28 C
Phnom Penh

មន្ត្រី​ទេសចរណ៍​ជួល​ឆ្មាំ​ឆ្នេរ​បន្ថែម​បន្ទាប់ពី​មាន​ការ​លង់​ទឹក​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងកិច្ចប្រឹងប្រែងថ្មីបំផុតរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាការលង់ទឹកស្លាប់ជាច្រើនលើកនៅខេត្តព្រះសីហនុ មន្ត្រីទេសចរណ៍ខេត្តបានជួលឆ្មាំឆ្នេរថ្មី២៣នាក់បន្ថែមដើម្បីល្បាតឆ្នេរនៅក្រុងព្រះសីហនុ បន្ទាប់ពីបេក្ខជនជោគជ័យជាច្រើននាក់បានបញ្ចប់សិក្ខាសាលាស្តីពីការងារឆ្មាំឆ្នេររយៈពេលបីថ្ងៃកាលពីសប្តាហ៍មុន។

យោងតាមលោក តាង សុជាតិ គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ អ្នកជំនាញថៃមួយក្រុមមកពីមន្ទីរពេទ្យបាងកក បានពិនិត្យអ្នកដាក់ពាក្យ៣៧នាក់យ៉ាងល្អិតល្អន់នៅថ្ងៃដំបូងក្នុងការធ្វើតេស្តបឋម ដែលមានទាំងការវាយតម្លៃសមត្ថភាពរាងកាយផង។ បុរស២១នាក់និងស្ត្រីពីរនាក់ ភាគច្រើនមកពីការងារផ្នែកទេសចរណ៍ និងផ្នែកបដិសណ្ឋារកិច្ច បានប្រឡងជាប់។

លោកបានមានប្រសាសន៍ថា ឆ្មាំឆ្នេរយ៉ាងតិចបីនាក់នឹងដាក់ឲ្យប្រចាំការនៅតាមឆ្នេរនីមួយៗក្នុងក្រុង ហើយប្រាំនាក់ដាក់នៅតាម “ឆ្នេរធំៗនិងមានមនុស្សច្រើនជាង” ដូចជាឆ្នេរអូរឈើទាល អូរត្រេះ និងឆ្នេរឯករាជ្យ។

លោកបាននិយាយបន្ថែមថា មានតែ១០នាក់លំដាប់លើគេក្នុងចំណោមឆ្មាំឆ្នេរថ្មី២៣នាក់ប៉ុណ្ណោះនឹងក្លាយជាបុគ្គលិកអចិន្ត្រៃយ៍ អ្នកនៅសល់ពីនោះនឹងជួលនៅពេលត្រូវការតាមកិច្ចសន្យា១០០ដុល្លារក្នុងមួយខែ។

លោក យុន មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលនិងការជ្រើសរើសឆ្មាំឆ្នេរថ្មីសំដៅធ្វើឲ្យសុវត្ថិភាពប្រសើរឡើងនៅតាមបណ្តោយឆ្នេរប្រវែងជិត១៨០គីឡូម៉ែត្ររបស់ខេត្តព្រះសីហនុ។

លោក យុន មីន បានមានប្រសាសន៍ថា ការលង់ទឹកនាពេលថ្មីៗនេះ “បានជំរុញឲ្យយើងយកចិត្តទុកដាក់ថែមទៀត”។

កាលពីខែមុន ក្មេងស្រីអាយុ៩ឆ្នាំម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីត្រូវទឹករលកខ្លាំងទាញចូលសមុទ្រនៅជិតឆ្នេរសុខា។ ហើយនៅខែសីហា មនុស្សយ៉ាងតិច៦នាក់បានលង់ទឹកស្លាប់ ក្នុងនោះមានជនបរទេស៥នាក់ផង ជាហេតុជំរុញឲ្យអាជ្ញាធរដាក់កម្លាំងនគរបាលធ្វើជាឆ្មាំឆ្នេរជំនួសនៅតាមបណ្ដោយឆ្នេរ។ អាជីវករនិងអ្នករត់រ៉ឺម៉កទេសចរក្នុងមូលដ្ឋានក៏ត្រូវបានសុំឲ្យជួយល្បាតឆ្នេរទាំងនោះដែរ។

លោក គ្រីស្តូហ្វឺ ហាម៉ាន ប្រធានមណ្ឌល Scuba Nation Dive Cambodia បាននិយាយថា លោកស្វាគមន៍គំនិតផ្តួចផ្តើមនេះ។

លោក ហាម៉ាន បាននិយាយថា “ខ្ញុំគិតថា បញ្ហាគឺអំពីព័ត៌មាន។ ប្រសិនបើធាតុអាកាសអាក្រក់ ហើយអ្នកមិនចេះហែលទឹក អ្នកមិនគួរចុះទឹកទេ”។

លោក តាង សុជាតិ គ្រឹស្នា បាននិយាយថា បុគ្គលិកថ្មីនឹងចូលរួមជាមួយឆ្មាំឆ្នេរ៥នាក់ដែលទទួលបានការបណ្តុះបណ្តាលពីមុន ហើយលោកបាននិយាយបន្ថែមថា ប៉មឃ្លាំមើលថ្មីនឹងត្រូវសង់នៅតាមឆ្នេរ ដែលដាក់ឆ្មាំឆ្នេរ។

លោកបាននិយាយបន្ថែមថា មន្ទីរក៏នឹងផ្តល់សម្ភារសង្គ្រោះ ដែលរួមមានអាវពោង កែវយឹត កញ្ចែ ពោងកង និងឧគ្ឃោសនសព្ទ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស