិការចង់បានកេរ្តិ៍ឈ្មោះតាមរយៈការសាងសង់អគារនេះដើម្បីធ្វើឱ្យវាក្លាយជាកន្លែងស្ញប់ស្ញែង”។ ព្រះអង្គបន្តថា អ្វីដែលព្រះសង្ឃមានគឺគ្រប់គ្រាន់ទៅហើយ។ “អត្មាមិនចង់បានកន្លែងធំទេ”។

ព្រះសង្ឃផ្សេងៗទៀតសុខចិត្តធ្វើតាមបទបញ្ជា។ និស្សិត ថន វិសាល អាយុ២៣ឆ្នាំដែលបានចាកចេញពីកុដិមួយក្នុងចំណោមកុដិទាំងនេះកាលពីដើមឆ្នាំនេះទៅស្នាក់នៅបណ្តោះអាសន្នខាងលើគិលានដ្ឋានក្នុងវត្តនេះនិយាយថា ព្រះសង្ឃទាំងនេះគួរតែសប្បាយចិត្ត ហើយគោរពតាមបទបញ្ជា។

និស្សិតរូបនេះបន្តថា “ខ្ញុំគិតថា ហេតុអី? នៅប្រទេសកម្ពុជា ចៅអធិការមានអំណាច និងសិទ្ធិកសាងនៅក្នុងវត្ត។  ខ្ញុំគ្រាន់តែជានិស្សិតដែលមកសុំស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស