28.4 C
Phnom Penh

ពិធីបុណ្យ​ខួបគម្រប់​១០០​ថ្ងៃ​នៅភ្នំពេញសម្រាប់​លោក​ កែម ឡី នឹងធ្វើ​​​ឡើង​​​តាម​ការ​គ្រោងទុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិត្តភក្ដិរបស់លោក កែម ឡី បានលើកឡើងថា ពួកគេនឹងរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃសម្រាប់អ្នកវិភាគនយោបាយដែលត្រូវបានគេបាញ់សម្លាប់នៅវត្តចាស់ក្នុងរាជធានីភ្នំពេញតាមការគ្រោងទុក ទោះបីជាសាលារាជធានីភ្នំពេញសម្រេចកាលពីថ្ងៃសុក្របដិសេធសំណើរបស់ពួកគេក្នុងការប្រើប្រាស់វត្តនេះក៏ដោយ។

សាលារាជធានីបានច្រានចោលសំណើរបស់គណៈកម្មការរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីបដិសេធសំណើដំបូងសុំប្រើប្រាស់សួនមុខវត្តបទុមក្នុងរាជធានីភ្នំពេញ។

លោក ប៉ា ងួនទៀង សមាជិកនៃគណៈកម្មការរៀបចំពិពីបុណ្យនេះបានលើកឡើងកាលពីម្សិលមិញថា ទោះជាយ៉ាងណា ពួកគេនឹងប្រើប្រាស់វត្តចាស់នៅថ្ងៃទី១៤ទី១៥និងទី១៦។

cam-photo-eulogy-reutersលោកបានមានប្រសាសន៍ថា “គ្មានច្បាប់ណា អនុញ្ញាតឲ្យអាជ្ញាធរហាមឃាត់យើងទេហេតុដូច្នេះពួកគេបដិសេធដោយគ្មានមូលដ្ឋានច្បាប់។ យើងគ្រាន់តែជូនដំណឹងដល់ពួកគេថា យើងនឹងរៀបចំពិធីបុណ្យនៅវត្តចាស់ប៉ុណ្ណោះ។ ពួកគេបដិសេធជារឿងរបស់ពួកគេ។ ពួកគេគ្មានសិទ្ធិអំណាចលើវត្តនេះទេ”។

លោកបានបន្ថែមថា “វាអាស្រ័យលើចៅអធិការវត្ត។ ប្រសិនបើចៅអធិការវត្តនិងអ្នករៀបចំពិធីបុណ្យព្រមព្រៀងគ្នា ពួកគាត់អាចធ្វើបាន”។

លោក ប៉ា ងួនទៀង បានលើកឡើងទៀតថា  រូបសំណាកធ្វើពីស្ពាន់មានទំហំប៉ុនរូបពិតរបស់លោក កែម ឡី ដែលមានការជ្រោមជ្រែងថវិកាពីសាធារណជន និងបញ្ចប់កាលពីថ្ងៃសុក្រនោះ នឹងនាំយកមកកាន់កន្លែងរៀបចំពិធីបុណ្យនេះ ហើយដង្ហែទៅកាន់ខេត្តតាកែវដែលជាស្រុកកំណើតរបស់អ្នកវិភាគនយោបាយរូបនេះនៅពេលពិធីបុណ្យបញ្ចប់។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានចោទប្រកាន់អ្នករៀបចំពិធីបុណ្យនេះថា ព្យាយាមបង្វែរពិធីបុណ្យសម្រាប់អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះដែលការបាញ់សម្លាប់លោកកាលពីថ្ងៃទី១០ខែកក្កដា ត្រូវមជ្ឈដ្ឋានជាច្រើនជឿថា មានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយនោះទៅជាព្រឹត្តិការណ៍ប្រឆាំងរដ្ឋាភិបាល។លោកបានលើកឡើងថា សំណើណាមួយគួរតែចេញពីគ្រួសារលោក កែម ឡី។

លោកបានមានប្រសាសន៍ថា “យើងចង់ឲ្យគ្រួសារលោក កែម ឡី ផ្តួចផ្តើមដាក់សំណើមិនមែនអ្នកផ្សេងឡើយ។ ប្រសិនបើពួកគេជាសាច់ញាតិរបស់សព សូមរៀបចំពិធីនៅឯផ្ទះក្នុងខេត្តតាកែវទៅ។ ហេតុអ្វីបានជាពួកគេត្រូវការរៀបចំពិធីបុណ្យនេះនៅក្នុងរាជធានីភ្នំពេញទៅវិញ?”។

លោកបានបដិសេធមិនពន្យល់ថា តើសាលារាជធានីនឹងចាត់វិធានការអ្វីឡើយប្រសិនបើអ្នករៀបចំប្រើប្រាស់វត្តចាស់សម្រាប់ពិធីបុណ្យនេះនោះ។ លោកក៏មិនបានពន្យល់ថា តើច្បាប់អ្វីដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីហាមវត្តមួយមិនឲ្យរៀបចំពិធីបុណ្យតាមប្រពៃណីសាសនានោះដែរ។

គ្រួសាររបស់លោក កែម ឡី មានការខ្វែងគំនិតគ្នាចំពោះគម្រោងរៀបចំពិធីបុណ្យនេះ។ ឪពុករបស់លោកចង់ឲ្យរៀបចំពិធីបុណ្យនេះនៅខេត្តតាកែវ។ រីឯភរិយារបស់លោកដែលភៀសខ្លួនចេញពីប្រទេសកម្ពុជាដោយអះអាងថា ខ្លាចមានគ្រោះថ្នាក់ដល់ជីវិតនោះគាំទ្របំណងរបស់គណៈកម្មការនៅក្នុងការប្រើប្រាស់វត្តចាស់។

ព្រះតេជគុណ មាស សុខន ចៅអធិការវត្តចាស់ប្រកាន់ជំហរកណ្តាល។

ព្រះអង្គបានមានសង្ឃដីកាថា “ព្រឹកមិញនេះ អភិបាលរាជធានីបានតេទូរស័ព្ទមកប្រាប់អាត្មាឲ្យបិទខ្លោងទ្វារវត្ត ហើយកុំអនុញ្ញាតឲ្យពួកគាត់រៀបចំពិធីបុណ្យ។ ប៉ុន្តែ ប្រសិនបើអាត្មាបិទខ្លោងទ្វារវត្តមើលទៅមិនល្អទេ ព្រោះវត្តគឺជាកន្លែងរៀបចំពិធីបុណ្យ ហេតុដូច្នេះពីរបីថ្ងៃកន្លងមកនេះ អាត្មាមានការលំបាកខ្លាំងណាស់”។

ព្រះតេជគុណ មាស សុខន មានសង្ឃដីកាបន្តថា ព្រះអង្គនឹងជួបជាមួយអ្នករៀបចំពិធីបុណ្យ ហើយប្រាប់ពួកគេថា ពួកគេត្រូវទទួលខុសត្រូវដោយខ្លួនឯង ប៉ុន្តែមិនបានព្យាយាមបញ្ចុះបញ្ចូលឲ្យពួកគេជ្រើសរើសជម្រើសផ្លូវនេះឬផ្លូវនោះឡើយ។

ព្រះអង្គបានមានសង្ឃដីកាថា “ពួកគាត់ត្រូវតែទទួលខុសត្រូវ ហើយអាត្មាមិនពាក់ព័ន្ធនឹងពិធីបុណ្យនេះទេ។ អាត្មាចង់ប្រកាន់ជំហរអព្យាក្រឹត ព្រោះអាត្មាក៏ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដែរ”៕

ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស