ទោះបីជាមានជំនួបរាប់មិនអស់ជាមួយក្រុមមន្ត្រី និងការផ្ដល់អនុសាសន៍ជាបន្ត បន្ទាប់ដើម្បីធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជា មាន ភាពប្រសើរឡើងក៏ដោយ តែលោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតអង្គការសហប្រជាជាតិនៅតែឃើញស្ថានភាពដ៏យ៉ាប់យ៉ឺនរាល់ពេលដែលលោកស្រីមកបំពេញទស្សនកិច្ច។
ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកឡើងថា លោក ស្រីនៅតែសង្ឃឹមថា នឹងធ្វើឱ្យមានភាពប្រសើរឡើងបន្តិចម្តងៗ។

លោកស្រីបានមានប្រសាសន៍ថា “គោលបំណងគឺថា យើងនឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំខាន់ៗ និងក្ដីបារម្ភ ហើយថា តាមរយៈការធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត យើងចូលរួមចំណែក ជួយលើកស្ទួយស្ថានភាពសិទ្ធិមនុស្សក្នុងចំណោមសាធារណជនទូទៅនៅកម្ពុជា”។
លោកស្រី រ៉ូណា ស្មីត ដែលត្រូវបានចាត់តាំងកាលពីឆ្នាំមុន ប្រឈមនឹងប្រតិកម្មពាក់ព័ន្ធការរិះគន់ដ៏ខ្លាំងរបស់លោកស្រីចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការចាត់វិធានការលើគណបក្សប្រឆាំងតាមរយៈតុលាការ។ ទាំងប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្នប្រឈមការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅក្នុងសំណុំរឿងដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា មានហេតុផលនយោបាយ ហើយមន្ត្រីគណបក្សប្រឆាំង និងអ្នករិះគន់ប្រហែល៣០នាក់ត្រូវបានចាត់ទុកថា ជាអ្នកទោសនយោបាយដោយអង្គការសិទ្ធិមនុស្សលីកាដូ។
កាលពីខែមុន ជាការឆ្លើយតបចំពោះរបាយការណ៍របស់លោកស្រីដែលរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវ ប្រេសិតប្រចាំប្រទេសកម្ពុជារូបនេះបានលើកឡើងថា សេចក្តីសន្និដ្ឋានរបស់លោកស្រីមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៅកម្ពុជាទេ ហើយមិនបានពិចារណាអំពីបរិបទសិទ្ធិមនុស្សដ៏ជាក់លាក់ក្នុងប្រទេសនេះឡើយ។
លោកស្រី រ៉ូណា ស្មីត បានឆ្លើយតបកាលពីម្សិលមិញថា “ប៉ុន្តែនោះគឺជាអ្វីដែលខ្ញុំពិតជាបានធ្វើមែន។បរិបទសិទ្ធិមនុស្សនៅកម្ពុជាមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ”។
លោកស្រីបានបន្ថែមថា “ហើយវាត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ដែលព្រមព្រៀងដោយស្ម័គ្រចិត្តនៅក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិមួយចំនួន។ វាមិនមែនជាការចាប់បង្ខំកម្ពុជាទេ”។
អំឡុងពេលបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃក្នុងពេលបច្ចុប្បន្នរបស់លោកស្រី ដែលជាការបំពេញទស្សនកិច្ចលើកទី៣ហើយចាប់តាំងពីលោកស្រីត្រូវបានចាត់តាំងកាលពីខែមីនាឆ្នាំមុនមកនោះ លោកស្រី រ៉ូណា ស្មីត មិននិយាយអ្វីច្រើនទេ អំពីអ្វីដែលលោកស្រីគិត និងអ្វីដែលគេនិយាយប្រាប់ ប៉ុន្តែអ្នកចូលរួមពិភាក្សាជាមួយលោកស្រីបែរជានិយាយច្រើនទៅវិញ ។

កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត បានជួបជាមួយលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ហើយបានពិភាក្សាអំពីមណ្ឌលសង្គមកិច្ចព្រៃស្ពឺមានឈ្មោះអសោចនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរិះគន់ជាយូរមកហើយថាជាកន្លែងឃុំឃាំងដ៏អមនុស្សធម៌សម្រាប់ជនអនាថា។
លោកស្រីបានលើកឡើងពីក្ដីព្រួយបារម្ភម្ដងហើយម្ដងទៀតអំពីមណ្ឌលនេះ ប៉ុន្តែយោងតាមលោក ឯម ចាន់មករា អ្នកនាំពាក្យក្រសួងនេះបានឱ្យដឹងថា ពេលចប់កិច្ចពិភាក្សាលោកស្រី “បានសរសើរ និងអបអរសាទរ”ចំពោះការធ្វើបទបង្ហាញរបស់រដ្ឋមន្ត្រីស្ដីអំពីភាពប្រសើរឡើងដែលក្រសួងសម្រេចបាន។
លោក ឯម ចាន់មករា បានថ្លែងថា “ជាទូទៅលោកស្រី រ៉ូណា ស្មីត មានការភ្ញាក់ផ្អើល បន្ទាប់ពីបានជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី។ យើងមើលឃើញថា ព័ត៌មានដែលលោកស្រីទទួលបានគឺអវិជ្ជមាន ប៉ុន្តែលោកស្រីទទួលបានព័ត៌មានពិតពីឯកឧត្ដមរដ្ឋមន្ត្រី”។
ក្រោយមកលោកស្រីបានជួបជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិដែលអនុប្រធានរូបនេះបានសម្ងំលាក់ខ្លួនតាំងពីខែឧសភាមកដើម្បីគេចពីចាប់ខ្លួន។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា យើងបានស្នើសុំឱ្យលោកស្រីជួយធ្វើឱ្យស្ថានភាពប្រសើរឡើង ដើម្បីទប់ស្កាត់ការរំលោភបំពានសិទ្ធិមនុស្សនិងសិទ្ធិនយោបាយទាំងអស់ដើម្បីធ្វើឱ្យបរិយាកាសនយោបាយវិលមករកសភាពធម្មតាវិញ និងធានាការបោះឆ្នោតដោយសេរី និងតម្លាភាព”។
ពេលសួរអំពីសំណើនេះ លោកស្រី រ៉ូណា ស្មីត ហាក់បីដូចជាមានការភ្ញាក់ផ្អើល។ លោកស្រីបានមានប្រសាសន៍ថា “និយាយឱ្យត្រង់ទៅ ខ្ញុំមិនគិតថា ខ្ញុំទទួលបានសំណើដ៏ជាក់លាក់សុំឱ្យជួយធ្វើឱ្យការបោះឆ្នោតប្រកបដោយភាពសេរី និងយុត្តិធម៌សោះ”។ ទោះជាយ៉ាងណាលោកស្រីបានបន្ថែមថា វាគឺជាអ្វីដែលលោកស្រីកំពុងតែស្វះស្វែងធ្វើហើយ។ លោកស្រីបានថ្លែងថា “ខ្ញុំគិតថា វាគឺជាផ្នែកនៃតួនាទីរបស់ខ្ញុំ”៕ ស៊ុយឈាង