28.4 C
Phnom Penh

គណបក្ស​ប្រជាជន​វាយ​បក​លើ​អ្នក​នយោបាយ​អូស្ត្រាលី​ម្នាក់​ថានៅ​ពីក្រោយ​បាតុកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហុង លីម សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា ជាថ្មីម្ដងទៀតបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានកំហឹង ចំពោះបាតុកម្មដែលលោកបានជួយរៀបចំប្រឆាំងលោក ហ៊ុន ម៉ាណែត អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមែលប៊នកាលពីថ្ងៃសុក្រ។

កាលពីខែសីហា រដ្ឋាភិបាលបានហាមមិនឱ្យលោក ហុង លីម វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញឡើយបន្ទាប់ពីរូបលោកបានហៅគណបក្សកាន់អំណាចថា “តិរច្ឆាន” នៅក្នុងបទសម្ភាសន៍មួយតាមវិទ្យុ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ គណបក្សកាន់អំណាចបានលើកឡើងថា លោក ហុង លីម ដែលជាជនភៀសខ្លួនកម្ពុជា គ្មានសិទ្ធិធ្វើអត្ថាធិប្បាយអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកំណើតរបស់ខ្លួនឡើយ។

សេចក្ដីថ្លែងការណ៍នោះបានលើកឡើងពីបាតុកម្មដែលបានឆ្លើយតបចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានក្រុមកិច្ចការបរទេសរបស់គណបក្សប្រជាជនកម្ពុជាថា “បាតុកម្មនេះជាបាតុកម្មនយោបាយ ព្រោះដឹកនាំដោយបុគ្គលនយោបាយ ហុង លីម ដែលបានបោះបង់សញ្ជាតិដើមរបស់ខ្លួន”។

សេចក្តីថ្លែងការណ៍នេះបន្តថា “ដូច្នេះបុគ្គល ហុង លីម នេះគ្មានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជា ហើយមិនតំណាងឱ្យសំឡេងរបស់ខ្មែរដែលបានចូលរួមនៅក្នុងបាតុកម្មនោះឡើយ”។

សេចក្ដីថ្លែងការណ៍ដដែលនេះបន្តទៀតថា គណបក្សនយោបាយនិង “មេដឹកនាំមិនស្មោះត្រង់”របស់ខ្លួននៅពីក្រោយបាតុកម្មនេះជាផ្នែកមួយនៃការព្យាយាមដើម្បី “បំភ័ន្តមតិជាតិ និងអន្តរជាតិថា កម្ពុជាកំពុងមានវិបត្តិនយោបាយ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ហុង លីម បានបោះបង់សញ្ជាតិខ្មែររបស់ខ្លួនដោយការប្រមាថគណបក្សកាន់អំណាច។

ដោយបដិសេធមិននិយាយថា តើតាមលក្ខណៈបច្ចេកទេសគាត់បានបាត់បង់សញ្ជាតិ ឬគ្រាន់តែត្រូវបានហាមមិនឱ្យចូលប្រទេសជាតិវិញឬយ៉ាងណានោះ លោកបានមានប្រសាសន៍ថា “គាត់បានប្រមាថប្រទេសជាតិរបស់ខ្លួន ដោយនិយាយថា ជាប្រទេស ‘តិរច្ឆាន’ មានន័យថា គាត់បានបោះបង់សញ្ជាតិខ្មែររបស់ខ្លួន។

លោក សុខ ឥសាន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាគ្មានបំណងលើកឡើងថា គណបក្សសង្គ្រោះជាតិដែលបាននិយាយថា ប្រទេសជាតិបានត្រឡប់ទៅរកការគ្រប់គ្រងឯកបក្សចំពេលដែលមានភាពចលាចលនយោបាយនាពេលបច្ចុប្បន្ននោះជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មឡើយ។ដោយកត់សម្គាល់ថា សេចក្តីថ្លែងការណ៍នេះមិនបានចេញឈ្មោះគណបក្សណាមួយនោះលោកបានថ្លែងថា “ខ្ញុំមិនគិតថា គណបក្សសង្គ្រោះជាតិនៅពីក្រោយរឿងនេះទេ”។

លោកបានមានប្រសាសន៍បន្ថែមថា “យើងត្រូវស្វែងយល់ថា មានតែពួកប្រឆាំងតែមួយគត់គាំទ្រលោក ហុង លីម ពីព្រោះលោក ហុង លីម មាននិន្នាការប្រឆាំង”។

បន្ទាប់ពីប្រកាសថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលរដ្ឋសភាដោយចូលរួមសម័យប្រជុំពេញអង្គនៅរដ្ឋសភាកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសម្រេចនៅនាទីចុងក្រោយថា មិនចូលរួមវិញនោះដោយសារអ្វីដែលពួកគេលើកឡើងថា ជាការគំរាមប្រើអំពើហិង្សាទាក់ទិនបាតុកម្មដែលដឹកនាំដោយលោក ហុង លីម។

លោក ហុង លីម បានច្រានចោលគំនិតដែលថា លោកនិងសមាជិកសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មផ្សេងទៀតដែលបានរៀបចំបាតុកម្មនោះ មានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ។ លោកបានថ្លែងថា សកម្មជនគណបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលីមួយចំនួនធំនៅស្ងៀមស្ងាត់នៅឡើយ អំឡុងពេលស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។

លោកបានលើកឡើងនៅក្នុងអុីម៉េលកាលពីថ្ងៃព្រហស្បតិ៍ថា “ដូច្នេះ វាជាការហួសចិត្តដែលយើងត្រូវពន្យល់ប្រាប់លោកអ្នកថា បាតុកម្មរបស់យើងមិនជាប់ពាក់ព័ន្ធជាមួយសេចក្ដីសម្រេចរបស់គណបក្សសង្គ្រោះជាតិក្នុងការវិលចូលរដ្ឋសភាវិញ ឬមិនជាប់ពាក់ព័ន្ធជាមួយហេតុផលជាបន្តបន្ទាប់”។

លោកបានបន្ថែមថា “យើងដឹងថា គណបក្សប្រជាជនកម្ពុជាធ្វើអ្វីតាមតែពួកគេចង់ជាមួយគណបក្សសង្គ្រោះជាតិដែលពួកគេយល់ឃើញថា ត្រឹមត្រូវ ពីព្រោះវាតែងតែបែបនោះឯង”៕

លោកបានថ្លែងថា “ហើយខណៈយើងនៅក្នុងប្រទេសអូស្ត្រាលីមានការបារម្ភនោះ បើគណបក្សសង្គ្រោះជាតិបន្តក្លាយជាជនរងគ្រោះដោយអំពើឃោរឃៅ និងអំពើគួរឱ្យស្អប់ខ្ពើមរបស់គណបក្សប្រជាជនកម្ពុជានោះ….អ៊ីចឹងវាជាបាបកម្ម និងទុក្ខវេទនារបស់ពួកគេ ហើយគ្មានអ្វីអាចជួយសង្គ្រោះពួកគេបានឡើយ មិនថា សូម្បីតែឈ្នះក្នុងឆ្នាំ២០១៨ទេ ពីព្រោះលោក ហ៊ុន សែន នឹង ‘ បិទទ្វារវ៉ៃឆ្កែម្តងទៀត’ ដូចក្នុងឆ្នាំ២០១៣ និងពីមុនអ៊ីចឹង”៕សារុន (រាយការណ៍បន្ថែមដោយZsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស