កាលពីម្សិលមិញ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារជាង២ឆ្នាំ នៅក្នុងអ្វីដែលគណបក្សនេះចាត់ទុកជាសវនាការមិនស្របតាមរដ្ឋធម្មនុញ្ញទាក់ទិនសារបង្ហោះតាមហ្វេសប៊ុករិះគន់កិច្ចការកំណត់ព្រំដែនប្រទេសកម្ពុជា របស់រដ្ឋាភិបាលជាមួយប្រទេសវៀតណាម។
ក្នុងរយៈពេលមួយកន្លងមកនេះ លោកគឺជាតំណាងរាស្ត្រគណបក្សប្រឆាំងក្នុងអាណត្តិទី២ហើយដែលទទួលទោសជាប់ពន្ធនាគារពីបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកជារឿងនយោបាយ។ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទបដិសេធក្នុងការចូលខ្លួននៅតុលាការក្នុងនាមសាក្សីក្នុងសំណុំរឿង “សញ្ចរកម្ម” របស់ស្រីកំណាន់លោក។
លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនកាលពីខែមេសា ប៉ុន្មានម៉ោងបន្ទាប់ពីលោកចុះពីយន្តហោះក្រោយដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកភ័ស្តុតាងបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់ផែនទីមិនត្រឹមត្រូវដើម្បីកំណត់ព្រំដែនមានវិវាទជាមួយប្រទេសវៀតណាម ហើយកាត់ទឹកដីរបស់កម្ពុជា ឲ្យទៅវៀតណាម នៅក្នុងដំណើរការនេះ។ លោកបានប្រើប្រាស់ហ្វេសប៊ុកជាញឹកញាប់់ដើម្បីចោទប្រកាន់រដ្ឋាភិបាលថាប្រើប្រាស់ផែនទីមិនត្រឹមត្រូវ ដោយមិនអើពើនឹងការព្រមានថាការអត្ថាធិប្បាយទាំងនោះអាចធ្វើឱ្យលោកជាប់ពន្ធនាគារ ហើយត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យមានចលាចលក្នុងសង្គម និងញុះញង់ឱ្យមានការរើសអើង។
នៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមជំនុំជម្រះ ហេង សុខណា មានប្រសាសន៍ថា សំណុំរឿងប្រឆាំងតំណាងរូបនេះគឺរឹងមាំ។ លោកថ្លែងថា “តុលាការជឿថា មានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់” ដោយសម្រេចទោសជាប់ពន្ធនាគារពីរឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល ឬប្រហែល១.០០០ដុល្លារ។
លោកបានលើកឡើងទៀតថា “សកម្មភាពរបស់ចុងចោទគឺជាបទល្មើសជាក់ស្ដែង ពីព្រោះរាល់សកម្មភាពដូចជាសំណេរ ការនិយាយ និងវីដេអូដែលបង្ហោះតាមហ្វេសប៊ុកនៅតែសកម្ម ដែលមានន័យថាចុងចោទជាអ្នកប្រព្រឹត្ត”។
រដ្ឋាភិបាលបានប្រើប្រាស់ទឡ្ហីករណ៍ដដែលនេះដើម្បីដកអភ័យឯកសិទ្ធិតំណាងរាស្ត្របស់លោក អ៊ុំ សំអាន មកពីគណបក្សប្រឆាំង។ រដ្ឋធម្មនុញ្ញលើកលែងសម្រាប់តំណាងរាស្ត្រដែលគេចាប់បានពេលកំពុងប្រព្រឹត្តបទល្មើសដែលជាទូទៅគេហៅថា “បទល្មើសជាក់ស្ដែង”។
រដ្ឋាភិបាលអះអាងថា ការអត្ថាធិប្បាយរបស់លោក អ៊ុំ សំអាន តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេស៊ុកមានន័យថា វាកំពុងត្រូវបានប្រព្រឹត្តជានិច្ច ហើយនោះមានន័យបទល្មើសជាក់ស្តែង។
គណបក្សសង្គ្រោះជាតិបានអះអាងថា រដ្ឋធម្មនុញ្ញនៅតែតម្រូវឱ្យរដ្ឋសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោកចេញដោយសំឡេងពីរភាគបី ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនយល់ស្រប។គណបក្សកាន់អំណាចបានប្រើប្រាស់ការគ្រប់គ្រងរបស់ខ្លួនលើរដ្ឋសភា ដើម្បីបោះឆ្នោតអនុញ្ញាតឱ្យបន្តសំណុំរឿងនេះដោយសំឡេងភាគតិចធម្មតា។
លោក អ៊ុំ សំអាន និងលោក ជូង ជូងី ដែលជាមេធាវីរបស់លោកបានដើរចេញពីសវនាការកាលពីខែមុនដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកលោកហៅថាជានីតិវិធីខុសច្បាប់ ហើយមិនបានចូលរួមសវនាការកាលពីម្សិលមិញដោយសារហេតុផលដូចគ្នានេះ។
ពេលទាក់ទងបានតាមក្រោយ លោក ជូង ជូងី បានចាត់ទុកសាលក្រមនេះថាខុសច្បាប់។ លោកថ្លែងថា ”គ្មានមាត្រាណាអនុញ្ញាតឱ្យរដ្ឋសភាបោះឆ្នោតដកអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយសំឡេង៥០បូក១នោះទេ។ យើងយល់ថា ចាប់ពីការចាប់ខ្លួនកូនក្ដីរបស់ខ្ញុំរហូតដល់សវនាការ គឺជាការរំលោភនីតិវិធី ដូច្នេះសវនាការនេះមិនអាចផ្ដល់យុត្តិធម៌ជូនកូនក្ដីរបស់ខ្ញុំបានទេ”។
លោកមានប្រសាសន៍ទៀតថា លោកចាំបាច់ត្រូវពិភាក្សាអំពីសេចក្ដីសម្រេចរបស់តុលាការជាមួយលោក អ៊ុំ សំអាន មុនពេលសម្រេចថាតើប្ដឹងទាស់ឬក៏អត់។ ទោះជាយ៉ាងណា លោកមិនបានលើកឡើងអំពីបទចោទប្រកាន់បទញុះញង់ឡើយ។
សំណុំរឿងប្រឆាំងលោក អ៊ុំ សំអាន និងលោក កឹម សុខា ដែលកំពុងប្តឹងទាស់ការផ្តន្ទាទោសលោកខណៈសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្ស គឺជាផ្នែកមួយនៃបណ្ដឹងផ្លូវច្បាប់ចុងក្រោយបំផុតរបស់រដ្ឋាភិបាលលើគណបក្សប្រឆាំង។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងកំពុងប្រឈមបទចោទប្រកាន់ញុះញង់ និងក្លែងបន្លំពាក់ព័ន្ធសាររបស់លោកដែលបង្ហោះតាមហ្វេសប៊ុក ហើយកំពុងជាប់ពន្ធនាគារនៅឡើុយខណៈរង់ចាំបន្តសវនាការរបស់លោក។ ចំណែកឯលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុងនិរទេសខ្លួនឯងដើម្បីគេចវេះទោសជាប់ពន្ធនាគារពីបទបរិហារកេរ្តិ៍។ មន្ត្រីគណបក្សប្រឆាំង និងសកម្មជន១៨នាក់កំពុងជាប់ពន្ធនាគារ រួមជាមួយមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនមួយចំនួនដែលរិះគន់រដ្ឋាភិបាលជាញឹកញាប់៕ សុខុម