29 C
Phnom Penh

កងកម្លាំង​​​​​​សន្តិសុខ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​​​​លោក អំ សំអាត ​​​​​​មន្ត្រីអង្គការ​​​សិទិ្ធ​​​មនុស្ស​​​​​​អំឡុង​​​ការ​​​តវ៉ា​​​ពាក់​​​ព័ន្ធ​​​ដីធ្លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងសន្តិសុខរបស់រដ្ឋាភិបាលបានចូលវាយបំបែកការតវ៉ាមួយកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ ហើយបានវាយដំលើប្រធានបច្ចេកទេសសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ជាអង្គការមួយក្នុងចំណោម អង្គការសិទ្ធិមនុស្សដ៏លេចធ្លោបំផុតនៅកម្ពុជា ខណៈអ្នកហែក្បួនរាប់រយនាក់តវ៉ាប្រឆាំងការរឹបអូសយកដីធ្លី។

ការហែក្បួនដើម្បីរំឭកទិវាលំនៅដ្ឋានពិភពលោកនេះបានចាប់ផ្តើមក្រោមភ្លៀងធ្លាក់យ៉ាងជោកជាំនៅអតីតតំបន់ដីក្រហមដែលអ្នកភូមិត្រូវបានបណ្តេញចេញយ៉ាងហិង្សាដោយក្រុមហ៊ុនឯកជនមួយកាលពីឆ្នាំ២០០៩។អ្នកត្រូវបានបណ្តេញចេញ និងសកម្មជនសិទ្ធិដីធ្លីសង្ឃឹមថានឹងបានហែក្បួនទៅកាន់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីដាក់ញត្តិប្រឆាំងការរឹបអូសយកដីធ្លី។ មន្ត្រីនគរបាលរាប់សិបនាក់ដែលមានចំនួនច្រើនជាងក្រុមប្រមូលផ្តុំដំបូងបានបណ្តេញអ្នកតវ៉ាឆ្ពោះទៅភាគខាងជើង ខណៈមានអ្នកចូលរួមកាន់តែច្រើនឡើងៗ។ ក្រុមអ្នកតវ៉ាបានកើនចំនួនឡើងដល់ប្រហែល៣០០នាក់ ខណៈការហែក្បួនធ្វើដំណើរចុះតាមតីរវិថីព្រះស៊ីសុវត្ថិដោយឆ្លងកាត់ព្រះបរមរាជវាំង ហើយស្ថិតនៅឆ្ងាយពីទីតាំងក្រសួងរៀបចំដែននគរូបនីយកម្មនិងសំណង់។

អ្នកស្រី អ៊ុំ សុភី តំណាងក្រុមអ្នកភូមិដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីមួយនៅខេត្តកំពង់ឆ្នាំង ស្រែកទាមទាររកយុត្តិធម៌អំឡុងពេលតវ៉ាកាលពីម្សិលមិញក្នុងរាជថានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកស្រី អ៊ុំ សុភី តំណាងក្រុមអ្នកភូមិដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីមួយនៅខេត្តកំពង់ឆ្នាំង ស្រែកទាមទាររកយុត្តិធម៌អំឡុងពេលតវ៉ាកាលពីម្សិលមិញក្នុងរាជថានីភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ភាពតានតឹងបានកើនឡើងដល់ចំណុចខ្លាំងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹកពេលកងសន្តិសុខខណ្ឌដូនពេញបិទផ្លូវរបស់អ្នកតវ៉ាដែលព្យាយាមប្តូរទិសដៅ ហើយពួកគេបានចូលបំបែកក្រុមអ្នកតវ៉ាដោយបំផ្លាញបដា និងរូបថតរបស់មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ និងបានវាយដំលើលោក អំ សំអាត មកពីអង្គការលីកាដូដែលចូលរួមការហែក្បួនក្នុងនាមជាអ្នកអង្កេតការណ៍។

លោក អំ សំអាត ក៏ដូចជាសាក្សីផ្សេងៗទៀតដែរបានលើកឡើងថា លោកបានស្នើសុំឲ្យមានការរក្សាភាពស្ងប់ស្ងាត់ពេលកងសន្តិសុខវាយដំភ្លាមៗមកលើរូបលោក និងអ្នកផ្សេងៗទៀត។ លោកត្រូវកងសន្តិសុខវាយចំក្បាល និងមុខ ហើយមានស្នាមដាច់រលាត់ និងមានស្នាមជាំ។រីឯអ្នកផ្សេងៗទៀតក៏រងរបួសដោយមានស្នាមប្រឡាក់ឈាមផងដែរ។

លោក អំ សំអាត បានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគេ ‘សុំកុំប្រើអំពើហិង្សា’ ហើយពួកគេបានចាប់ផ្តើមវាយដំមកលើខ្ញុំតែម្តង។  វាបង្ហាញថា កម្ពុជាមិនគោរពសិទ្ធិមនុស្សទេ”។

អ្នកតវ៉ា ដែលមានអ្នកខ្លះពាក់អាវយឺតពណ៌ខ្មៅមកពីយុទ្ធនាការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” បានធ្វើដំណើរឆ្ពោះទៅភាគខាងជើងតាមតីរវិថី ព្រះស៊ីសុវត្ថិ ដែលស្ថិតតាមបណ្តោយមាត់ទន្លេមុនពេលបត់មកម្តុំវត្តឧណ្ណាលោម។ នៅផ្លូវលេខ១៧៨ នគរបាលបានបិទផ្លូវដោយរុញច្រានការហែក្បួនឲ្យឆ្ពោះទៅភាគខាងលិចតាមបណ្តោយផ្លូវដែលមានដើមឈើអមសងខាង ហើយឆ្ពោះទៅសាកលវិទ្យាល័យភូមិន្ទវិចិត្រលិល្បៈ។ ក្រុមអ្នកតវ៉ាបានទៅដល់ផ្លូវលេខ១៩ហើយបានប្រឈមមុខនឹងកងសន្តិសុខរាប់សិបនាក់ដែលជិះរថយន្តចំនួន៥គ្រឿង។

ដោយសម្លឹងមើលអ្នកតវ៉ា លោក គឹម វុត្ថា ប្រធានកងសន្តិសុខខណ្ឌបានសួរថា  “តើនរណាជាមេរបស់អ្នកទាំងអស់គ្នា? ហេតុអ្វីបានជាអ្នកទាំងអស់គ្នាឆ្លងកាត់ទីនេះ?”។

អ្នកស្រី បូវ សោភា អ្នករៀបចំការហែក្បួនម្នាក់ក្នុងចំណោមអ្នករៀបចំការហែក្បួនផ្សេងៗទៀតបានឆ្លើយតបថា មានការបិទផ្លូវ។

ជាការឆ្លើយតបលោក គឹម វុត្ថា បាននិយាយទៅកាន់កងសន្តិសុខរបស់លោកថា  “ទៅមុខទៅ”។

ខណៈកងសន្តិសុខចូលបំបែកក្រុមអ្នកហែក្បួន មានម្នាក់បានទៅកម្ទេចផ្ទះគំរូដែលគេប្រើប្រាស់ជាផ្ទះតំណាង ហើយមានម្នាក់ទៀតបានដេញតាមអ្នកវាយស្គរចូលដល់ក្នុងវិចិត្រសាល។ កងសន្តិសុខរូបនេះបានចេញមក វិញដោយមានស្គរពណ៌ក្រហមមកជាមួយហើយត្រូវបានក្រុមអ្នកតវ៉ាដេញតាមឆក់យកវាត្រឡប់មកវិញ។អ្នកហែក្បួនជាច្រើនបានបំបែកជួរគ្នា។

ក្រោយមកសាលារាជធានីភ្នំពេញបានលើកឡើងថា ក្រុមអ្នកហែក្បួនធ្វើឲ្យកងសន្តិសុខខឹង ហើយថា អ្នកតវ៉ាមិនគួរព្យាយាម គេចចេញពីជួរទេ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា “យើងព្យាយាមប្រមូលពួកគេឲ្យទៅជួបជុំនៅទីលានប្រជាធិបតេយ្យ ហើយពេលធ្វើដំណើរពួកគេបង្កភាពចលាចល។ នេះជាហេតុផលមួយដែលយើងមិនចង់ឲ្យពួកគេធ្វើផ្ទុយពីអ្វីដែលយើងអនុញ្ញាត”។

លោកបានបន្ថែមថា “អ្នកតវ៉ាជាស្ត្រីមួយចំនួននៅក្នុងការហែក្បួននេះក៏បានប្រើឆត្រវាយមកលើកងសន្តិសុខរបស់យើងដែរ។ យើងនៅមិនទាន់សម្រេចនៅឡើយទេ ថា ត្រូវចាត់វិធានការផ្លូវច្បាប់មកលើពួកគេ ឬក៏អត់នោះ” ។

លោក ច័ន្ទ ពុទ្ធិស័ក្តិ អ្នកដែលត្រូវបានបណ្តេញចេញម្នាក់មកពីតំបន់បឹងកក់បាននិយាយថា គេបានរុញច្រានលោកឲ្យផ្ទប់ទៅនឹងរថយន្តចតនៅស្ងៀមមួយគ្រឿង ហើយមានសន្តិសុខម្នាក់បានរត់សំដៅមកលោក ពេលលោកយកទូរស័ព្ទមកថតវីដេអូ។

លោកបាននិយាយថា “ខ្ញុំបានលើកដៃឡើង ពួកគេនៅតែវាយដំខ្ញុំទៀត។ លោក អំ សំអាត បានមកឃាត់កុំឲ្យប្រើអំពើហិង្សា ហេតុដូច្នេះគេងាកទៅវាយដំគាត់វិញ”។

លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូ ដើរចេញបន្ទាប់ពីទទួលរងការវាយដំក្នុងពេលមានការតវ៉ា កាលពីម្សិលមិញ ក្នុងក្រុងភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទាប់ពីមានមនុស្សម្នាក់ដាល់គាត់ត្រូវចំក្បាល លោក អំ សំអាត ត្រូវបានក្រុមពាក់អាវភ្លៀងព័ទ្ធ ខណៈក្រុមអ្នកថតរូប និងអ្នកក្រុមអ្នកថតវីដេអូសម្រាប់ស្ថានីទូរទស្សន៍ព័ទ្ធជុំវិញក្រុមនេះវិញ។ លោក អំ សំអាត បានលើកឡើងតាមទូរស័ព្ទពីការិយាល័យអង្គការលីកាដូនៅពេលរសៀលមកថា លោកបានដាក់ពាក្យបណ្តឹងពាក់ព័ន្ធការវាយដំនេះទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ជ័យជម្នះហើយ។

លោកបានមានប្រសាសន៍ថា “ពួកគេវាយខ្ញុំត្រូវចំមាត់ ចិញ្ចើម ច្រមុះ និងថ្គាម និងធ្វើឲ្យកផ្នែកខាងក្រោយរបស់ខ្ញុំមានស្នាមជាំផងដែរ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញតាមក្រោយនៅរសៀលដដែលនោះ ហើយចុះហត្ថលេខាដោយអង្គការចំនួន៦០ អ្នកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូបានលើកឡើងថា ការវាយដំនេះជាឧទាហរណ៍ថ្មីបំផុតចុងក្រោយមួយក្នុងការដាក់ពង្រាយសន្តិសុខសម្រាប់ប្រើអំពើហិង្សាដើម្បីរារាំងការប្រមូលផ្តុំ។លោកស្រីបានចាត់ទុកវាថា ជា “យុទ្ធសាស្ត្រសម្រាប់អាជ្ញាធរបំភិតបំភ័យប្រជាពលរដ្ឋក្នុងការទាមទារសិទ្ធិ”។

លោកស្រីបានមានប្រសាសន៍ថា “យើងអាចចាំមើលថា តើករណីនេះនឹងអាច (ដូចករណីជាច្រើនទៀត) ក្លាយជាអំពើនិទណ្ឌភាពចំពោះជនប្រព្រឹត្តិបទល្មើសដែរ ឬយ៉ាងណា។ នេះអាចជាការពិបាកសម្រាប់តុលាការក្នុងការចាប់ផ្តើមផ្តន្ទាទោសសន្តិសុខដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាជាលក្ខណៈប្រព័ន្ធ និងសកម្មភាពអំពើហិង្សាដែលកើតមានឡើងដដែលៗទាំងនេះ”។

បន្ទាប់ពីមានការប្រវាយប្រតប់គ្នាដ៏ហិង្សានៅផ្លូវ១៧៨ ទីបំផុតក្រុមអ្នកហែក្បួនបានទៅដល់ទីលានប្រជាធិបតេយ្យនៅម៉ោងប្រហែល១០និង៣០នាទីព្រឹក ហើយនៅពេលនោះមានមន្ត្រីមួយរូបមកពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានមកទទួលយកញត្តិរបស់អ្នកតវ៉ា ហើយក្រុមមន្ត្រី នគរបាលក៏បានប្រគល់ស្គរដែលពួកគេរឹបអូសទៅឲ្យអ្នកវ៉ាវិញដែរ។

លោក ហឿ ចន្តា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅដ្ឋានបានសន្យាបញ្ជូនញត្តិនេះបន្ត។

លោកបានមានប្រសាសន៍ថា”សូមបងប្អូនទុកចិត្តលើរដ្ឋាភិបាលចុះ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស