អ្នកនាំពាក្យក្រសួងម្នាក់បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមកបំពេញទស្សនកិច្ចស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការព្រាងសេចក្តីព្រាងច្បាប់លើកដំបូងរបស់ខ្លួនស្តីពីការពពោះជំនួស។
អ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារូបនេះ ដែលបានមកដល់កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ បានជួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដូចជាស្វែងរកជម្រើសចំពោះការឃុំខ្លួនមុនការជំនុំជម្រះ ការធ្វើឱ្យតុលាការកាន់តែឯករាជ្យ និងការដាក់ទោសទណ្ឌដល់អ្នកដែលប្រើអំពើហិង្សាលើស្ត្រី និងកុមារជាដើមដែល ភាគីទាំងពីរបានលើកឡើងនៅពេលក្រោយ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍ថា លោកស្រី រ៉ូណា ស្មីត បានស្វាគមន៍ការងាររបស់រដ្ឋាភិបាលស្តីពីការបង្កើតច្បាប់ជុំវិញស្ត្រីជាម្តាយដែលពពោះកូនឱ្យប្តីប្រពន្ធផ្សេងៗ ជាពិសេសមកពីបរទេស ហើយសុខចិត្តផ្តល់ជំនួយ។
លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា លោកស្រី រូ៉ូណា ស្មីត “នឹងជួយរៀបចំច្បាប់ដើម្បីគ្រប់គ្រងការពពោះជំនួស”។ លោកបានបន្ថែមថា លោកស្រីនឹងផ្តល់ព័ត៌មានសង្ខេបទាក់ទងច្បាប់នានានៅក្នុងប្រទេសមួយចំនួនទៀត។
ក្រសួងបាននិងកំពុងធ្វើការជាមួយក្រុមមន្ត្រីអូស្ត្រាលីចាប់តាំងពីខែកក្កដាមកស្តីពីការស៊ើបអង្កេតរកវិធីសាស្ត្រដើម្បីគ្រប់គ្រងអាជីវកម្មដែលកំពុងរីកដុះដាលនេះក្នុងនោះ អន្តរការីផ្នែកពពោះជំនួសជាង៥០នាក់បានផ្សព្វផ្សាយពីសេវាកម្មរបស់ខ្លួនរួចហើយនៅក្នុងប្រទេសកម្ពុជា។
ហានិភ័យនៃការពពោះជំនួសដែលគ្មានច្បាប់គ្រប់គ្រងរួមមានអន្តការីមិនស្មោះត្រង់ និងប្តីប្រពន្ធមកពីបរទេសដែលបោះបង់ចោលទារកដែលកើតមកមានពិការភាព។
កាលពីឆ្នាំមុន ប្រទេសថៃបានហាមឃាត់ការពពោះលក្ខណៈអាជីវកម្មសម្រាប់ប្តីប្រពន្ធជាជនបរទេស និងប្តីប្រពន្ធមានភេទដូចគ្នាបន្ទាប់ពីប្តីប្រពន្ធជនជាតិអូស្ត្រាលីមួយគូត្រូវបានចោទប្រកាន់ថា បានទុកទារកចោលជាមួយអ្នកពពោះជំនួសជនជាតិថៃក្នុងឆ្នាំ២០១៤បន្ទាប់ពីដឹងថា ទារកនោះកើតមកខ្សោយបញ្ញាពីកំណើត។
និយាយទៅកាន់អ្នកយកព័ត៌មានចន្លោះជំនួប លោកស្រី រ៉ូណា ស្មីតមិនបានបញ្ជាក់លម្អិតពីករណីជាក់លាក់ដែលលោកស្រីបានពិភាក្សាជាមួយក្រុមមន្ត្រីក្រសួងឡើយ។
នៅពេលរសៀល លោកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោកស្រីបានថ្លែងថា “ជាទូទៅ យើងបានពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងទស្សនៈរបស់ឯកឧត្តមស្តីពីស្ថានភាពនាពេលបច្ចុប្បន្ននេះ។ ពិតមែនហើយ មានកង្វល់ជាច្រើនអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាដែលខ្ញុំបានលើកឡើងជាមួយរដ្ឋមន្ត្រីផ្សេងៗទៀតគ្រប់ជំនួបអំឡុងបេសកកម្មនេះស្តីពីបញ្ហាមួយចំនួនទៀត”។

លោក កែវ រ៉េមី បានមានប្រសាសន៍ថា លោកបានប្រាប់លោកស្រី រ៉ូណា ស្មីត អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូឡុំប៊ី ជាកន្លែងដែលក្រុមឧទ្ទាមបានដុតបំផ្លាញផ្ទះសម្បែង និងចាប់ស្ត្រីរំលោភ ហើយ ថា បើធ្វើការប្រៀបធៀប ប្រទេសកម្ពុជា គឺមាន “ស្ថានភាពធម្មតា” ពីព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយសង្គ្រោះប្រទេសជាតិពីមេដឹកនាំខ្មែរក្រហម ប៉ុល ពត។
នៅក្នុងប្រទេសកូឡុំប៊ី កិច្ចព្រមព្រៀងសន្តិភាពកាលពីពេលថ្មីៗនេះរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមម៉ាក្សនិយមបានបរាជ័យនៅក្នុងការធ្វើប្រជាមតិ ពីព្រោះជនរងគ្រោះដោយសារសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍បានបោះឆ្នោត “គាំទ្រ” ប៉ុន្តែអ្នកដែលមិនបានរងផលប៉ះពាល់ បានបោះឆ្នោត”បដិសេធ”។
លោកបានថ្លែងថា ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសកម្ពុជា ជនបរទេសដែលមិនបានជួបបញ្ហានៅក្នុងប្រទេសនេះ រារាំងកិច្ចការរបស់រដ្ឋាភិបាល។
លោកបានបន្តថា “ពួកគេចេះតែស្រែកថា មានបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅពេលមានអ្នកដែលប្រឈមបញ្ហាទាំងអស់នេះ ផ្តល់ការគាំទ្រនោះ”។
ការយល់ដឹងរបស់ប្រជាពលរដ្ឋពីការធ្វើប្រជាមតិនៅក្នុងប្រទេសកូឡុំប៊ីគឺថាជនរងគ្រោះជាច្រើនពិតជាបានបោះឆ្នោតប្រឆាំងកិច្ចព្រមព្រៀងនេះ ពីព្រោះពួកគេគិតថា វាធ្វើសម្បទានច្រើនពេកដល់ពួកឧទ្ទាម៕ សារុន