29 C
Phnom Penh

អាជ្ញាធរ​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​ប្រេង​និង​យានដ្ឋាន​បណ្ដែត​ទឹក​នៅ​កំពង់ឆ្នាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលនៅខេត្តកំពង់ឆ្នាំងកំពុងខំប្រឹងប្រែងជាថ្មីដើម្បីឲ្យគ្រួសារដែលរស់នៅក្នុងភូមិបណ្តែតទឹកតាមបណ្តោយទន្លេសាបរើស្ថានីយចាក់ប្រេងនិងយានដ្ឋានរបស់ពួកគេទៅដីគោក ក្នុងការខិតខំដើម្បីធ្វើឲ្យទន្លេនេះស្អាតឡើងវិញ។

លោក ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ហាងលក់ដូរបណ្តែតទឹករបស់ក្រុមជនជាតិភាគតិចវៀតណាមដែលមានច្រើនលើសលុបក្នុងសហគមន៍នានា ត្រូវបានបង្ខំឲ្យឡើងគោកកាលពីឆ្នាំមុន ប៉ុន្តែតាំងពីពេលនោះមក ភាគច្រើនបានវិលត្រឡប់មកវិញ។

លោកបានមានប្រសាសន៍ថា “យើងចង់រក្សាទឹកឲ្យនៅស្អាត ពីព្រោះមនុស្សគ្រប់គ្នាប្រើទឹកទន្លេនេះរាល់ថ្ងៃ។ ពួកគេបានបំផ្លាញទឹកទន្លេ បរិស្ថាន ត្រី និងជីវចម្រុះ”។

លោក ឈិន សុផាត ដែលជាប្រធានការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តនេះ បាននិយាយថា លោកនិងមន្ត្រីរបស់លោកបានចាប់ផ្តើមសំដៅលើស្ថានីយប្រេង ក៏ដូចជាហាងម៉ាស៊ីននិងហាងអាគុយនៅព្រឹកថ្ងៃអង្គារ ហើយបានបិទចំនួនប្រាំពីរកន្លែងរួចហើយ។ លោកបាននិយាយថា ហាងទាំងអស់ផ្សេងទៀតនឹងអនុញ្ញាតឲ្យនៅបើក។

លោក សុផាត បាននិយាយថា “ប្រេងដែលហៀរចូលទន្លេអាចធ្វើឲ្យខូចបរិស្ថាន។ មនុស្ស ត្រី និង សត្វ នឹងមានគ្រោះថ្នាក់ដោយសារប្រេងដែលហៀរចេញ”។

លោក ង្វៀន យ៉ន ម៉ាស ដែលរស់នៅលើទន្លេនេះ បាននិយាយថា ការប្តូរទីកន្លែងនឹងធ្វើឲ្យជីវភាពរស់នៅលំបាកជាងមុនសម្រាប់រូបគាត់ និងអ្នកនេសាទផ្សេងទៀតដែលរស់នៅលើទឹកទន្លេនេះ ដោយហេតុថា ពួកគាត់ត្រូវឡើងលើគោកគ្រប់លើក ដែលពួកគាត់ត្រូវការចាក់សាំង ឬជួសជុលម៉ាស៊ីនកាណូតរបស់ពួកគាត់។ គាត់បាននិយាយថា ម្ចាស់ហាងក៏នឹងជួបការលំបាកដែរ ក្នុងការស្វែងរកនិងការលៃលកកន្លែងនៅដីគោកដើម្បីជួល ឬទិញ។

លោកបាននិយាយថា “យើងមិនសប្បាយចិត្តនឹងបម្រាមនេះទេ ប៉ុន្តែយើងគ្មានជម្រើស”។

លោក សុផាត បានបង្ហាញសមានចិត្តបន្តិចបន្តួច។

លោកបាននិយាយថា “ខ្ញុំមិនដឹងទេអំពីរឿងហ្នឹង។ វាជាបញ្ហារបស់ពួកគាត់។ ពួកគាត់គួររកកន្លែងមួយបើកការរកស៊ីដោយខ្លួនឯង”។

កាលពីចុងឆ្នាំមុន អាជ្ញាធរមូលដ្ឋានបានចាប់ផ្តើមនូវអ្វីដែលពួកគេបាននិយាយថាជាគម្រោងរយៈពេលប្រាំឆ្នាំនៃការបញ្ជូនមនុស្សប្រហែល១.០០០គ្រួសារដែលរស់នៅតាមភូមិបណ្តែតទឹក ដែលគេមើលទៅមិនសមនឹងភ្នែក ចេញពីទីរួមខេត្តនេះ ទៅកន្លែងមួយនៅចម្ងាយប្រហែលបីគីឡូម៉ែត្រនៅដើមខ្សែទឹក។

កាលពីថ្ងៃអង្គារ លោក សុផាត បានមានប្រសាសន៍ថា ការរើទីកន្លែងនេះបានបញ្ចប់រួចរាល់ហើយ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស