មន្ត្រីសាលារាជធានីភ្នំពេញបានផ្លាស់ប្តូរចិត្តកាលពីម្សិលមិញ បន្ទាប់ពីច្រានចោលភ្លាមៗនូវសំណើសុំរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃសម្រាប់សពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករបាញ់សម្លាប់នោះ ប៉ុន្តែ បានអះអាងថា អ្នកចូលរួមទាំងនោះប្រហែលជាមិនអនុញ្ញាតឱ្យមកជិតលោក ស៊ី ជីនភីង ប្រធានាធិបតីចិនដែលមកបំពេញទស្សនកិច្ចឡើយ។
កាលពីសប្តាហ៍មុន សាលារាជធានីបានបដិសេធមិនអនុញ្ញាតឲ្យគណៈកម្មការរៀបចំបុណ្យសពដែលមានមិត្តភក្តិ និងក្រុមគ្រួសាររបស់លោក កែម ឡី រៀបចំបុណ្យខួបតាមបែបប្រពៃណីនៅសួនមុខវត្តបទុម ឬនៅវត្តចាស់ឡើយ។ មន្ត្រីទាំងនោះបានចោទពួកគាត់ថា បានព្យាយាមបង្វែរការបាញ់សម្លាប់អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះកាលពីថ្ងៃទី១០ ខែកក្កដា ដែលមជ្ឈដ្ឋានទូទៅជឿថា ជាហេតុផលនយោបាយនោះ ឲ្យទៅជាការតវ៉ាប្រឆាំងរដ្ឋាភិបាល។
គណៈកម្មការបានប្តេជ្ញារៀបចំពិធីរយៈពេល៣ថ្ងៃនេះនៅវត្តចាស់ចាប់ផ្តើមនៅថ្ងៃសុក្រ ដោយមិនខ្វល់ពីបម្រាមឡើយ ហើយទីបំផុតបានបញ្ចុះបញ្ចូលមន្ត្រីទាំងនោះឱ្យប្តូរចិត្ត បន្ទាប់ពីជំនួបរយៈពេលពីរម៉ោងនៅសាលារាជធានីកាលពីព្រឹកម្សិលមិញ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍នៅពេលក្រោយថា “យើងយល់ឃើញថា ពិធីនេះសាមញ្ញបំផុត ដូច្នេះហើយយើងនឹងអនុញ្ញាតឲ្យពួកគេរៀបចំពិធីនេះនៅវត្តចាស់” ដោយបានដាក់លក្ខខណ្ឌមួយចំនួន។
លោកបានមានប្រសាសន៍ថា “យើងផ្តោតលើបញ្ហាពីរគឺ៖ ទី១ ដើម្បីធ្វើឱ្យប្រាកដថា ពិធីនោះមិនប៉ះពាល់ដល់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនភីង និងទី២ដើម្បីធានាថា វាមិនប៉ះពាល់ដល់ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ”។
លោក ស៊ី ជីនភីង មកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ និងចាកចេញនៅថ្ងៃសុក្រ ជាថ្ងៃទី១នៃពិធីបុណ្យខួបសពលោក កែម ឡី។ ការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុនឹងត្រូវធ្វើពិធីរំឭកព្រះវិញ្ញាណក្ខន្ធនៅថ្ងៃសៅរ៍។
អ្នករៀបចំពិធីក៏ត្រូវបានហាមឃាត់មិនឲ្យហែក្បួនកាត់រាជធានីភ្នំពេញផងដែរនៅថ្ងៃអាទិត្យជាថ្ងៃចុងក្រោយនៃពិធីនោះ ជាមួយរូបសំណាកលោក កែម ឡី ធ្វើពីស្ពាន់ទំហំប៉ុនរូបមនុស្សពិតដែលអ្នកគាំទ្របានចូលរួមវិភាគទានជាប្រាក់សាងសង់កាលពីពេលថ្មីៗនេះ។ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ ថា ពួកគេអាចជួបជុំគ្នានៅជាយក្រុង ហើយបន្តដង្ហែរូបសំណាកពីទីនោះទៅកាន់ក្រុងតាកែវ ជាកន្លែងបញ្ចុះសពលោក កែម ឡី។
លោកបានមានប្រសាសន៍ថា ក្រុមមន្ត្រីបានប្តូរចិត្តដោយអនុញ្ញាតឲ្យរៀបចំពិធីនេះនៅក្នុងរាជធានី ពីព្រោះ “មនុស្សជាច្រើន” បានគាំទ្រសំណើនេះ។ លោក មាន ចាន់យ៉ាដា បានបដិសេធមិនពន្យល់ពីមូលហេតុដែលបានធ្វើឲ្យពួកគេមិនសប្បាយចិត្តពីដំបូងនោះឡើយ។
លោកបានថ្លែងថា “តើដេលី ចង់បានអី? ចង់បានជម្លោះឬ? វាគ្រប់គ្រាន់ហើយ” ហើយបានដាក់ទូរស័ព្ទចុះ។
លោក ប៉ា ងួនទៀង អ្នករៀបចំពិធីម្នាក់ដែរបានស្វាគមន៍ការប្តូរចិត្តរបស់សាលារាជធានី ហើយបានថ្លែងថា ការឱ្យមន្ត្រី និងសមាជិកគណៈកម្មការ អង្គុយនៅតុជាមួយគ្នា បានធ្វើឱ្យមានការការផ្លាស់ប្តូរ។ លោកបានថ្លែងថា “ពួកគេបាននិយាយថា…ឥឡូវនេះយើងជួបទល់មុខគ្នា និងអាចស្វែងយល់ពីគ្នាទៅវិញទៅមក”។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មជនជាព្រះសង្ឃជាអ្នករៀបចំកម្មវិធីនោះដែរបានមានសង្ឃដីកាថា មន្ត្រីទាំងនោះសប្បាយរីករាយដែលសាច់ញាតិមួយចំនួនរបស់លោក កែម ឡី បានគាំទ្រសំណើរបស់ខ្លួន។ ព្រះអង្គបានសង្ឃដីកាបន្តថា លោក កែម ពិសិដ្ឋ និងអ្នកស្រី កែម ថាវី បងប្អូនបង្កើតរបស់លោក កែម ឡី បានចូលរួមក្នុងគណៈកម្មការរៀបចំបុណ្យសពនេះ។ សាលារាជធានីបានលើកឡើងកាលពីមុនថា ក្រុមគ្រួសារគួរជាអ្នករៀបចំពិធីនេះមិនមែនមិត្តភក្តិទេ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា “យើងបានប្រាប់សាលារាជធានីថា សាច់ញាតិលោក កែម ឡី ស្ថិតនៅក្នុងគណៈកម្មការនេះ ហើយថា ពួកគាត់នឹងបន្តរៀបចំពិធីនៅល្ងាចថ្ងៃ១៦ និងថ្ងៃទី១៧នៅក្នុងខេត្តតាកែវ”។
ព្រះសង្ឃអង្គនេះមានសង្ឃដីកាបន្តថា ព្រះអង្គរំពឹងថា នឹងមានអ្នកចូលរួមប្រហែល១០០.០០០នាក់សម្រាប់ពិធីរយៈពេល៣ថ្ងៃេនះ។
មនុស្សរាប់មឺុននាក់បានចូលរួមដង្ហែសពលោក កែម ឡី ចាកចេញពីរាជធានីទៅកាន់ខេត្តកំណើតរបស់លោកគឺខេត្តតាកែវ កាលពីថ្ងៃ ទី២៥ ខែកក្កដា៕សារុន