33 C
Phnom Penh

របាយការណ៍​​​​​៖ ធនា​គារ​​ពិភព​លោក​​​​​ជា​អ្នក​​ផ្ដល់​​ហិរញ្ញ​វត្ថុ​​ដល់​​​​​ទំនប់​​​វារីអគ្គិសនី​ចម្រូង​ចម្រាស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។

របាយការណ៍ដែលអង្គការសិទ្ធិមនុស្សមួយក្រុមបានបញ្ចេញកាលពីសប្ដាហ៍មុននេះ ចោទប្រកាន់ “សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ” (IFC) ដែលជាសាខាផ្ដល់ឥណទានឯកជនរបស់ធនាគារពិភពលោកថាបានផ្ដល់មូលនិធិជាសម្ងាត់ដល់គម្រោងចំនួន៩១នៅទូទាំងតំបន់អាស៊ី ក្នុងនោះរួមទាំងគម្រោងចំនួនបីនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយបង្កផលប៉ះពាល់ “ធ្ងន់ធ្ងរ” ប៉ះពាល់ដល់បរិស្ថាន និងការរំលោភសិទ្ធិមនុស្សដែលបំពានស្ដង់ដាររបស់វា។

IFC និយាយថា ខ្លួននឹងខំប្រឹងប្រែងជ្រើសរើសដៃគូវិនិយោគរបស់ខ្លួនកាន់តែប្រុងប្រយ័ត្នជាងមុន និងដើម្បីជួយដៃគូទាំងនោះពិនិត្យមើលគម្រោងដែលពួកគេគាំទ្រ។

លោក ដេវីដ ប្រេដ (David Pred) នាយកគ្រប់គ្រងរបស់អង្គការ “អភិវឌ្ឍន៍បរិយាប័នអន្តរជាតិ” (Inclusive Development International) ឬ IDI ជាអង្គការមួយក្នុងចំណោមអង្គការដែលស្ថិតនៅពីក្រោយរបាយការណ៍នេះ បានលើកឡើងតាមសារអេឡិចត្រូនិកថា “ទាំងនេះជាគម្រោងមានផលប៉ះពាល់យ៉ាងខ្លាំងដែលបានធ្វើឱ្យ ឬនឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ផ្លាស់ប្តូរជម្រក ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ វាពិតជាអាក្រក់ណាស់ដែល IFC ជាស្ថាប័នមួយដែលប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំពុងផ្ដល់ហិរញ្ញវត្ថុដល់គម្រោងនានាដែលកំពុងបន្តការបំផ្លិចបំផ្លាញយ៉ាងច្រើន”។

នៅក្នុងករណីទំនប់វារីអគ្គិសនីសេសានក្រោម២ IFC បានវិនិយោគរាប់រយលានដុល្លារទៅលើធនាគារ Vietinbank ហើយបានផ្ដល់ឥណទានធានារាប់សិបលានដុល្លារពីសាជីវកម្ម Credit Agricole Corporate ដែលទាំងពីរសុទ្ធតែជាប់ពាក់ព័ន្ធខ្លាំងក្នុងគម្រោងទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសនេះ ដែលបានបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់ដែលអាចកើតមានទៅលើប្រជាជនមូលដ្ឋាន និងបរិស្ថាន។

កាលពីឆ្នាំ២០១៣ អង្គការក្លូបលវីតណេស ដែលជាអង្គការឃ្លាំមើលបរិស្ថានបានរកឃើញថា IFC ជាប់ពាក់ព័ន្ធក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មួយក្រុមដែលបានប្លន់ដីធ្លីពីជនជាតិដើមភាគតិចរាប់រយគ្រួសារនៅខេត្តរតនគិរីភាគឦសាននៃប្រទេស ដោយកាប់ឆ្ការដីព្រៃអារក្សអ្នកតារបស់ពួកគេ។ ប្រតិកម្មតបទៅនឹងពាក្យបណ្ដឹងផ្លូវការពីគ្រួសារទាំងនេះ IFC បានចូលអន្តរាគមន៍ដើម្បីជួយកាត់បន្ថយការកាប់ឆ្ការ ហើយការពារដីធ្លីរបស់ពួកគាត់។ ការចរចាដែលនាំសម្រុះសម្រួលដោយ IFC រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋកំពុងតែបន្ត។

របាយការណ៍កាលពីសប្ដាហ៍មុនបង្ហាញថា IFC នៅតែផ្ដល់ហិរញ្ញវត្ថុដល់គម្រោងគួរឱ្យសង្ស័យនានានៅទូទាំងតំបន់។ ចំណែកឯចម្ការនៅក្នុងខេត្តរតនាគិរី IFC ទិញយកភាគហ៊ុននៅក្នុងធនាគារ  និងមូលនិធិវិនិយោគដែលផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទាំងនេះដើម្បីបិទបាំងការការជាប់ព័ន្ធរបស់ខ្លួន។

លោក ដេវីដ ប្រេដ ថ្លែងថា “អ្វីដែលមិនអាចប្រកែកបានគឺការបដិសេធរបស់ IFC មិនព្រមលាតត្រដាងថា តើទីបំផុតការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួនស្ថិតនៅកន្លែងណា។ IDI បានចំណាយពេលជាងពាក់កណ្តាលនៃរយៈពេល៦ខែ និងប្រាក់រាប់ម៉ឺនដុល្លារដើម្បីតាមដានប្រាក់របស់ IFC ទៅដល់កម្រិតមូលដ្ឋាន។ ប៉ុន្តែយើងគ្រាន់តែស៊ើបអង្កេតសើរៗប៉ុណ្ណោះលើផលបត្រវិស័យហិរញ្ញវត្ថុជាច្រើនពាន់លានដុល្លារ ដែលភាគច្រើនក្នុុងចំណោមនោះត្រូវបានលាក់បាំងពីការពិនិត្យពិច័យជាសាធារណៈ”។

លោកបានថ្លែងថា ឥណទានរបស់ IFC ផ្ដល់ឲ្យស្ថាប័នហិរញ្ញវត្ថុនានា “មិនអាចគ្រប់គ្រងបាន”។ មន្ត្រីស៊ើបអង្កេតបណ្ដឹងផ្ទាល់របស់ IFC ក៏បានយល់ឃើញស្រដៀងគ្នានេះដែរកាលពី១ឆ្នាំមុន។

កាលពីឆ្នាំ២០១៣ បន្ទាប់ពីធ្វើសវនកម្មលើការវិនិយោគរាប់រយរបស់ IFC នៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផង វាបានសន្និដ្ឋានថា ស្ថាប័ននេះគ្មានប្រព័ន្ធគួរឱ្យជឿទុកចិត្តសម្រាប់ដឹងថា តើការវិនិយោគរបស់ខ្លួនធ្វើឱ្យជីវិតរស់នៅប្រសើរឡើង ឬក៏កាន់តែយ៉ាប់យឺនសម្រាប់សហគមន៍ដែលរងផលប៉ះពាល់នោះទេ។

មន្ត្រីស៊ើបអង្កេតដដែលបានលើកឡើងនៅពេលនោះថា “IFC គ្មានវិធីសាស្ត្រសម្រាប់កំណត់ថា តើលក្ខខណ្ឌតម្រូវជាគោលការណ៍របស់ខ្លួនលើអតិថិជន ការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គមសម្រេចបានគោលដៅស្នូលនៃ ‘ការធ្វើមិនឲ្យប៉ះពាល់’ ឬធ្វើឲ្យប្រសើរឡើងនូវលទ្ធផលបរិស្ថាន និងសង្គមនៅកម្រិតក្រោមអតិថិជន។ នេះមានន័យថា IFC គ្មានមូលដ្ឋានបរិមាណវិស័យ  ឬគុណវិស័យដើម្បីអះអាងថា ការវិនិយោគអន្តរការិយកម្មហិរញ្ញវត្ថុរបស់ខ្លួនសម្រេចបានលទ្ធផលបែបនេះនោះទេ”។

បណ្តាអង្គការសិទ្ធិមនុស្សដែលស្ថិតនៅពីក្រោយរបាយការណ៍ថ្មីនេះចង់ឱ្យ IFC លាតត្រដាងអ្នកប្រើប្រាស់ទាំងអស់នូវឥណទានរបស់ខ្លួន ហើយធ្វើឲ្យប្រាកដថាគម្រោងនានារបស់ពួកគេស្របតាមស្ដង់ដាររបស់ IFC ឬឈប់ផ្ដល់ឥណទានដល់អតិថិជនដែលប្រឈមហានិភ័យខ្ពស់។

ប្រតិកម្មតបទៅនឹងរបាយការណ៍នេះ IFC បាននិយាយការពារការប្រើប្រាស់របស់ខ្លួននូវស្ថាប័នអន្តរការីទាំងនេះដែលខ្លួននិយាយថាបានជួយទាក់ទងប្រជាពលរដ្ឋ និងអាជីវកម្មតូចៗកាន់តែច្រើនដែលខ្លួនអាចធ្វើការជាមួយពួកគេបានដោយផ្ទាល់។

លោកស្រី គា គន្ធា អ្នកនាំពាក្យ IFC នៅកម្ពុជាមានប្រសាសន៍ថា ស្ថាប័នផ្ដល់ឥណទានមួយនេះមានលក្ខខណ្ឌតម្រូវផ្នែកសង្គម និងបរិស្ថានរួចជាស្រេចសម្រាប់ដោះស្រាយក្ដីបារម្ភនានាដែលរបាយការណ៍នេះលើកឡើង ប៉ុន្តែបានទទួលស្គាល់ថា  មានចំណុចដែលត្រូវកែលម្អ។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”យើងនឹងធ្វើការជាមួយអតិថិជនរបស់យើងដើម្បីធានាការអនុវត្តតាមស្ដង់ដារអនុវត្តរបស់យើងនៅក្នុងករណីដែលមានចំណុចខ្វះចន្លោះ។ វិធីសាស្ត្ររបស់យើងសម្រាប់ការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមជាមួយអតិថិជនរបស់យើងដែលជាស្ថាប័នហិរញ្ញវត្ថុ ផ្ដោតលើការកសាងសមត្ថភាពរបស់ពួកគេដើម្បីវាយតម្លៃ  និងគ្រប់គ្រងហានិភ័យបែបនេះឲ្យមានប្រសិទ្ធភាព។ យើងកំពុងសិក្សា កំពុងកែលម្អវិធីសាស្ត្ររបស់យើង ប្រុងប្រយ័ត្នជាងមុននៅក្នុងការជ្រើសរើស និងផ្ដល់ជំនួយបន្ថែមទៀតដល់អតិថិជនរបស់យើង”។

ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់លម្អិតអំពីកិច្ចប្រឹងប្រែងទាំងនោះ ឬក៏ឆ្លើយសំណួរថាតើ IFC មានបំណងធ្វើឱ្យមានតម្លាភាពជាងមុនអំពីកន្លែងដែលប្រាក់របស់ខ្លួនធ្លាក់ទៅដល់នោះឡើយ។

យោងតាមរបាយការណ៍ថ្មីនេះ IFC  និងIFC Capitalization Fund បានវិនិយោគទឹកប្រាក់ចំនួន៣០៧លានដុល្លារដោយទទួល បានភាគហ៊ុនចំនួន១៣,៤ភាគរយនៅក្នុងធនាគារ Vietinbank ដែលសន្យាផ្តល់ប្រាក់ចំនួន២,៨៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤  ទៅឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាម (Electricity of Vietnam) ជាដៃគូភាគតិចនៅក្នុងគម្រោងទំនប់វារីអគ្គិសនីសេសាន២។ យោងតាមរបាយការណ៍ថ្មីដដែលនេះ IFC បានជួយសាជីវកម្ម Credit Agricole គ្រប់គ្រងហានិភ័យដែលមានច្រើននៅក្នុងទីផ្សារទើបតែងើបឡើងដោយផ្តល់ឲ្យសាជីវកម្មនេះនូវប្រាក់ធានាចំនួន៩០លានដុល្លារលើផលបត្រមានទឹកប្រាក់២ពាន់លានដុល្លារ។សាជីវកម្ម Credit Agricole បន្ទាប់មកបានជួយផ្តល់ប្រាក់ចំនួន៣០លានដុល្លារទៅឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាម ហើយគឺជាអ្នកជួយឧបត្ថម្ភកម្ចីចំនួន១៣៧លានដុល្លារតែមួយគត់មកឲ្យក្រុមហ៊ុននេះ។

អ្នកភូមិរាប់រយគ្រួសារដែលរស់នៅចំផ្លូវបង្កើតគម្រោងទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់នេះមិនទទួលបានការពិគ្រោះយោបល់ទេ មុនពេលការសាងសង់ចាប់ផ្តើមហើយត្រូវបានបង្ខំឲ្យចាកចេញពីដីធ្លីរបស់ខ្លួនជាថ្នូរនឹងសំណងដែលអង្គការមិនមែនរដ្ឋាភិបាលនិយាយថាមិនត្រឹមត្រូវតាមតម្លៃទីផ្សារ។ គ្រួសារជាច្រើនមានការព្រួយបារម្ភថា កន្លែងថ្មីនឹងធ្វើឲ្យការរស់នៅមានការលំបាកជាងផ្ទះដែលនៅតាមដងទន្លេរបស់ពួកគាត់។ ក្រុមអ្នកសើុបអង្កេតក៏បានប៉ាន់ប្រមាណផងដែរថា ទំនប់វារីអគ្គិសនីនេះដែលស្ថិតនៅត្រង់ចំណុចប្រសព្វនៃដៃទន្លេមេគង្គចំនួនពីរនឹងកាត់បន្ថយបរិមាណត្រីនៅអាងទន្លេមេគង្គទាំងមូលចំនួន៩,៣ភាគរយ ជាផលប៉ះពាល់ដ៏ខ្លាំងចំពោះរបបអាហារប្រចាំថ្ងៃរបស់អ្នកភូមិមូលដ្ឋាន។

ការផ្តល់ក្នុងពេលបច្ចុប្បន្នសម្រាប់ប្រជាពលរដ្ឋដែលត្រូបានបណ្តេញចេញដោយសារគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២នេះ គឺដីថ្មីមួយកន្លែងសម្រាប់សាងសង់ផ្ទះ ដីសម្រាប់ធ្វើស្រែចម្ការទំហំ៥ហិកតា និងជម្រើសមួយរវាងផ្ទះដែលគេសាងសង់ស្រាប់ ឬប្រាក់សុទ្ធចំនួន៦.០០០ដុល្លារ។

អ្នកភូមិរាប់រយគ្រួសារបានយល់ព្រមទទួលយកការផ្តល់នេះ ហើយផ្លាស់ទីលំនៅដោយសារគ្មានជម្រើសផ្សេងទាល់តែសោះ។ គ្រួសាររបស់អ្នកស្រី សារុន សុខុម គឺស្ថិតក្នុងចំណោមគ្រួសារប្រហែល១០០ដែលនៅតែបដិសេធមិនព្រមផ្លាស់ទីលំនៅ។

ទោះបីជាដីថ្មីដែលគេផ្តល់ឲ្យមានទំហំធំជាងអ្វីដែលយើងគាត់មានក្នុងពេលសព្វថ្ងៃក៏ដោយ តែអ្នកស្រី សុខុម ជនជាតិដើមភាគតិចឡាវមានការព្រួយបារម្ភកាន់តែខ្លាំងខ្លាចបាត់បង់ទំនាក់ទំនងព្រលឹងដែលដូនតារបស់អ្នកស្រីបានផ្សារភ្ជាប់ជាដីរបស់គាត់ជាច្រើនជំនាន់មកហើយ។

អ្នកស្រីបាននិយាយថា “ដូនតារបស់យើងបញ្ចុះទៅទីនេះ ហើយព្រលឹងរបស់ពួកគាត់ស្ថិតនៅទីនេះ។ ប្រសិនបើពួកគេបង្ខំឲ្យយើងចាកចេញ វាហាក់បីដូចជាពួកគេបង្ខំឲ្យយើងទៅស្លាប់អ៊ីចឹង។ យើងមិនអាចទទួលយកបានទេ”។

អ្នកស្រី សុខុម បានលើកឡើងថា ធនាគារពិភពលោកទទួលខុសត្រូវស្មើនឹងក្រុមហ៊ុនដែលសាងសង់ទំនប់វារីអគ្គិសនីនេះ។

អ្នកស្រីបន្តថា “ប្រសិនបើធនាគារពិភពលោកឲ្យលុយទៅក្រុមហ៊ុននេះ វាស្មើនឹងធនាគារនេះបំផ្លាញផ្ទះ និងស្រែចម្ការ ហើយសម្លាប់វប្បធម៌ និងប្រពៃណីរបស់យើង”។

របាយការណ៍ថ្មីនេះក៏បានរកឃើញភាគហ៊ុនរបស់ IFC ចំនួន១៥លានដុល្លារនៅក្នុងក្រុមហ៊ុន Vietnam Investment Fund II ចំនួន២លានដុល្លារនៅក្នុងក្រុមហ៊ុន Dragon Capital Group និងចំនួន៣លានដុល្លារនៅក្នុងធនាគារ Sacombank ផងដែរ។ ក្រុមហ៊ុន Vietnam Investment Fund II ក្រុមហ៊ុន Dragon Capital Group និងធនាគារ Sacombank សុទ្ធតែឲ្យប្រាក់ខ្ចី ឬក៏បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Gemadept ជាក្រុមហ៊ុនមេរបស់វៀតណាមដែលគ្រប់គ្រងចម្ការកៅស៊ូចំនួន៤នៅក្នុងខេត្តមណ្ឌលគិរី និងដែលស្ថិតនៅក្រោយការបណ្តេញអ្នកភូមិរាប់រយគ្រួសារចេញពីដីធ្លីទាំងបង្ខំ។

នៅក្នុងខេត្តរតនគិរី របាយការណ៍នេះបានភ្ជាប់ IFC ទៅនឹងដីសម្បទានរ៉ែមាសដែលត្រួតស៊ីគ្នា និងដីរបស់អ្នកភូមិរាប់រយគ្រួសារដែលមិនទទួលបានការពិភាក្សាពិគ្រោះយោបល់ជាមុនដូចដែលច្បាប់តម្រូវ និងដែលព្រួយបារម្ភខ្លាចបាត់បង់ផ្ទះសម្បែងរបស់ខ្លួនដោយគ្មានការទទួលសំណាងត្រឹមត្រូវ។ IFC បានផ្តល់កម្ចី៤៥លានដុល្លារទៅឲ្យធនាគារ Kotak Mahindra Bank ដែលផ្តល់កម្ចីចំនួន២,២៦លានដុល្លារទៅឲ្យក្រុមហ៊ុនឥណ្ឌាឈ្មោះ Mesco ដែលជាសហកម្មសិទ្ធិនៃដីសម្បធានរ៉ែមាសនេះ៕ សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស