27 C
Phnom Penh

មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​​​ ស៊ី ជីន​ភីង​ ទំនាក់ទំនង​ជាមួយ​ចិនឈាន​​​ដល់​​​កម្រិត​​​មិនធ្លាប់​​​មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ទំនាក់ទំនងកម្ពុជាជាមួយប្រទេសចិនតែងតែរឹងមាំជានិច្ច ខណៈដែលអាជ្ញាធរបានត្រៀមខ្លួនសម្រាប់ដំណើរអញ្ជើញមកដល់របស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិននៅថ្ងៃ នេះដោយមានការដាក់កម្លាំងសន្តិសុខប្រហែល៧.០០០នាក់។

យោងតាមលោក កែវ ពិសិដ្ឋ ប្រធានខុទ្ទកាល័យលោក ហេង សំរិន បានឲ្យដឹងថា អំឡុងជំនួបរវាងឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំកម្ពុជា លោក ជាំង បូ (Xiong Bo) និងលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលលោកទាំងពីរបានកត់សម្គាល់ថា ទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួននៅតែខ្លាំងក្លាជានិច្ច។

លោក កែវ ពិសិដ្ឋ បានថ្លែងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើការដើម្បីកសាងទំនាក់ទំនងដែលជិតឈានដល់ចំណុចកំពូលដែលយើងមិនដែលឃើញពីមុនមក។

យោងតាមលោក កែវ ពិសិដ្ឋ បានឲ្យដឹងថា លោក ហេង សំរិន “បានស្នើឲ្យឯកអគ្គរដ្ឋទូតថ្មីរបស់ចិនបន្តសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួងស្ថាប័នកម្ពុជាដើម្បីធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីធានាជោគជ័យដល់គោលបំណងរួមនៃប្រទេសទាំងពីរ”។

រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ជំនួយជាច្រើនដល់រដ្ឋាភិបាលក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានជំនួយឥតសំណងជាទឹកប្រាក់ជាងកន្លះពាន់លានដុល្លារកាលពីខែកក្កដា។អ្នកវិភាគជាច្រើន និងអ្នកការទូតមួយចំនួនលើកឡើងថា ជាថ្នូរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរារាំងដល់ការឯកភាពរបស់អាស៊ានប្រឆាំងការអះអាងសិទ្ធិ កាន់កាប់របស់ចិនលើសមុទ្រចិនខាងត្បូង។

បំណងប្រាថ្នារបស់រដ្ឋាភិបាលដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងចំពោះដំណើរទស្សនកិច្ចដំបូងរបស់លោកប្រធានាធិបតី សីុជីនភីង មកកាន់កម្ពុជាក្នុងនាមជាប្រមុខរដ្ឋស្តែងចេញតាមរយៈការតាំងលម្អតាមផ្លូវនានាក្នុងរាជធានីខណៈដែលកម្មករបានចងទង់ជាតិចិន លម្អដោយបដាដែលសរសើរដល់រដ្ឋាភិបាលចិននិងបានលើកផ្លាកធំៗបង្ហាញពីសំណង់ប្រវត្តិសាស្ត្រដែលជានិមិត្តរូបរបស់ប្រទេសទាំងពីរ។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា លោក សីុជីន ភីង គ្រោងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាថ្ងៃត្រង់ថ្ងៃនេះ។

ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែដឹងថា គាត់នឹងចូលព្រះបរមរាជវាំង ហើយបន្ទាប់មកនឹងជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន”។

យោងតាមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងថា កម្លាំងសន្តិសុខប្រហែល៧.០០០នាក់នឹងត្រូវដាក់ពង្រាយនៅក្នុងរាជធានី ហើយផ្លូវមួយចំនួនក្នុងចំណោមផ្លូវសំខាន់ៗក្នុងរាជធានីនឹងត្រូវបិទក្នុងរយៈពេលខ្លី ដើម្បីសម្រួលដល់ការធ្វើដំណើរកុំឱ្យស្ទះចរាចរណ៍របស់អ្នកមុខអ្នកការដែលមកបំពេញទស្សនកិច្ច។

លោក សីុ ជីនភីង គ្រោងស្នាក់នៅឯសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញនៅយប់នេះ ហើយគ្រោងហោះហើរទៅកាន់ប្រទេសបង់ក្លាដែសនៅព្រឹកថ្ងៃសុក្រ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស