40.6 C
Phnom Penh

​​​​​​ទី​​​​​​បំផុត​​​គណបក្ស​ប្រឆាំង​​​​​​​​​​​​​​​​​​​​​​ប្រកាស​បញ្ចប់​ការ​ធ្វើពហិការ​មិនចូល​សភា​​​​របស់​​​​​​ខ្លួន​​​​​​​​​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។

បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។

លោកថ្លែងថា “របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃស្អែកផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះយើងនឹងចូលរួមកិច្ចប្រជុំនេះ”។

របៀបវារៈនេះរួមមានសំណើច្បាប់ការពារអ្នកផ្តល់សេវាថែទាំសុខភាព សេចក្ដីព្រាងច្បាប់មួយចំនួនពាក់ព័ន្ធអាស៊ាន និងសំណើតែងតាំងអគ្គសវនករជាតិឡើងវិញសម្រាប់៥ឆ្នាំបន្ទាប់។គណបក្សសង្គ្រោះជាតិបានគេចមិនចូលរួមសម័យប្រជុំនៃរដ្ឋសភាចាប់តាំងពីខែឧសភាមកម៉្លេះដើម្បីតវ៉ានឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ និងការមិនគោរពជាទូទៅរបស់រដ្ឋាភិបាលចំពោះអភ័យឯកសិទ្ធិតំណាងរាស្ត្រ។

ទោះជាយ៉ាងណា សូម្បីកាលពីម្សិលមិញលោក អេង ឆៃអ៊ាង បានព្យាយាមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិអាចនឹងដើរចេញពីសម័យប្រជុំនេះ។ លោកមានប្រសាសន៍ថា គណបក្សប្រឆាំងប្រហែលជានៅតែជ្រើសរើសមិនចូលរួមក្នុងករណី “ភាពតានតឹងផ្នែកនយោបាយ” កើនឡើងភ្លាមៗមួយរំពេច។ លោកគូសបញ្ជាក់ថា ”បើគ្មានភាពតានតឹងផ្នែកនយោបាយទេ យើងនឹងចូលរួមការប្រជុំសភានៅថ្ងៃស្អែក។ ជាគោលការណ៍យើងនឹងចូលរួមការប្រជុំនេះ”។

លោកលើកឡើងបន្ថែមទៀតថា ប្រភពដែលអាចធ្វើឱ្យមានភាពតានតឹងទាំងនោះគឺការតវ៉ាដែលគេរំពឹងថានឹងកើតមានឡើងដើម្បីស្វាគមន៍លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃនេះ។ វិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានមួយកាលពីថ្ងៃពុធពាក់ព័ន្ធលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ ដោយក្នុងនោះលោកមានប្រសាសន៍ថា សហគមន៍ខ្មែរនៅក្នុងទីក្រុងនេះនឹងតវ៉ាប្រឆាំងដំណើរទស្សនកិច្ចនេះ។ លោកបញ្ជាក់ថា លោកព្រួយបារម្ភថា ការតវ៉ានៅក្នុងប្រទេសអូស្ត្រាលី នឹងបង្កឱ្យមានបាតុកម្មប្រឆាំងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។

ទាក់ទិនបញ្ហានេះ លោក ហុង លីម មិនបានឆ្លើយតបសំណើសុំការបំភ្លឺទេ។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានប្ដេជ្ញាទទួលយកអាសនៈសភារបស់ខ្លួនវិញដោយគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយ” ដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនេះមានប្រសាសន៍កាលពីខែមុនថាត្រូវបានតម្រូវដើម្បីបញ្ចប់ការធ្វើពហិការ។

លោក សម រង្ស៊ី កំពុងរស់នៅដោយនិរទេសខ្លួនឯងនៅឡើយដើម្បីគេចវេះទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ លោក កឹម សុខា អនុប្រធានរបស់លោកនៅតែសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ ដោយខ្លាចមានការចាប់ខ្លួនលោកពាក់ព័ន្ធការផ្ដន្ទាទោសលោក។ ឥស្សរជនគណបក្សសង្គ្រោះជាតិចំនួន១៨រូបទៀត និងសកម្មជន ព្រមទាំងមន្ត្រីសិទ្ធិមនុស្សមួយចំនួនកំពុងជាប់ពន្ធនាគារនៅឡើយពាក់ព័ន្ធសំណុំរឿងដែលមជ្ឈដ្ឋានទូទៅយល់ថាជារឿងនយោបាយ។

កន្លងមក គណបក្សប្រជាជនកម្ពុជា ធ្លាប់បានធានាដោះលែងអ្នកទោសដើម្បីបន្ថយភាពតានតឹងជាមួយគណបក្សប្រឆាំង ប៉ុន្តែលើកនេះខ្លួនបានប្ដេជ្ញាមិនធ្វើដូច្នេះទៀតឡើយ។

កាលពីម្សិលមិញ លោក អេង ឆៃអ៊ាង មិនបានបញ្ជាក់ថាទទួលបានសម្បទានថ្មីណាមួយពីគណបក្សប្រជាជនកម្ពុជានោះទេ។លោកថ្លែងថា “យើងសង្ឃឹមថា យើងនឹងដោះស្រាយបញ្ហារួមគ្នា”។

ចំណែកឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានមានប្រសាសន៍កាលពីម្សិលមិញដែរថា “គ្មានកិច្ចព្រមព្រៀងនយោបាយនោះទេ”។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកប្រគល់ការសម្រេចចិត្តចុងក្រោយឱ្យមន្ត្រីគណបក្សនៅរាជធានីភ្នំពេញ  ជាអ្នកសម្រេចថាតើចូលសភាវិញតាមវិធីណា និងនៅពេលណា ហើយថា វាមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ក្នុងចំណោមគុណសម្បត្តិគឺថា យើងចង់បន្ថយភាពតានតឹងផ្នែកនយោបាយ និងដើម្បីទទួលបានការដោះលែងអ្នកទោសនយោបាយ។ ក្នុងចំណោមគុណវិបត្តិ ជាពិសេសនៅពេលគ្មានសញ្ញាបង្ហាញពីសុច្ឆន្ទៈជាថ្នូរពីភាគីម្ខាងទៀត គឺជាការចាំបាច់ដែលត្រូវបង្ហាញពិភពលោកទាំងមូលឱ្យដឹងថា តាមពិតប្រទេសកម្ពុជា បានត្រឡប់ទៅរកប្រព័ន្ធឯកបក្សបែបកុម្មុយនីស្តដែលជាការបំពានយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបង្ខំឱ្យប្រទេសរបស់យើងដើរតាម ‘ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស’”។

កាលពីឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិបានលុបចោលពហិការមិនចូលសភារយៈពេលរាប់ឆ្នាំដែលបានចាប់ផ្ដើមដើម្បីតវ៉ាជំទាស់នឹងលទ្ធផលដ៏ចម្រូងចម្រាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៣។ នៅពេលនោះ ខ្លួនទទួលបានការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងការដោះលែងតំណាងរាស្ត្រដែលត្រូវបានឃុំខ្លួននៅពេលនោះ៕ សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស