34 C
Phnom Penh

អ្នកតវ៉ានៅអូស្ត្រាលីរិះគន់ ហ៊ុន ម៉ាណែត យ៉ាងខ្លាំងទាក់ទិននឹងលោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចុះពង្រឹងសហគមន៍ក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជាថ្មីម្ដងទៀតបានជួបនឹងក្រុមអ្នកតវ៉ាដែលខឹងសម្បាក្នុងដំណើរទស្សនកិច្ចថ្មីបំផុតរបស់លោកនៅក្រៅប្រទេស លើកនេះនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

ដោយប្រឈមនឹងការតវ៉ាពីមុននៅពេលធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្រុមអ្នកតវ៉ានៅប្រទេសអូស្ត្រាលីបានផ្ដោតកំហឹងរបស់ពួកគេលើឃាតកម្មកាលពីខែកក្កដា លើលោក កែម ឡី អ្នកវិភាគនយោបាយ ដែលមជ្ឈដ្ឋានជាច្រើនជឿថាជាការវាយប្រហារដែលគាំទ្រដោយរដ្ឋាភិបាល។

អ្នកតវ៉ាប្រហែល២០០នាក់ ដែលភាគច្រើនពាក់អាវពណ៌ខ្មៅមានរូបមុខលោក កែម ឡី និងកាន់បដាមានពាក្យស្លោកជាច្រើន ក្នុងនោះមានទាំងពាក្យស្លោកថា “ទមិឡតិរច្ឆានចុះនរក” បានស្រែកដាក់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ខណៈដែលលោកដើរចូលភោជនីយដ្ឋានមួយកន្លែងមានអ្នកគាំទ្រជាច្រើននាក់ក្នុងទីក្រុងមែលប៊ន។

ការតវ៉ានេះត្រូវបានដឹកនាំដោយលោក ហុង លីម អ្នកនយោបាយអូស្ត្រាលីដើមកំណើតខ្មែរ ដែលត្រូវហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាកាលពីខែសីហា ព្រោះបានហៅរដ្ឋាភិបាលថា “តិរច្ឆាន” ក្នុងបទសម្ភាសន៍មួយ។ លោកបានជំរុញឱ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាលើកឡើងអំពីការស្លាប់របស់លោក កែម ឡី នៅពេលអាហារល្ងាចនោះ។

“យើងទាំងអស់គ្នាជាខ្មែរ សូមបងប្អូនដែលទៅបរិភោគ សួរ [ឧត្ដមសេនីយ៍ឯក ម៉ាណែត] នរណាដែលបានសម្លាប់ កែម ឡី សូមឆ្លើយ”។ លោកបានស្រែកដោយមានសំឡេងពីក្រោយថា  “ម៉ាណែត ក្បត់ជាតិ”។

អ្នកគាំទ្រគណបក្សកាន់អំណាចប្រហែល១០០នាក់បានធ្វើបាតុកម្មតបតវិញ ដោយគ្រវីបដានៅច្រកចូលភោជនីយដ្ឋាននោះ។

ការធ្វើដំណើរទូទាំងពិភពលោករបស់កូនប្រុសលោកនាយករដ្ឋមន្ត្រីបានបង្ហាញឱ្យឃើញភាពចម្រូងចម្រាស។ ក្នុងពេលធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ អ្នកនយោបាយជាច្រើននាក់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត បានលុបចោលជំនួបជាច្រើនដោយសារសម្ពាធពីសាធារណជន។

នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ឧត្ដមសេនីយ៍រូបនេះមិនត្រឹមតែជួបអ្នកតវ៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប៉ុនប៉ងដើម្បីប្រគល់ឱ្យលោកនូវដីកាបង្គាប់ឱ្យចូលខ្លួនដែរ។ អ្នកប្រគល់ដីកាលោក ផល ហេ និយាយថា អង្គរក្សរបស់ឧត្ដមសេនីយ៍ឯក ម៉ាណែត បានវាយប្រហារលោក ខណៈដែលលោកព្យាយាមប្រគល់ឯកសារនោះ ហើយរឿងក្ដីផ្លូវច្បាប់មួយមិនទាន់សម្រេចនៅឡើយទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានហៅបាតុករនៅប្រទេសអូស្ត្រាលីថាជា “ពួកជ្រុលនិយម”។

លោកបាននិយាយថា “ជាប្រទេសលទ្ធិប្រជាធិបតេយ្យ ដូច្នេះមានមតិច្រើន ហើយតាមដែលយើងបានមើលឃើញមានអ្នកប្រឆាំង និងអ្នកគាំទ្រធ្វើការតវ៉ាពីរដោយឡែកពីគ្នា។ ជារឿងធម្មតាដែលមានអ្នកតវ៉ាជ្រុលនិយម ចំណែកឯយើងក៏មានអ្នកគាំទ្រផ្ដល់យុត្តិធម៌ដល់យើងដែរ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស