29.3 C
Phnom Penh

នគរ​​​បាល​​​រក​​​មិនបាន​​​សាក្សី​​​ដែល​​​ឃើញ​​​ការ​​​​​​វាយ​​​ដ​​​ំ​​​អំឡុង​​​ការ​​​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ នគរបាលបានលើកឡើងថា ការសើុបអង្កេតលើការវាយដំកាល ពីថ្ងៃច័ន្ទ លើមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយរូប និងសកម្មជនសិទ្ធិដីធ្លីផ្សេងៗទៀតអំឡុងការតវ៉ាក្នុងរាជធានីភ្នំពេញ ត្រូវបានបន្ទុចបង្អាក់ដោយសារខ្វះសាក្សីដែលឃើញហេតុការណ៍ការប៉ះទង្គិចគ្នារវាងអ្នកហែក្បួន និងកងសន្តិសុខ។

រូបភាពពីវីដេអូបង្ហាញថា សន្តិសុខខណ្ឌដូនពេញកំពុងមានសកម្មភាពដាល់សកម្មជនសិទ្ធិដីធ្លី ច័ន្ទ ពុទ្ធិស័ក្តិសាក់ កាលពីថ្ងៃច័ន្ទ។ រូបថតៈ លីកាដូ
រូបភាពពីវីដេអូបង្ហាញថា សន្តិសុខខណ្ឌដូនពេញកំពុងមានសកម្មភាពដាល់សកម្មជនសិទ្ធិដីធ្លី ច័ន្ទ ពុទ្ធិស័ក្តិសាក់ កាលពីថ្ងៃច័ន្ទ។ រូបថតៈ លីកាដូ

ការវាយដំនេះដែលកើតឡើងនៅក្នុងចំណោមមនុស្សរាប់រយនាក់ និងដែលគេថតបាន ទាំងវីដេអូ និងរូបភាពជាច្រើនប្លង់ ក្នុងនោះមានមួយចំនួនត្រូវបានគេបង្ហោះតាមប្រព័ន្ធអីុនធឺណិតភ្លាមៗនោះ បានកើតមានឡើងពេលអ្នកតវ៉ាសិទ្ធិដីធ្លីហែក្បួនបានពាក់កណ្តាលផ្លូវដើម្បីរំឭកទិវាលំនៅដ្ឋានពិភពលោក។

កងសន្តិសុខខណ្ឌដូនពេញបានចូលបំបែកក្រុមអ្នកតវ៉ាបន្ទាប់ពីពួកគេព្យាយាមប្តូរទិសដៅរបស់ខ្លួន។ លោក អំ សំអាត ប្រធានបច្ចេកទេសសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូបានស្នើសុំឲ្យកងសន្តិសុខកំុប្រើអំពើហិង្សា ពេលពួកគេវាយដំមកលើរូបលោក នេះបើយោងតាមលោក អំ សំអាត និងសាក្សី ផ្សេងៗទៀត។

លោក ឆន់ កៅនី នាយប៉ុស្តិ៍សង្កាត់ជ័យជម្នះបានលើកឡើងថា លោកទទួលបានពាក្យបណ្តឹងចំនួន២ពាក់ព័ន្ធការប្រើអំពើហិង្សានេះ ១មកពីលោក អំ សំអាត ហើយ១ទៀតពីលោក ច័ន្ទ ពុទ្ធិស័ក្តិ សកម្មជនប្រឆាំងការបណ្តេញចេញដែលក៏ត្រូវបានសន្តិសុខវាយដំដែរនោះ។

លោក ឆន់ កៅនី បានមានប្រសាសន៍ថា “យើងកំពុងខិតខំធ្វើការដើម្បីធ្វើឲ្យសំណុំរឿងនេះមានដំណើរការទៅមុខ”។

ទោះជាយ៉ាងណា នគរបាលនៅមិនទាន់បានសួរនរណាម្នាក់នៅឡើយទេ ទាំងកងសន្តិសុខ និងអ្នកតវ៉ា ព្រោះពួកគេនៅមិនទាន់រកឃើញនរណាម្នាក់នៅឡើយទេ។

លោក ឆន់ កៅនី បានលើកឡើងថា “យើងកំពុងរកអ្នកបំភ្លឺ ឥឡូវហ្នឹងយើងរកអ្នកបំភ្លឺអត់ទាន់ឃើញ។ អ្នកដែលធ្វើដំណើរទៅមកៗគេថា គេមិនឃើញហេតុការណ៍អីផ្ទាល់ទេ ឯអ្នកមកមើលគេថា មើលហើយគេទៅបាត់ទៅ យើងមិនដឹងផ្ទះគេនៅឯណាឯណីទេ”។

លោកបានលើកឡើងបន្ថែមទៀតថា នគរបាលសង្កាត់ នឹងយកសំណុំរឿងនេះបញ្ជូនទៅថ្នាក់លើប្រសិនបើពួកគេមិនអាចដោះស្រាយបាន។

ទោះជាយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា លោកចង់ឃើញសន្តិសុខនិងអ្នកដាក់ពាក្យបណ្តឹងមកជជែកគ្នាច្រើនជាង។

ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា “សូមមកជជែកគ្នា។ អ្នកដែលវៃ៉ជ្រុលដៃជ្រុលជើងគួរនិយាយថា ‘សុំទោសអ្នកអើយ ថ្ងៃក្រោយកុំមានរឿងអ៊ីចឹងទៀត'”។

ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងបន្តថា ហេតុការណ៍កាលពីថ្ងៃច័ន្ទ គឺកើតឡើងដោយសារ “មានៈរៀងៗខ្លួន”។

លោកបានថ្លែងថា “បើមិនមានភ្លើង ក៏មិនមានផ្សែងដែរ ទះដៃម្ខាងអត់ឮទេ ទាល់តែទះទាំងសងខាង”។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងថា វាមិនអាចទៅរួចទេដែលនិយាយថា តើកងសន្តិសុខរបស់រដ្ឋាភិបាលបានវាយដំលើលោក អំ សំអាត ឬលោក ច័ន្ទ ពុទ្ធិស័ក្តិ មែនឬមិនមែននោះ។

លោកបានមានប្រសាសន៍ថា “ពេលហ្នឹងរញ៉េរញ៉ៃ មិនដឹងពីណាជាពីណាទេ”។

ទោះជាយ៉ាងណា រូបភាព និងវីដេអូ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកតវ៉ាបានបាំងក្បាល ហើយព្យាយាមរត់គេច ឬក៏រុលទៅមុខសកម្មជនផ្សេងៗទៀត ខណៈសន្តិសុខដាល់ក្បាលរបស់ពួកគេយ៉ាងរន្ថើន។

ពេលសម្ភាសតាមទូរស័ព្ទកាលពីម្សិលមិញ លោក អំ សំអាត បានលើកឡើងថា លេសរបស់នគរបាលដែលថា មិនទាន់រកឃើញអ្នកដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះនោះគឺមិនសមហេតុផលទេ។

លោកបានមានប្រសាសន៍ថា “វាមិនលំបាកទេក្នុងការរកពួកគេ។សន្តិសុខទាំងនោះមានមេកោយរបស់ខ្លួន ហើយពួកគេដឹងថា អ្នកទាំងនោះជានរណា”។

លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដែលល្បីឈ្មោះខាងរឿងអសោចបានចេញបទបញ្ជាឲ្យកូនចៅរបស់ខ្លួនចូលបំបែកក្រុមអ្នកតវ៉ា។ លោក អំ សំអាត ក៏បានច្រានចោលសំណើរបស់លោក ខៀវ សុភ័គ ដែលស្នើសុំឲ្យមានការជជែកគ្នាជាមួយជនដៃដល់ផងដែរ។

លោកបានមានប្រសាសន៍ថា “យើងចង់បានលទ្ធផលដោយយោងតាមច្បាប់ និងចង់បានការបញ្ចប់ការប្រើអំពើហិង្សាទាំងអស់។ បុគ្គលដែលប្រព្រឹត្តអំពើនេះត្រូវតែចាប់ឲ្យ ទទួលខុសត្រូវ”។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការវាយដំនេះមិនត្រូវបានលើកយកមកពិភាក្សាជាមួយ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ឡើយអំឡុងជំនួបកាលពីម្សិលមិញ។

ទោះជាយ៉ាងណា លោក កែវ រ៉េមី បានលើកឡើងថា លោក មានការងឿងឆ្ងល់អំពីពេលវេលាដែលកើតមានហេតុការណ៍នេះ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើលោកស្រី រ៉ូណា ស្មីត មិនមកទេ តើហេតុការណ៍មិនកើតឡើងទេមែនទេ? វាមានភាពស្ងៀមស្ងាត់ គ្មានបញ្ហាអ្វីទេ។ ប៉ុន្តែ ពេលលោកស្រី រ៉ូណា ស្មីត មកដល់ស្រាប់តែមានការហែក្បួន និងមានអំពើហិង្សាតែម្តង។ យើងចាំបាច់ត្រូវតែសួរសំណួរនេះ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស