26 C
Phnom Penh

សកម្មជន​នឹង​តវ៉ា​នៅ​កន្លែង​បណ្តេញ​ចេញ​ទោះជា​មាន​បម្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអ្នកចូលរួមដែលបដិសេធបម្រាមសាលាក្រុង សកម្មជនប្រហែល១.០០០នាក់មានផែនការនឹងជួបជុំគ្នានៅអតីតតំបន់ដីក្រហម នៅកណ្តាលក្រុងភ្នំពេញនាព្រឹកនេះ មុនពេលដើរហែទៅក្រសួងរៀបចំដែនដី នគរូបនិយកម្ម និង សំណង់ ក្នុងការតវ៉ាទាក់ទិនការបណ្តេញចេញពីដីធ្លីនិងផ្ទះសំបែង។

ប្រជាពលរដ្ឋគេចចេញពីត្រាក់ទ័រនៅពេលវាឈូសគំនរបាក់បែកពីផ្ទះដែលត្រូវបំផ្លាញ ក្នុងពេលមានការបណ្តេញចេញទាំងបង្ខំពីតំបន់ដីក្រហមក្នុងក្រុងភ្នំពេញនៅខែមករាឆ្នាំ២០០៩។ Nicolas Axelrod
ប្រជាពលរដ្ឋគេចចេញពីត្រាក់ទ័រនៅពេលវាឈូសគំនរបាក់បែកពីផ្ទះដែលត្រូវបំផ្លាញ ក្នុងពេលមានការបណ្តេញចេញទាំងបង្ខំពីតំបន់ដីក្រហមក្នុងក្រុងភ្នំពេញនៅខែមករាឆ្នាំ២០០៩។ Nicolas Axelrod

អ្នកស្រី បូវ សោភា សកម្មជនតំបន់បឹងកក់ និងជាអ្នករៀបចំម្នាក់ក្នុងចំណោមអ្នករៀបចំការជួបជុំគ្នានេះបាននិយាយថា ក្នុងការរំឭកយឺតពេលនៃទិវាលំនៅឋានពិភពលោក ដែលជួនពេលគ្នាជាមួយបុណ្យភ្ជុំបិណ្ឌ ជនរងគ្រោះដោយសារការរំលោភបំពានដីធ្លីនៅទូទាំងប្រទេសបម្រុងនឹងជួបជុំគ្នានៅកន្លែងដែលអ្នកភូមិត្រូវបានបណ្តេញចេញយ៉ាងហិង្សាកាលពីឆ្នាំ២០០៩។

អ្នកស្រីបាននិយាយថា “ជនរងគ្រោះជម្លោះដីធ្លីប្រហែល១.០០០នាក់នឹងជួបជុំគ្នានៅដីក្រហមនៅថ្ងៃស្អែក”។

អ្នកស្រីបាននិយាយថា អ្នកតវ៉ានឹងកាន់ផ្ទះគំរូនិងបដាដោយចាប់ផ្តើមនៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ហើយនឹងដាក់លិខិតអំពាវនាវស្នើសុំឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីការពារសិទ្ធិពលរដ្ឋចំពោះដីធ្លី ទៅក្រសួង។

អ្នកស្រី សោភា បាននិយាយថា “អ្វីដែលយើងធ្វើ ធ្វើទៅតាមច្បាប់។ អាជ្ញាធរមានភារកិច្ចការពារសកម្មភាពអហិង្សារបស់យើង”

ទោះជាយ៉ាងនេះក្តី លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី មិនបានយល់ស្របទេ ដោយលើកឡើងនូវការរំខានដែលអាចកើតមានដល់សណ្តាប់ធ្នាប់សាធារណៈនិងការធ្វើចរាចរ។ លោកបានមានប្រសាសន៍ថា សាលារាជធានីបានប្រាប់អ្នកតវ៉ាឲ្យធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យ បើមិនដូច្នោះទេប្រឈមនឹងផ្លូវច្បាប់។

លោកបានមានប្រសាសន៍ថា “ពួកគេបានស្នើសុំការអនុញ្ញាតសម្រាប់មនុស្ស១.០០០នាក់ចូលរួមក្នុងការដើរហែនេះ ប៉ុន្តែសូម្បីតែគ្មានការដើរហែ យើងនឹងនៅតែឃើញការស្ទះចរាចរណ៍។ វានឹងប៉ះពាល់ដល់ចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ”។

លោកបានមានប្រសាសន៍ថា “យើងបានអនុញ្ញាតឲ្យពួកគាត់រៀបចំវានៅទីលានប្រជាធិបតេយ្យដោយគ្មានការដើរហែ”។ លោកបាននិយាយបន្ថែមថា សាលាក្រុងបានយល់ព្រមឲ្យតំណាង១០នាក់នៃក្រុមនេះដាក់ញត្តិនៅក្រសួង។

ដោយមិននិយាយរៀបរាប់ច្រើន លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នករៀបចំនៅតែចចេសធ្វើ ពួកគាត់ត្រូវតែទទួលខុសត្រូវទៅតាមច្បាប់”។

ប៉ុន្តែអ្នកដែលចូលរួមបាននិយាយថា ពួកគាត់មិនកែប្រែដោយសារតែការព្រមាននេះឡើយ។

កញ្ញា សុង ស្រីលាភ សកម្មជនបឹងកក់ បាននិយាយទាក់ទិននឹងការដើរហែនេះថា “យើងនឹងធ្វើថ្វីបើមានបម្រាមពីសាលាក្រុងក៏ដោយ។ យើងបានជូនព័ត៌មានពួកគេរួចហើយ ហើយយើងមិនត្រូវការមានការអនុញ្ញាតរបស់ពួកគេទេ”។

លោក អីុ សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោត បានមានប្រសាសន៍ថា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងយកសាររបស់ពួកគាត់ទៅពិចារណាដោយហ្មត់ចត់។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលត្រូវការពេលវេលាដើម្បីពិចារណាបញ្ហានេះ។ លោកអាចមើលឃើញថា បញ្ហាសិទ្ធិដីធ្លីបានក្លាយជាជំងឺគួរឲ្យព្រួយបារម្ភ។ សង្ឃឹមថា តាមវិធីណាមួយនោះ សកម្មភាពជាបន្តរបស់យើងអាចមានឥទ្ធិពល”៕ (Additional reporting by Janelle Retka)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស