27 C
Phnom Penh

សមាជិក​សភា​​ស្ទាក់ស្ទើរ​​មិន​ចូល​ប្រជុំ​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយថ្ងៃបន្ទាប់ពីសន្យាថានឹងបញ្ចប់ការធ្វើពហិការមិនចូលសភាជាច្រើនខែរបស់ខ្ួន គណបក្សសង្គ្រោះជាតិបានប្តូរចិត្តវិញកាលពីម្សិលមិញ ដោយមិនចូលប្រជុំសភាពេលព្រឹក ដោយសារអ្វីដែលខ្លួននិយាយថា ជាការគំរាមកំហែងទាក់ទិននឹងការតវ៉ានៅប្រទេសអូស្ត្រាលី។

ខណៈដែលតំណាងរាស្ត្រគណបក្សប្រឆាំងធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលក្នុងក្រុងភ្នំពេញដោយពន្យល់ថា ពាក្យចចាមអារ៉ាមនៃអំពើហិង្សាដែលអាចកើតមានបានបណ្តាលឲ្យមានការប្តូរផែនការនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោកមិនខ្វល់នឹងការធ្វើពហិការជាបន្តនេះទេ។

លោក សុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំង (កណ្តាល) ថ្លែងទៅកាន់អ្នកយកព័ត៌មាន អំឡុងពេលសន្និសីទកាសែតនៅឯទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រ។ រូបថត: ខឹម សុវណ្ណរ៉ា
លោក សុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំង (កណ្តាល) ថ្លែងទៅកាន់អ្នកយកព័ត៌មាន អំឡុងពេលសន្និសីទកាសែតនៅឯទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រ។ រូបថត: ខឹម សុវណ្ណរ៉ា

លោក ហ៊ុន សែន បានសរសេរសារមួយមានទាំងរូបលោកថតសែលហ្វីអង្គុយក្នុងសភាផងថា “ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែល ព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ”។

ក្នុងសារមួយផ្សេងទៀត លោកបានមានប្រសាសន៍ថា សហគមន៍អន្តរជាតិ ដែលការរិះគន់នាពេលថ្មីៗអំពីការរំលោភសិទ្ធិមនុស្សរបស់គេត្រូវបានច្រានចោលដាច់អហង្ការដោយរដ្ឋាភិបាលនោះ អាចមើលឃើញបក្សណាដែលបានរារាំងការវិលទៅរកប្រក្រតីភាពវិញ។

លោកបានមានប្រសាសន៍ថា “នៅពេលនេះ ក្រុមមន្ត្រីស្ថានទូតអាចឃើញយ៉ាងច្បាស់អំពីអាកប្បកិរិយានិងសកម្មភាពតំណាងរាស្ត្របក្សប្រឆាំង”។

ក៏ប៉ុន្តែ តំណាងគណបក្សសង្គ្រោះជាតិបាននិយាយថា ពាក្យចចាមអារ៉ាមនៃការសងសឹកដែលអាចកើតមានចំពោះការតវ៉ានៅក្រុងមែលប៊នប្រឆាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីនោះ បានបណ្តាលឲ្យពួកខ្លួនកែប្រែផែនការរបស់ខ្លួនមិនទៅសភាវិញ បន្ទាប់ពីអាក់ខានអស់ពេលជាងបួនខែ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនោះថា “យើងបានមើលឃើញស្ថានការណ៍នយោបាយល្អ ដូច្នេះយើងអាចចូលរួមប្រជុំនៅសភា”។

លោកបាននិយាយថា “ប៉ុន្តែបន្ទាប់មក យើងបានទទួលព័ត៌មាននៅនាទីចុងក្រោយអំពីពាក្យចចាមអារ៉ាម ដែលយើងទុកចិត្ត គឺគំរាមកំហែងតំណាងរាស្ត្រ។ ហេតុនេះហើយ យើងបានទូរស័ព្ទប្រាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ និងបានសម្រេចមិនចូលរួមប្រជុំ”។

លោក សុវណ្ណ បានបដិសេធមិនរៀបរាប់ប្រាប់អំពីការគំរាមកំហែង ឬថាវាចេញមកពីណានោះទេ។

លោក សុន   ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សមិនបានពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលកំពុងសួរសុខទុក្ខសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីនោះទេ។

លោកបាននិយាយថា “យើង គណបក្សសង្គ្រោះជាតិសុំបំភ្លឺថា ការប្រកាសនៃការធ្វើបាតុកម្មនៅទីក្រុងមែលប៊ន បើទោះជាពិតក៏ដោយ ក៏យើងមិនពាក់ព័ន្ធដែរ។ សូមកុំចាត់វិធានការណាមួយ ហើយចោទគណបក្សសង្គ្រោះជាតិថាជាប់ពាក់ព័ន្ធ”។

លោក សុន ឆ័យ បាននិយាយថា គណបក្សនឹងពិចារណាអំពីស្ថានការណ៍នយោបាយ និងរបៀបវារៈនៃការប្រជុំសភានាពេលអនាគតថាតើនឹងបញ្ចប់ការធ្វើពហិការរបស់ខ្លួនឬយ៉ាងណា។

លោកបាននិយាយទាក់ទិននឹងការវាយធ្វើបាបដ៏ព្រៃផ្សៃលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបកាលពីខែតុលាថា “យើងបានឃើញតំណាងរាស្ត្រពីររូបរបស់យើងត្រូវរងការវាយប្រហារ និងសឹងតែស្លាប់។ នេះមិនមែនជាផែនការមិនចូលរួមប្រជុំនោះទេ។ យើងបានទទួលរងការគំរាមកំហែង ដូច្នេះយើងមិនចង់ឱ្យអ្វីមួយដូចនោះកើតឡើងជាថ្មីទៀតទេ”។

នៅពេលដែលពួកគេចាកចេញពីបរិវេណសភាកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំមុន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានអូសចេញពីរថយន្តរបស់ខ្លួន ហើយទាត់ធាក់ច្រំលើដោយមនុស្សមួយក្រុមដែលបានចូលរួមក្នុងការតវ៉ាគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន សែន ដែលបានព្រមានអំពីការធ្វើបាតុកម្មជាការឆ្លើយតបទៅនឹងការតវ៉ាប្រឆាំងរូបលោកក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅទីក្រុងប៉ារីស បានបដិសេធភ្លាមថាមិនពាក់ព័ន្ធនឹងការវាយដំនោះទេ។ ទោះជាយ៉ាងនេះក្ដី បុរសបីនាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការវាយទាត់ធាក់នោះ គឺជាសមាជិកនៃអង្គភាពកងអង្គរក្សផ្ទាល់របស់លោក។

ក្នុងពេលសវនាការពួកគេ ទាហានទាំងបីនាក់បានបដិសេធមិនឆ្លើយសំណួរអំពីថ្នាក់លើរបស់ពួកគេទេ ហើយចៅក្រមបានរារាំងមេធាវីមិនឱ្យសួរសំណួរទេ ដោយធ្វើឱ្យមជ្ឈដ្ឋានជាច្រើនសង្ស័យអំពីការលាក់បាំង។

ចុងចោទដែលគណបក្សសង្គ្រោះជាតិចាត់ទុកថាជាអ្នករងកំហុសជំនួសនោះ ម្នាក់ៗត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ។

ការធ្វើពហិការមិនចូលសភារបស់គណបក្សប្រឆាំងបានចាប់ផ្ដើមនៅចុងខែឧសភា ជាការឆ្លើយតបទៅនឹងការព្យាយាមរបស់នគរបាលដើម្បីចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលតាំងពីពេលនោះមកលោកសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សនេះ។ ប្រឈមនឹងទោសជាប់ពន្ធនាគារ៥ខែពាក់ព័ន្ធនឹងអ្វីដែលត្រូវគេមើលឃើញជាទូទៅថាជាការកាត់ឱ្យជាប់ទោសបែបនយោបាយនោះ លោក កឹម សុខា បានចេញពីអគារការិយាល័យនោះមួយរយៈពេលខ្លីកាលពីថ្ងៃពុធ ដើម្បីចុះឈ្មោះបោះឆ្នោត ហើយបានត្រឡប់ទៅវិញតែក្នុងពេល១ម៉ោងប៉ុណ្ណោះ។

ការប្រកាសរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើពហិការរបស់ខ្លួនបានចប់ បានកើតមានឡើង ទោះជាមានការសន្យាដោយបក្សប្រឆាំងថា ខ្លួននឹងវិលទៅសភាវិញ លុះត្រាតែអភ័យឯកសិទ្ធិស្របច្បាប់នៃតំណាងរាស្ត្ររបស់ខ្លួនត្រូវបានគោរពសិនក៏ដោយ។

លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសដើម្បីគេចវេះពីទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បាននិយាយកាលពីខែមុនថា ការធ្វើពហិការនឹងចប់នៅពេលដែលមាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះវិបត្តិនយោបាយបច្ចុប្បន្នប៉ុណ្ណោះ”។ នៅសប្ដាហ៍នេះ លោកបាននិយាយថា លោកនឹងទុកឱ្យសហការីរបស់លោកនៅរាជធានីភ្នំពេញសម្រេច ថាតើចូលសភាវិញតាមវិធីណា និងនៅពេលណា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននិយាយកាលពីម្សិលមិញថា លោកមិនជឿការអះអាងរបស់គណបក្សសង្គ្រោះជាតិថា ពួកគេមិនចូលរួមប្រជុំកាលពីថ្ងៃសុក្រ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ។

លោកបាននិយាយថា “ខ្ញុំគិតថា ពួកគេមិនគួរប្រើលេសថាមាននរណាម្នាក់ព្យាយាមគំរាមកំហែងសុវត្ថិភាពពួកគេទេ វាមិនពិតឡើយ។ នេះគ្រាន់តែជាលេសរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនចង់ចូលរួមប្រជុំ”។

លោកបាននិយាយបន្ថែមថា គណបក្សសង្គ្រោះជាតិតែងតែលើកឡើងថា ប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងឯកបក្ស ប៉ុន្តែបែរជាមានជម្រើសថាវិលមកសភាវិញនៅពេលណាមួយ។

លោកបាននិយាយថា “តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនគួរប្រើសភាជាចំណាប់ខ្មាំងទេ”។

តំណាងរាស្ត្រគណបក្សកាន់អំណាច៦៧រូបដែលចូលរួមអនុម័តច្បាប់ថ្មីមួយស្ដីពីវិជ្ជាជីវៈសុខាភិបាលដែលសំដៅលើកកម្ពស់គុណភាពនៃការថែទាំសុខភាព និងបង្កើនការទទួលខុសត្រូវក្នុងចំណោមមន្ត្រីសុខាភិបាល។ ពួកគេក៏បានអនុម័តច្បាប់មួយចំនួនទាក់ទិននឹងអាស៊ានដែរ និងបានអនុម័តលើសំណើតែងតាំងអគ្គសវនករជាតិ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស