38.8 C
Phnom Penh

ពាណិជ្ជកម្ម​ព្រុយ​​​​ត្រី​​​ឆ្លាម​​​​​​​​នៅ​តែ​កើត​មាន​​​នៅ​​​​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ទោះជា​​​មានបម្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ត្រីងៀតដែលធំក្លិនឆួលខ្លាំងទាំងគំនរៗមានដាក់លក់នៅតាមតូបតូចៗលើជាន់ផ្ទាល់ដីនៃផ្សារអូរឫស្សីក្នុងរាជធានីភ្នំពេញ ខណៈត្រីដែលទើបមកដល់ថ្មីដាក់ក្នុងចានដែក។ អ្វីដែលគេដាក់ក្នុងថង់ព្យួររណេងរណោងពីលើតូបមួយចំនួន គឺព្រុយត្រីឆ្លាមស្ងួតដែលស្វិតដូចស្បែកប្រវែងកន្លះម៉ែត្រសម្រាប់យកទៅចម្អិនធ្វើស៊ុបដែលមានតម្លៃខ្ពស់ដោយសារតែរសជាតិរបស់វា។

ក្នុងឋានៈជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រភេទសត្វជិតផុតពូជ ប្រទេសកម្ពុជាបានប្រកាសចាត់ទុកការលក់ព្រុយត្រីឆ្លាមថាខុសច្បាប់ទាំងស្រុង។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ការលក់ព្រុយឆ្លាមធ្វើឡើងដោយបើកចំហ និងដោយគ្មានការរំខានពីសមត្ថកិច្ច។

នៅឯកិច្ចប្រជុំចុងក្រោយបំផុតនៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិជិតផុតពូជហៅកាត់ថា CITES ក្នុងទីក្រុងចូហាណេស្បឺក (Johannesburg) កាលពីសប្ដាហ៍មុន ការរឹតបន្តឹងពាណិជ្ជកម្មត្រូវបានអនុម័តលើត្រីឆ្លាមចំនួនបួនប្រភេទបន្ថែមទៀតដែលជាញឹកញាប់ព្រុយរបស់វាត្រូវគេធ្វើពាណិជ្ជកម្មដូចជា អម្បូរត្រីឆ្លាម Silky Shark ចំនួនបីប្រភេទ និងត្រីឆ្លាម Thresher Shark។ ត្រីឆ្លាមប្រាំបីប្រភេទទៀតត្រូវបានរឹតបន្តឹងកាលពីមុនរួចហើយ។

ការរឹតបន្តឹងរបស់ CITES ធ្វើឡើងស្របពេលចំនួនត្រីឆ្លាមទូទាំងពិភពលោកកាន់តែខិតជិតទៅរកការផុតពូជ។ របាយការណ៍មួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ PEW ResearchCenter មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបញ្ចេញកាលពីដើមឆ្នាំនេះបញ្ជាក់ថា ក្នុងមួយឆ្នាំៗត្រីឆ្លាមដែលត្រូវបានសម្លាប់មានចំនួន១០០លានក្បាល ហើយចំនួនត្រីឆ្លាម Silky Shark និង Thresher Shark បានធ្លាក់ចុះពី៧០ដល់៩៩ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលមានប្រសាសន៍ថា ក្រសួងកសិកម្មបានដឹងពីការរឹតបន្តឹងរបស់អនុសញ្ញានេះ ហើយក៏ដឹងដែរថា អ្នកចែកចាយព្រុយត្រីឆ្លាមនាំចូលវាដោយខុសច្បាប់។

លោកបានលើកឡើងកាលពីសប្ដាហ៍មុនថា ”រហូតមកទល់ពេលេនះយើងមិនដែលទទួលបានការអនុញ្ញាតឱ្យនាំត្រីឆ្លាម ឬព្រុយត្រីឆ្លាមចូលក្នុងប្រទេសកម្ពុជាទេ”។ លោកមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា គ្មានយន្តការសម្រាប់ផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ដល់ការនាំចូលបែបនេះទេ ហើយគ្មានការប្រមាញ់ត្រីឆ្លាមកើតឡើងឡើយនៅសមុទ្រ។

អ្នកដែលធ្វើពាណិជ្ជកម្មក្នុងទីផ្សារព្រុយត្រីឆ្លាមនៅប្រទេសកម្ពុជា និយាយថា ពួកគាត់មិនដែលមានគេសួរដេញដោលទេ ហើយមួយចំនួនក្នុងចំណោមពួកគាត់មិនដឹងថាច្បាប់ហាមឃាត់ការអនុវត្តដូចនេះឡើយ។

ស្ត្រីអាជីករឈ្មោះ លី ហួ និយាយថា “ទាំងនេះជាការព្រួយបារម្ភរបស់រដ្ឋបាលជលផល”។ ធ្វើកាយវិការចង្អុលទៅត្រីងៀតនៅខាងមុខតូបរបស់ខ្លួនក្នុងផ្សារអូរឫស្សី ស្ត្រីរូបនេះនិយាយទៀតថា “មិនមែនព្រុយត្រីឆ្លាមទេ”។

លោក មែតស៊ូ ព្រីតឆេត (Matthew Pritchett) ដែលបម្រើការងារឱ្យអង្គការមិនមែនរដ្ឋាភិបាល Freeland ដែលមានមូលដ្ឋាននៅប្រទេសថៃ ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃនៅអាស៊ីអាគ្នេយ៍ ថ្លែងថា នៅទូទាំងពិភពលោក ត្រីឆ្លាមជាច្រើនត្រូវបាន “កាត់យកព្រុយ” ហើយទម្លាក់ចូលក្នុងទឹកវិញទាំងរស់។ ”វិធីដែលពួកគេធ្វើគឺសាហាវណាស់។ ត្រីឆ្លាមមិនអាចដកដង្ហើមបានទេ បើវាហែលមិនរួច”។

លោកបានបន្តថា ដោយស្ថិតនៅលំដាប់កំពូលក្នុងសង្វាក់អាហារគ្រឿងសមុទ្រ ត្រីឆ្លាម “មានសារៈសំខាន់ចំពោះការរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យរឹងមាំ” តាមរយៈការគ្រប់គ្រងចំនួនត្រីតូចៗដែលនឹងធ្វើឱ្យអន្តរាយដល់ថ្មប៉ប្រះទឹក និងបណ្ដោយឱ្យវារីជាតិដែលបង្កការបំផ្លិចបំផ្លាញកើនឡើង។ “ពួកវាជួយគ្រប់គ្រងប្រភេទសត្វនានា”។

នៅក្នុងប្រទេសថៃ អង្គការ Freeland កំពុងជំរុញឱ្យសណ្ឋាគារ និងភោជនីយដ្ឋាននានាឈប់បម្រើមុខម្ហូបព្រុយត្រីឆ្លាម។ ប៉ុន្តែលោក ថូម៉ាស ហ្គ្រេ (Thomas Cray) ប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា គ្មានអង្គការមិនមែនរដ្ឋាភិបាលណាមួយធ្វើកិច្ចការពាក់ព័ន្ធបញ្ហានេះទេ។

លោក មែតស៊ូ ព្រីតឆេត បានបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទិនប្រទេសថៃ ដែលកំពុងអនុវត្តវិធានរបស់ CITES ពិតប្រាកដបានយ៉ាងល្អនៅតាមចំណុចត្រួតពិនិត្យគយនៃអាកាសយានដ្ឋាននានាដែលមន្ត្រីគយប្រឈមបញ្ហាក្នុងការបែងចែកខុសពីគ្នារវាងព្រុយត្រីឆ្លាមស្របច្បាប់ និងព្រុយត្រីឆ្លាមខុសច្បាប់។

លោកគូសបញ្ជាក់ថា ”មានចំណុចពិបាកតិចតួចក្នុងការកំណត់ទាក់ទិនពាណិជ្ជកម្មព្រុយត្រីឆ្លាម។ ពេលអ្នកទទួលបានព្រុយត្រីឆ្លាម គឺពិបាកនឹងប្រាប់ណាស់ថាវាជាប្រភេទណាមួយ”។

លោក អេង ជាសាន ដែលមកពីរដ្ឋបាលជលផលមានប្រសាសន៍ថា ប្រទេសកម្ពុជា មិនដែលធ្វើការត្រួតពិនិត្យទៅលើអ្នកនាំចូលព្រុយត្រីឆ្លាមទេ  ពីព្រោះក្នុងចំណោមអ្នកនាំចូលទាំងនោះគ្មាននរណាមួយស្របច្បាប់ ឬធ្លាប់ដាក់ពាក្យសុំអាជ្ញាប័ណ្ណឡើយ។

ទាំងអគ្គនាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងសមត្ថកិច្ចរបស់ CITES នៅកម្ពុជា សុទ្ធតែមិនបានឆ្លើយតបទៅនឹងសំណើជាច្រើនលើកសុំការបំភ្លឺ។

អ្នកស្រី អេង ឡាយឡុង ប្រធានផ្នែកចាត់ចែងលក់នៅភោជនីយដ្ឋាន Old Place Seafood នៅតាមផ្លូវមុន្នីវង្សលើកឡើងថា មន្ត្រីនគរបាល និងសមត្ថកិច្ចផ្សេងៗទៀតបានចូលទៅទទួលទានអាហារនៅក្នុងភោជនីយដ្ឋានរបស់អ្នកស្រីជាញឹកញាប់ ហើយគ្មានអ្នកណាសួរដេញដោលអំពីស៊ុបព្រុយឆ្លាមដែលមានក្នុងបញ្ជីរាយនាមមុខម្ហូបឡើយ។ ភោជនីយដ្ឋាននេះទិញព្រុយត្រីឆ្លាមពីប្រទេសចិន ហើយលក់ស៊ុបព្រុយឆ្លាមក្នុងមួយចានតម្លៃចន្លោះពី១៥ដុល្លារទៅ៤៥ដុល្លារ។ ស្ត្រីរូបនេះនិយាយទៀតថា ម៉ូយរបស់គាត់ “មិនដែលនិយាយអីពីវាទេ”។

អ្នកស្រី លី ហួ ដែលជាអាជីវករលក់ព្រុយត្រីឆ្លាមនៅផ្សារអូរឫស្សីនិយាយថា គាត់ទិញព្រុយត្រីឆ្លាមពីប្រទេសជាច្រើនរួមទាំងប្រទេសឥណ្ឌា និងអូស្ត្រាលីផងដែរ ប៉ុន្តែមិនដែលទិញវាពីប្រទេសចិនទេ ព្រោះពួកគេដាក់ថ្នាំគីមីលើព្រុយទាំងនោះដើម្បីឱ្យវាស។ “ប៉ុន្តែខ្ញុំមិនដឹងថា ពួកគេមានអាជ្ញាប័ណ្ណឬក៏អត់ទេ”។

អ្នកស្រីនិយាយទៀតថា “ខ្ញុំធ្លាប់លក់ដាច់អស់១តោនក្នុង១ខែ។ ពេលនេះឈប់ហើយ ប្រជាជនអត់មានលុយទិញទេ” ហើយថា ក្នុង១ខែៗគាត់លក់ព្រុយត្រីឆ្លាមស្ងួតដាច់ចន្លោះពី៣០ទៅ៥០គីឡូ ដោយក្នុងមួយគីឡូមានតម្លៃចាប់ពី១២០ដុល្លារដល់៤៥០ដុល្លារហើយគាត់ចូលចិត្តទទួលទានស៊ុបព្រុយត្រីឆ្លាម ពីព្រោះវាផ្ដល់ “ថាមពលរឹងមាំ” ដល់គាត់។

នៅពេលជជីកសួរ លោក អេង ជាសាន បានទទួលស្គាល់ថា មិនថាខុសច្បាប់ឬក៏អត់ទេ គឺប្រទេសកម្ពុជា ពិតជាមានការធ្វើពាណិជ្ជកម្មលើព្រុយត្រីឆ្លាមមែន។ លោកអះអាងថា ប៉ុន្តែវាតូចតាច និងមានការលាក់កំបាំង។

លោកបានមានប្រសាសន៍ទៀតថា ”បើទៅហុងកុង អ្នកនឹងឃើញវានៅតាមផ្សារ។ ប៉ុន្តែនៅទីនេះ នៅតាមភោជនីយដ្ឋាន ពួកគេលាក់បាំងការធ្វើពាណិជ្ជកម្មវា”។

នៅពេលសួរថា តើគាត់យល់ថាអាជីវកម្មរបស់គាត់នឹងរងផលប៉ះពាល់ដោយសារវិធានថ្មីទាំងនេះដែរឬទេ អ្នកស្រី អេង ឡាយឡុង គ្រវីក្បាលដោយបង្ហាញបញ្ជីរាយនាមមុខម្ហូបដែលរាយនាមតម្លៃស៊ុបព្រុយឆ្លាមរបស់ភោជនីយដ្ឋានរបស់គាត់។ អ្នកស្រីនិយាយថា “យើងមិនមែនរកស៊ីរយៈពេលខ្លីទេ គឺច្រើនឆ្នាំមកហើយ។ សហគមន៍អន្តរជាតិមិនប៉ះពាល់ដល់ការរកស៊ីនេះទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស