26 C
Phnom Penh

ក្រសួង​ស៊ើបអង្កេត​មេបញ្ជាការ​ដែល​ប្រព្រឹត្ត​លើ​ទាហាន​ដូច ‘ឆ្កែ ឆ្មា’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតការប្រព្រឹត្តរបស់មេបញ្ជាការកងពលតូចម្នាក់នៅខេត្តបាត់ដំបង ដែលបានទទួលរងការចោទប្រកាន់ ថាបានរំលោភបំពាន មានដូចជាការបន្លំយកប្រាក់ហូបរបស់យោធិនរហូតដល់រំលោភចុងភៅជាដើម។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ទាក់ទិននឹងខិត្តប័ណ្ណអនាមិកមួយដែលផ្សព្វផ្សាយក្នុងក្រុងបាត់ដំបងដែលរៀបរាប់អំពីការចោទប្រកាន់ជាច្រើនលើលោក ម៉ី សឹង្ហន ឧត្តមសេនីយ៍ផ្កាយពីរ និងជាមេបញ្ជាការកងពលតូចលេខ៥២ថា “ខ្ញុំបានឃើញលិខិតនោះ ហើយយើងកំពុងស៊ើបអង្កេត”។

ដោយបដិសេធមិននិយាយថា តើឧត្តមសេនីយ៍ត្រី សឹង្ហន អាចត្រូវដកចេញពីតំណែងឬយ៉ាងណានោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា “ខ្ញុំទទួលស្គាល់ថា ការចោទប្រកាន់មួយចំនួនក្នុងលិខិតនោះគឺពិត ប៉ុន្តែការចោទប្រកាន់មួយចំនួនមិនពិតទេ”។

លោកបានមានប្រសាសន៍ថា “អ្នកកាសែតមិនបាច់ខ្វល់ទេ គេចេះធ្វើការហើយ”។

ខិត្តប័ណ្ណ ដែលបង្កើតដោយទាហានអនាមិកជាច្រើននាក់ក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍រូបនេះ បាចនៅតាមផ្លូវ ចោទគាត់ពីបទធ្វើបាប កាត់ប្រាក់ហូបរបស់ពួកគាត់ និងរំលោភភរិយាម្នាក់ក្នុងចំណោមភរិយារបស់ពួកគាត់។

លិខិតនោះបាននិយាយថា “លោក សឹង្ហន បានរំលោភចុងភៅម្នាក់ ដែលជាប្រពន្ធយោធិនពិការ-ពលី ហើយគ្រប់គ្នានៅក្នុងកងពលតូចនេះដឹងអំពីករណីនេះ”។

លិខិតនោះបានបន្ថែមថា “មេបញ្ជាការរូបនេះអសីលធម៌និងគ្មានសមត្ថភាពគ្រប់គ្រងកម្លាំង។ គាត់តែងតែជេរបញ្ចោរពួកយើងចំពោះមុខកូនទាហានក្នុងជួរ ដូចឆ្កែដូចឆ្មា សូម្បីតែមេបញ្ជាការរង នាយរងសេនាធិការក៏ត្រូវបានឯកឧត្ដម ម៉ី សឹង្ហនជេរដែរ”។

“ជួនកាល យើងយកឯកសារឲ្យគាត់ចុះហត្ថលេខា។ ពេលគាត់សប្បាយចិត្ត គាត់ចុះហត្ថលេខាឲ្យ ពេលគាត់មិនសប្បាយចិត្តគាត់ជេរ ហើយគ្រវាត់ឯកសារពួកយើងខ្ញុំចោលទៀត”។

លិខិតនោះក៏ចោទឧត្តមសេនីយ៍ត្រី សឹង្ហន ពីបទពុករលួយតូចតាចជាច្រើនក្នុងនោះមានទាំងការលួចយកប្រាក់ឧបត្ថម្ភអាហាររបស់ទាហាន លួចសាំងទាហាន និងប្រាក់សំណងដែលបង់ដោយក្រុមហ៊ុនចិន បន្ទាប់ពីទំនប់មួយក្បែរនោះបានធ្វើឲ្យជន់លិចលង់ផ្ទៃដី១៥ហិកតារបស់កងពលតូចនេះ។ ខិត្តប័ណ្ណក៏អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកឧត្តមសេនីយ៍រូបនេះចេញពីតំណែងទៀតផង។

សមាជិកកងពលតូចលេខ៥២រួញរាមិនហ៊ានពិភាក្សាអំពីការអះអាងនេះទេកាលពីម្សិលមិញ។

លោក គុច នាង វរសេនីយ៍ឯក និងជាមេបញ្ជាការរងកងពលតូច បាននិយាយថា “លោក សឹង្ហន បានប្រព្រឹត្តដូចការចោទប្រកាន់លើកឡើងក្នុងលិខិតនេះមែន ប៉ុន្តែខ្ញុំមិនចង់ផ្តល់ការអត្ថាធិប្បាយលើករណីនេះទេ ពីព្រោះយើងគួរទុកឲ្យក្រសួងការពារជាតិស៊ើបអង្កេត”។

លោកឧត្តមសេនីយ៍ត្រី សឹង្ហន បាននិយាយថា ខិត្តប័ណ្ណនោះជាផ្នែកមួយនៃឧបាយកលដើម្បីដកលោកចេញពីតំណែងរបស់លោក។

លោកបាននិយាយថា “ការចោទប្រកាន់នេះមិនពិតទេ។ អ្នកទាំងនោះចោទខ្ញុំ ពីព្រោះពួកគេចង់ផ្តួលខ្ញុំ និងយកតំណែងរបស់ខ្ញុំ”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស