បេសកជនសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជានឹងមកដល់ដើម្បីបំពេញបេសកកម្មស្វែងរកការពិតលើកទីបីរបស់អ្នកស្រីនៅថ្ងៃច័ន្ទ រយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនៅទីនោះអ្នកស្រីបានព្រមានអំពីស្ថានការណ៍សិទ្ធិមនុស្សចុះដុនដាប មុននឹងមានការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។
ការិយាល័យសិទ្ធិមនុស្សក្នុងស្រុករបស់អង្គការសហប្រជាជាតិកំពុងមានដំណើរការដោយគ្មានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៅឡើយទេ ដោយសារតែមានគោលជំហរផ្សេងពីគ្នាទាក់ទងនឹងការប្រើពាក្យពេចន៍ដែលនឹងរារាំងអង្គការសហប្រជាជាតិមិនឲ្យ”ជ្រៀតជ្រែក”ក្នុងកិច្ចការកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនឹងផ្តោតលើដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃស្តីពីស្ថានភាពសិទ្ធិមនុស្សពេលបច្ចុប្បន្ន ហើយតាមដានអនុសាសន៍ពីមុនៗចំពោះរដ្ឋាភិបាល។
អ្នកស្រី ស្មីត បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំមានគោលដៅបន្តការពិនិត្យរបស់ខ្ញុំទៅលើបញ្ហាការប្រកាន់រើសអើង ដោយផ្តោតលើការវាយតម្លៃសិទ្ធិរបស់ជនជាតិភាគតិចនិងក្រុមមនុស្សទន់ខ្សោយ”។
ក្នុងខែមេសា អ្នកស្រី ស្មីត បានបញ្ចប់ដំណើរទស្សនកិច្ចលើកទីពីររបស់អ្នកស្រី ដោយធ្វើសន្និសីទកាសែតដែលអ្នកស្រីបានលើកឡើងថា ប្រទេសនេះបានស្ថិតត្រង់”ដំណាក់កាលគ្រោះថ្នាក់”ដោយមានភាពតានតឹងផ្នែកនយោបាយនិងការគោរពសិទ្ធិមនុស្សកាន់តែធ្លាក់ចុះរបស់រដ្ឋាភិបាល។ ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីខែមុន អ្នកស្រីបាននិយាយថា ស្ថានការណ៍កាន់តែដុនដាប។
ចាប់តាំងពីដំណើរទស្សនកិច្ចលើកមុនរបស់អ្នកស្រីមក លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាង លោក កឹម សុខា អនុប្រធានបក្សប្រឆាំងត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែ សកម្មជនសិទ្ធិមនុស្សច្រើនរូបត្រូវជាប់ពន្ធនាគារ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមកម្ចាត់ចោលអ្នកប្រឆាំង ពេលពួកគេគំរាមធ្វើមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
ពេលថ្លែងទៅកាន់ក្រុមប្រឹក្សា អ្នកស្រី ស្មីត បាននិយាយថា “ប្រាកដណាស់ថាមានការបង្កើនឡើងបន្តទៀតក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើសិទ្ធិមនុស្ស ជាការអត្ថាធិប្បាយដែលបានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីលោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលបាននិយាយថា ពួកគេគឺជាផ្នែកនៃការប្រឹងប្រែងដើម្បីបំបាក់មុខរដ្ឋាភិបាលដែលមិនពេញចិត្តនឹងអ្វីដែលគេប្រាប់ឲ្យធ្វើ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយនិងជាប្រធានវេទិកាអនាគតបាននិយាយថា ក្នុងពេលដែលរដ្ឋាភិបាលមិនចង់ឲ្យគេពិនិត្យពិច័យលើទេនោះ ខ្លួនបានយល់នូវតម្លៃនៃការបន្តកិច្ចសហការជាមួយអង្គការសហប្រជាជាតិ ទោះបីវានាំឲ្យមានការវាយតម្លៃរិះគន់ក៏ដោយ។
អ្នកវិភាគរូបនេះបាននិយាយថា “សំណួរគឺថាតើគេនឹងដោះស្រាយទំនាក់ទំនងមិនស្រួលរបស់គេយ៉ាងដូចម្តេច។ ជាធម្មតា គេព្យាយាមធ្វើជារាក់ទាក់ដោយសង្ឃឹមថា វានឹងបន្ថយការរិះគន់ ប៉ុន្តែវាគ្មានដំណើរការទេកាលពីពេលកន្លងមក”៕