អាជ្ញាធរកំពុងស្វែងរកលោក សោម ឯក ទូទាំងប្រទេសជាភេរវជនដែលត្រូវបានកាត់ឱ្យជាប់ទោសបន្ទាប់ពីជននេះបានប្រើនំ បាយ និងខ្សៀ លាយជាមួយថ្នាំងងុយេដកដើម្បីសណ្ដំសន្តិសុខដែលយាមនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានរត់គេចខ្លួន។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ”យើងបានបញ្ជាឱ្យមន្ត្រីនគរបាលនៅតាមច្រកព្រំដែនទាំងអស់ចាប់ខ្លួនអ្នកទោស សោម ឯក នេះ ប្រសិនបើពួកគេឃើញជននេះប៉ុនប៉ងឆ្លងព្រំដែន”។ សោម ឯក អាយុ៥១ឆ្នាំ ត្រូវបានកាត់ឱ្យជាប់ទោសក្នុងករណីពីរដាច់ដោយឡែកពីគ្នាចំពោះការរៀបចំឱ្យមានការបង្កៃគ្រាប់បែកកាលពីឆ្នាំ២០០៧ នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម និងការប៉ុនប៉ងបង្កៃគ្រាប់បែកមួយលើកទៀតកាលពីឆ្នាំ២០០៩ នៅការិយាល័យក្រសួងការពារជាតិ និងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្នុងរាជធានីភ្នំពេញ។
ព្រះរាជអាជ្ញាបានលើកឡើងថា សោម ឯក បានធ្វើការងារឱ្យក្រុមជីវពលប្រឆាំងរដ្ឋាភិបាល គឺចលនាក្បាលខ្លា ដែលផ្ដល់ហិរញ្ញវត្ថុដោយអាណិកជនខ្មែរដែលរស់នៅក្រៅប្រទេស។
លោក ប៉ិច យ៉ុន ប្រធានពន្ធនាគារប៉េហ្ស៊ីបានមានប្រសាសន៍ថា ហេតុការណ៍ជាបន្តបន្ទាប់ឈានទៅដល់ការចាប់ខ្លួន សោម ឯក បានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍នៅពេលជននេះបានដួលសន្លប់នៅក្នុងបន្ទប់ទឹកពន្ធនាគារ ហើយត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ។ លោក ប៉ិច យ៉ុន បានមានប្រសាសន៍ថា កាលពីយប់ថ្ងៃសៅរ៍ ក្រុមគ្រួសារ សោម ឯក បានមកសួរសុខទុក្ខដល់បន្ទប់របស់ជននេះនៅក្នុងផ្នែកប្រសាទសាស្ត្រ ដោយមានទាំងបាយ និងម្ហូបអាហារមកជាមួយផង។
លោក ប៉ិច យ៉ុន បានមានប្រសាសន៍ថា “សន្តិសុខពន្ធនាគារបានប្រាប់យើងថា បន្ទាប់ពីពួកគេហូបបាយអស់មួយចំនួន ពួកគេមានអារម្មណ៍ងងុយដេក ហើយនៅពេលភ្ញាក់ឡើងស្រាប់តែមិនឃើញ សោម ឯក បើទោះជាពួកគេបានចាក់សោជននេះជាប់នឹងគ្រែហើយក៏ដោយ។ អ្នកជំនាញរបស់យើងកំពុងស្វែងរកជននេះ ហើយនឹងហៅក្រុមគ្រួសាររបស់បុរសរូបនេះមកសាកសួរ”។
អ្នកស្រី ឆាយ ស្រីពៅ អាយុ៣២ឆ្នាំបាននិយាយថា ម្ដាយរបស់អ្នកស្រីឈ្មោះ ប៉ាល់ ផា អាយុ៥៧ឆ្នាំ បានដេកនៅបន្ទប់លេខ១៣ជាមួយគ្នានៅផ្នែកប្រសាទសាស្ត្រក្នុងមន្ទីរពេទ្យនេះជាមួយ សោម ឯក ចាប់តាំងពីពួកគាត់មកដល់ការពីថ្ងៃព្រហស្បតិ៍ ហើយពួកគាត់ទាំងពីរបានឃើញមនុស្សមួយក្រុមមកដល់កាលពីថ្ងៃសៅរ៍ ដែលរួមមានប្រពន្ធរបស់ សោម ឯក បុរសពីរនាក់និងស្ត្រីពីរនាក់ទៀត។ អ្នកស្រីបាននិយាយថា ពួកគេបាននាំយក “បាយ ផ្លែឈើ និងនំចំណីមួយចំនួន” ជាសកម្មភាពដែលពួកគេមិនដែលធ្វើនៅពេលមកសួរសុខទុក្ខពីរលើកកន្លងមក។
អ្នកស្រីឱ្យដឹងថា សោម ឯក បានបាត់ខ្លួននៅក្នុងបន្ទប់ទឹករយៈពេលជិតកន្លះម៉ោងអំឡុងពេលមកសួរសុខទុក្ខ ហើយបានលេចមុខមកវិញដោយពាក់អាវយឺត និងស្លៀកខោខ្លីថ្មី។
អ្នកស្រី ឆាយ ស្រីពៅ បានពន្យល់ថា “បុរសរូបនេះបានប្រាប់ប្រពន្ធរបស់ខ្លួនឱ្យឱ្យនំចំណីមួយចំនួនមកយើងហូបផង។ បន្ទាប់ពីយើងហូបនំ និងបាយរួច យើងមានអារម្មណ៍ថាងងុយដេក។ សន្តិសុខពន្ធនាគារបានឃើញវត្ថុពណ៌ស និងខុសប្លែកពីធម្មតានៅក្នុងបាយ ប៉ុន្តែគាត់ហេវបាយ។ នៅម៉ោងប្រហែល១១ថ្ងៃត្រង់ សោម ឯក បានប្រាប់ខ្ញុំថា ‘ដេក ដេកទៅ’”។
ម្ដងមួយៗអ្នកនៅក្នុងបន្ទប់នោះ ដែលរួមមានសមាជិកពីរនាក់ទៀតនៃក្រុមគ្រួសាររបស់អ្នកស្រី ប៉ាល់ ផា សន្តិសុខពន្ធនាគារ និងអ្នកជំងឺទី៣ម្នាក់ទៀតដែលក៏មានសមាជិកក្រុមគ្រួសារបីនាក់មកសួរសុខទុក្ខផងនោះ បានដេកលក់រលីវៗ។ អ្នកស្រីបាននិយាយថា នៅពេលនោះ ក្រុមគ្រួសារ និងមិត្តភក្ដិរបស់ សោម ឯក បានចាកចេញបាត់។
ទីបំផុត មានមនុស្សតែពីរនាក់ប៉ុណ្ណោះនៅភ្ញាក់ដឹងខ្លួននៅក្នុងបន្ទប់គឺ សោម ឯក និងអ្នកស្រី បា៉ល់ ផា ដែលមិនបានហូបរបស់ទាំងនោះ។
អ្នកស្រី បា៉ល់ ផា បាននិយាយថា ពេលនោះ សោម ឯក បានពាក់អាវធំពណ៌ខ្មៅ ហើយបានយកខ្សៀមកជក់ដែលជះក្លិនខុសពីធម្មតា ដោយធ្វើឱ្យអ្នកស្រីឈឺក្បាល។
អ្នកស្រីបាននិយាយថា “ខ្ញុំឃើញកូនស្រីរបស់ខ្ញុំអស់កម្លាំងជាខ្លាំង ហើយមិនចង់រំខាននាង។ នៅពេលនោះខ្ញុំក៏ដេកលក់ទៅ”។
អ្នកជំងឺទី៣នៅក្នុងបន្ទប់នោះដែលបានចាកចេញពីមន្ទីរពេទ្យតាំងពីពេលនោះ គឺជាអ្នកទី១ដែលភ្ញាក់ដឹងខ្លួនប្រហែល១ម៉ោងក្រោយមក ហើយបានប្រាប់សន្តិសុខពេលដឹងថាបាត់ខ្លួន សោម ឯក។
អ្នកស្រី ឆាយ ស្រីពៅ បាននិយាយថា “សន្តិសុខរូបនោះបានភ្ញាក់ដឹងខ្លួន តែបើភ្នែកមិនរួចឡើយ”។ អ្នកស្រីបន្ថែមថា ទីបំផុតសន្តិសុខរូបនេះបានប្រាប់មិត្តរួមការងាររបស់ខ្លួនដែលដេកនៅខាងក្រៅបន្ទប់។
អ្នកស្រី ឆាយ ស្រីពៅ បាននិយាយថា បើទោះជាអ្នកស្រីបានចំណាំមុខ សោម ឯក បានតាមកញ្ចក់ទូរទស្សន៍ក៏ដោយ ក៏ជននេះបានប្រាប់ត្រឹមតែថា គេជា “អ្នកទោសនយោបាយ” តែប៉ុណ្ណោះ។
បើទោះជាអាជ្ញាធរនិយាយថា សោម ឯក បានសារភាពចំពោះផែនការបង្កៃគ្រាប់បែកនៅស្តូបនោះក៏ដោយ ក៏ជននេះអះអាងថា ចម្លើយសារភាពនោះធ្វើឡើងក្រោមការបង្ខិតបង្ខំ ហើយបានបដិសេធការចោទប្រកាន់ទាំងអស់អំឡុងសវនាការជំនុំជម្រះ។
នគរបាលក៏បានភ្ជាប់ សោម ឯក ទៅនឹងកងទ័ពសេរីជាតិកម្ពុជា ដែលបានធ្វើការវាយប្រហារទៅលើអគាររដ្ឋាភិបាល នៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០០តែមិនបានសម្រេចផងដែរ៕ សារុន