27.5 C
Phnom Penh

លោក កឹម សុខា​​​ ត្រឡប់​​​ទៅ​​​សម្ងំ​​​លាក់​​​ខ្លួន​​​វិញ​​​ ហេតុ​​​អ្វី​​​​​​លោកធ្វើ​​​បែបនេះ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានចេញពីកន្លែងលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិរយៈពេលប្រហែល១ម៉ោងកាលពីម្សិលមិញ ដើម្បីទៅចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី។

នេះទើបតែជាលើកដំបូងទេដែលលោកបានចាកចេញពីកន្លែងលាក់ខ្លួនចាប់តាំងពីនគរបាលប្រដាប់អាវុធបានបង្ហាញខ្លួននៅទីនោះកាលពីថ្ងៃទី២៦ ខែឧសភាដើម្បីព្យាយាមចាប់ខ្លួនលោកពាក់ព័ន្ធការចោទប្រកាន់ពីបទបដិសេធមិនព្រមបង្ហាញខ្លួននៅក្នុងតុលាការ ដោយទីបំផុតបានត្រឹមតែចាកចេញមកវិញដោយដៃទទេ។ប៉ុន្តែគ្មានការខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនរូបលោកឡើយកាលពីថ្ងៃពុធ ហើយអាជ្ញាធរបានលើកឡើងថា លោកនឹងនៅតែមានសេរីភាពរហូតដល់បណ្តឹងឧទ្ធរណ៍នៅក្នុងសំណុំរឿងរបស់លោកត្រូវបានលើកយកមកបើកសវនាការ។

cam-photo-sokha-800x571ស្ថានភាពនេះបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនចោទជាសំណួរថា ហេតុអ្វីបានជាលោក កឹម សុខា ឥស្សរជនប្រឆាំងដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសត្រឡប់ទៅសម្ងំលាក់ខ្លួនវិញ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកនៅតែមានការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រធានស្តីទីគណបក្សរូបនេះ។

លោកបានមានប្រសាសន៍ថា “យើងមិនទាន់មានអារម្មណ៍ថា មានសុវត្ថិភាពនៅឡើយទេ។ ហេតុដូច្នេះហើយទើបគាត់ត្រឡប់ទៅស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សវិញ។ យើងនៅមានការសង្ស័យនៅឡើយអំពីស្ថានភាពនេះ”។

មុនពេលលោក កឹម សុខា មានរឿងជំពាក់វាក់វិននៅក្នុងសំណុំរឿង “សញ្ចរកម្ម” ទាក់ទិននឹងស្រីកំណាន់ម្នាក់ដែលឥឡូវបានធ្វើឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៥ខែនោះ លោកតែងតែជួបប្រជុំជាមួយអ្នកគាំទ្រនៅទូទាំងប្រទេសជាប្រចាំ ដោយថ្លែងសុន្ទរកថាអមដោយការប្រើពាក្យរិះគន់ធ្ងន់ៗអំពីភាពចាំចាច់នៅក្នុងការប្រើប្រាស់ការបោះឆ្នោតនាពេលខាងមុខដើម្បីដណ្តើមអំណាចពីគណបក្សកាន់អំណាច។

រដ្ឋាភិបាលមិនបានព្យាយាមលាក់បាំងការស្អប់ខ្ពើមរបស់ខ្លួនចំពោះការប្រើពាក្យរិះគន់ធ្ងន់ៗរបស់អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះឡើយ។ ដោយពន្យល់អំពីការសម្រេចកាលពីឆ្នាំមុនរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការដកលោក កឹម សុខាចេញពីតំណែងជាអនុប្រធានរដ្ឋសភានោះ លោក ជាម យៀប តំណាងរាស្ត្រគណបក្សកាន់អំណាចនេះបានលើកឡើងថា ការប្រើពាក្យរិះគន់ធ្ងន់ៗរបស់លោក កឹម សុខា វាយប្រហារមកលើរដ្ឋាភិបាលរំលោភរដ្ឋធម្មនុញ្ញ។

លោក ជាម យៀប បានលើកឡើងអំឡុងពេលនោះថា “គាត់ទៅកន្លែងណាក៏ដោយ គាត់ តែងតែបង្កើតភាពចលាចលគ្រប់ពេលដែល ប៉ះពាល់ដល់សន្តិភាព ហើយទង្វើនេះត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ “។

ដោយការគំរាមចាប់ខ្លួន និងទោសជាប់ពន្ធនាគារកំពុងតែធ្វើឲ្យលោកព្រួយបារម្ភនោះ ក្រុមអ្នកវិភាគបានលើកឡើងកាលពីម្សិលមិញថា ការវិលត្រឡប់របស់លោក កឹម សុខា ទៅកាន់ទីស្នាក់ការកណ្តាលគណបក្សវិញគឺទំនងជាដោយសារមានការព្រួយបារម្ភថា លោកនឹងមិនត្រូវបានអនុញ្ញាតឲ្យមានសេរីភាពឡើយ ប្រសិនបើលោកវិលត្រឡប់មកចេញមុខជាសាធារណៈឡើងវិញ ព្រមទាំងដោយសារកលល្បិចនយោបាយមួយចំនួនផងដែរ។

លោក អៀ សុផល សាស្ត្រាចារ្យរងផ្នែកការទូតនិងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អេនជឺឡេស បានមានប្រសាសន៍ថា “គាត់ត្រឡប់ទៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិវិញដោយមិនទៅចុះឈ្មោះនៅក្នុងខេត្តកំពង់ចាមកន្លែងដែលលោកតែងតែទៅចុះឈ្មោះតាមទម្លាប់ធម្មតា និងមិនថ្លែងសុន្ទរកថាសំខាន់ៗក្នុងពិធីជួបប្រជុំរបស់គណបក្សនៅទីនោះ ដោយសារតែហេតុផលដដែល គឺប្រហែលជាទោសជាប់ពន្ធនាគាររយៈពេល៥ខែកំពុងរង់ចាំហ្នឹងឯង”។

លោកបានបន្ថែមថា “ឆ្មាកំពុងតែក្រពុលមុខ តើលោកអ្នកគិតថាកណ្តុរចង់ចេញមករត់ចុះរត់ឡើងដែរឬទេ? ថាតើកណ្តុរចង់ឲ្យឆ្មាចាប់ស៊ី ឬយ៉ាងម៉េច។ក្នុងលក្ខខណ្ឌឆ្លាតវៃ ការស្នាក់នៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិគឺវាប្រសើរជាងទៅ[ពន្ធនាគារ] ព្រៃស។យើងទាំងអស់គ្នាយល់ស្របតាមការធ្វើដូច្នេះ”។

លោក Lee Morgenbesser សាស្ត្រាចារ្យមួយរូបទៀតនៅសាកលវិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលីដែលសិក្សាស្រាវជ្រាវអំពីការបោះឆ្នោតនៅកម្ពុជាបានលើកឡើងថា លោកជឿថា ការសម្រេចចិត្តរបស់លោក កឹម សុខាក្នុងការវិលត្រឡប់មកទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិវិញ គឺជាយុទ្ធសាស្ត្រនយោបាយ តែទោះជាយ៉ាងណាមិនសូវជាបានផលទេ។

លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា “សម្រាប់គណបក្សសង្គ្រោះជាតិ ការស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សរបស់លោក កឹម សុខា គឺជាឧបករណ៍នយោបាយដែលទាក់ទាញចំណាប់អារម្មណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេសឲ្យចាប់អារម្មណ៍មកលើស្ថានភាពប្រកួតប្រជែងផ្នែកនយោបាយដ៏អាក្រក់នៅកម្ពុជា”។

លោកបានបន្ថែមថា “ទោះជាយ៉ាងណាបញ្ហាគឺនៅត្រង់ថា ការចេះប្រមាណរបស់គណបក្សសង្គ្រោះជាតិជួបបរាជ័យម្តងហើយម្តងទៀតមិនអាចទទួលបានប្រយោជន៍ជាក់ស្តែងដើម្បីនាំលទ្ធិប្រជាធិបតេយ្យជូនប្រទេសកម្ពុជាបានឡើយ។ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើការប្រើយុទ្ធសាស្ត្រ នេះអាចទទួលបានផលកម្រិតណានោះ”។

លោក Lee Morgenbesser បានលើកឡើងទៀតថា ទោះបីជាមានការផ្សព្វផ្សាយមិនល្អជាសាធារណៈក៏ដោយ តែការពួនសម្ងំលាក់ខ្លួនរបស់លោក កឹម សុខា ផ្តល់ផលប្រយោជន៍ ឲ្យគណបក្សកាន់អំណាចទៅវិញទេ។

លោកបានមានប្រសាសន៍ថា “សម្រាប់រដ្ឋាភិបាល ការស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សរបស់លោក កឹម សុខា ផ្តល់ឱកាសឲ្យពួកគេអាចទប់ចលនារបស់គាត់បាន និងកាត់បន្ថយការខាតបង់ទូទៅដោយសារការបង្ក្រាបរបស់ពួកគេ។ការចេញមកទៅកៀងគរការគាំទ្រសម្រាប់គណបក្សសង្គ្រោះជាតិ ជាជម្រើសល្អសម្រាប់គាត់”។ខណៈលោក កឹម សុខា កំពុងព្យាយាមពង្រឹងទស្សនៈដែលថា គណបក្សកាន់អំណាចកំពុងតែកាបសង្កត់លទ្ធិប្រជាធិបតេយ្យនោះការសម្រេចចិត្តចាកចេញពីទីស្នាក់ការកណ្តាលគណបក្សរបស់លោកក្នុងសប្តាហ៍នេះមួយសន្ទុះ ប្រហែលជាបើកឱកាសឲ្យរដ្ឋាភិបាលមានប្រៀបជាងទៅវិញទេ នេះបើយោងតាមលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយឯករាជ្យ។

លោកបានមានប្រសាសន៍ថា “មានការធ្វើពហិការមិនចូលសភា មេដឹកនាំគណបក្សប្រឆាំងកំពុងនិរទេសខ្លួន ហើយអនុប្រធានកំពុងសង្ងំលាក់ខ្លួនក្នុងការិយាល័យ រឿងនេះនឹងបង្កើតឲ្យមានការយល់ឃើញថា មានវិបត្តិ ហើយរដ្ឋាភិបាលព្យាយាមបង្កើតរឿងមួយផ្សេង ប៉ុន្តែ មិនបានផល”។

ការអនុញ្ញាតឲ្យលោក កឹម សុខា ចេញមកក្រៅមួយសន្ទុះកាលពីថ្ងៃពុធបង្ហាញឲ្យឃើញថា រដ្ឋាភិបាលចង់ “បាញ់ព្រួញមួយបានសត្វពីរ”។

លោកបានថ្លែងថា “ខ្ញុំគិតថា រដ្ឋាភិបាលមិនចង់ឲ្យគាត់ចុះទៅតាមបណ្តាខេត្ត។ខ្ញុំគិតថា ពួកគេចង់បាញ់ព្រួញមួយបានសត្វពីរ ហើយប្រសិនបើគាត់ពិតជាចេញមកក្រៅមែន ប៉ុន្តែ មិនអាចចុះទៅតាមបណ្តាខេត្តបាននោះ អ៊ីចឹងប្រហែលជាពួកគេកំពុងតែបាញ់ព្រួញមួយបានសត្វពីរហើយ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស