30 C
Phnom Penh

លោក ហ៊ុន សែន សុំ​ជំនួយ​សម្រាប់​ជន​ចំណាក​ស្រុក​នៅ​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រទេសថៃបានសន្យាថា នឹងបង្ក្រាបកម្មករចំណាកស្រុកមកពីប្រទេសជិតខាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យសមភាគីថៃរបស់លោកជួយធ្វើឲ្យពលករចំណាកស្រុកខ្មែរទទួលបាននូវឯកសារបញ្ជាក់ភាពស្របច្បាប់ដែលត្រូវការចាំបាច់សម្រាប់ការងាររបស់ពួកគាត់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃច័ន្ទ នៅពេលត្រឡប់មកពីកិច្ចប្រជុំកំពូលកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ក្នុងក្រុងបាងកក។ (Khem Sovannara)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃច័ន្ទ នៅពេលត្រឡប់មកពីកិច្ចប្រជុំកំពូលកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ក្នុងក្រុងបាងកក។ (Khem Sovannara)

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅឯសន្និសីទកាសែតកាលពីថ្ងៃច័ន្ទនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា លោក ហ៊ុន សែន បានលើកបញ្ហានេះឡើងជាមួយសមភាគីថៃរបស់លោក គឺលោក ប្រាយុទ្ធ ចាន់អូចា នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ក្នុងក្រុងបាងកក។

ដោយពន្យល់ថា ប្រទេសកម្ពុជាកំពុងខិតខំដើម្បីបានលិខិតឆ្លងដែនឲ្យពលកររបស់ខ្លួនដើម្បីឲ្យពួកគាត់អាចទទួលបានទិដ្ឋាការការងារនោះ លោក គឹមហួន បានមានប្រសាសន៍ថា “បច្ចុប្បន្ន មានពលករចំណាកស្រុកខ្មែរប្រហែល២៤០.០០០នាក់ដែលមានលិខិតឆ្លងដែនស្រាប់ហើយ ប៉ុន្តែមិនទាន់បានផ្តល់ឲ្យពលកររបស់យើងក្នុងប្រទេសថៃទេ”។

ការប្រមាណចំនួនសរុបនៃពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃមានដល់ទៅមួយលាននាក់។

លោក ម៉ៅ ចាន់ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការិយាល័យរបស់លោកបានធ្វើការជាមួយក្រសួងការងារនិងក្រសួងការបរទេស ក្នុងការប្រឹងប្រែងដើម្បីជំរុញឲ្យរដ្ឋាភិបាលថៃបើកការិយាល័យសេវាច្រកចេញចូលតែមួយថែមទៀតក្នុងប្រទេសថៃ។

រដ្ឋាភិបាលយោធាថៃបានបង្កើតការិយាល័យជាច្រើននៅតាមបណ្តោយព្រំដែនជាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ បន្ទាប់ពីពលករចំណាកស្រុកខ្មែរជាច្រើននាក់បានរត់ភៀសខ្លួនឆ្លងដែនត្រឡប់មកវិញ ព្រោះខ្លាចការចាប់ខ្លួននិងអំពើហិង្សាក្នុងពេលបង្ក្រាបលើកមុនលើពលករចំណាកស្រុកខុសច្បាប់។

ទោះជាយ៉ាងនេះក្តី ឧត្តមសេនីយ៍ ចាន់ដារ៉ា បានមានប្រសាសន៍ថា មានតែការិយាល័យមួយប៉ុណ្ណោះបើកដំណើរការនៅពេលនេះ។

លោកបាននិយាយថា “ការផ្តល់លិខិតឆ្លងដែនជូនពលកររបស់យើងមានកម្រិតនៅឡើយ។ យើងក៏កំពុងសហការជាមួយសមភាគីថៃ ដើម្បីជំរុញឲ្យប្រទេសនេះផ្តល់ទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ និងប័ណ្ណការងារដល់ពលកររបស់យើង”។

ការប្រឹងប្រែងទាំងនេះកើតមានឡើងខណៈដែលប្រទេសថៃបានគំរាមថា នឹងបង្ក្រាបពលករចំណាកស្រុកមកពីប្រទេសជិតខាង ដោយប្រធាននគរបាលអន្តោប្រវេសន៍ថៃលោក ណាថន ហ្វ្រូស៊ុនថន (Nathorn Phrosunthorn) បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីខែមុនថា ពលករចំណាកស្រុកជាច្រើននាក់ “កំពុងលួចការងារពីប្រជាជនថៃ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស