33 C
Phnom Penh

ក្រសួង​ការបរទេស​យក​តម្លៃ​ជា​ផ្លូវការ​សម្រាប់​សេវា​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបើកការិយាល័យសេវាសាធារណៈថ្មីមួយ និងយកតម្លៃជាផ្លូវការសម្រាប់សេវាសាធារណៈទូទៅ ដែលញឹកញាប់ប្រើដោយជនបរទេស ជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញការប្រមូលចំណូលនិងបង្កើនប្រសិទ្ធភាព។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញផ្សាយសេចក្តីណែនាំមួយកាលពីថ្ងៃពុធ ដោយប្រកាសអំពីការយកតម្លៃថ្មីសម្រាប់សេវានានា ក្នុងនោះមានទាំងការបន្តទិដ្ឋាការ ការបញ្ជាក់ឯកសារជាផ្លូវការ និងលិខិតអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងបរទេសរៀបការជាមួយគ្នាជាដើម។

ក្រសួងនេះបានបញ្ជាក់ក្នុងសេចក្តីណែនាំថា ការិយាល័យថ្មីនេះនៅក្រសួងការបរទេស នៅតាមវិថីសម្តេច ហ៊ុន សែន ត្រូវគេរំពឹងថា នឹងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការទទួលសេវាបែបនេះ។

សេចក្តីណែនាំមានខ្លឹមសារថា “ត្រូវកំណត់ទីតាំងជាក់លាក់សម្រាប់ការផ្តល់សេវាសាធារណៈ និងមានមន្ត្រីប្រចាំការ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឲ្យបានទាន់ពេលវេលាតាមការកំណត់”។ សេចក្តីណែនាំបានបន្ថែមថា តារាងនឹងត្រូវបិទផ្សាយនៅការិយាល័យនោះដែលមានរាយលម្អិតអំពី “តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និងសុពលភាពទៅតាមប្រភេទសេវានីមួយៗ”។

សេចក្តីណែនាំមានខ្លឹមសារបន្តថា មន្ត្រីដែលប្រចាំការនៅការិយាល័យថ្មីនេះក៏នឹងទទួលពាក្យបណ្តឹងតវ៉ា និងកត់ត្រាកិច្ចការលើបង្កាន់ដៃថ្មីដែលចេញដោយរដ្ឋ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីឲ្យមានតម្លាភាពប្រសើរឡើង និងបំបាត់ភ្នាក់ងារដែលធ្វើជាឈ្មួញកណ្តាល និងយកតម្លៃផ្ទាល់ខ្លួន។

លោកបានមានប្រសាសន៍កាលពីថ្ងៃពុធថា “យើងសង្ឃឹមថា វិធានការនេះនឹងជួយបង្កើនល្បឿនសេវា និងកាត់បន្ថយភាពអសកម្មនានា ពីព្រោះសាធារណជននឹងអាចទៅផ្ទាល់ដល់ការិយាល័យផ្តល់សេវា និងមិនមានអ្នកសម្របសម្រួលទេ”។

លោកបាននិយាយបន្ថែមថា “នេះជាការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តោតលើកំណែទម្រង់បែបនេះ និងជាពិសេសលើការកំណត់តម្លៃសេវាសាធារណៈជាផ្លូវការ នៅគ្រប់ក្រសួងនិងស្ថាប័នរដ្ឋាភិបាលទាំងអស់ និងការប្រមូលចំណូលចូលថវិកាជាតិ”។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ដែលបានផ្តល់យោបល់អស់ពេលជាច្រើនឆ្នាំ ឲ្យក្រសួងរដ្ឋាភិបាលផ្សព្វផ្សាយតម្លៃសេវារបស់ខ្លួននោះ បានស្វាគមន៍ការប្រឹងប្រែងនេះ ថាជាជំហានវិជ្ជមានមួយ ដែលអាចកាត់បន្ថយអំពើពុករលួយបាន។

លោកបានមានប្រសាសន៍ថា “វាស្របតាមអនុសាសន៍ទាំងអស់របស់យើង”។

ការត្រួតពិនិត្យមើលគ្រប់ជ្រុងជ្រោយដែលធានាថា ក្រុមមន្ត្រីអនុវត្តតាមច្បាប់នោះ “អាចកាត់បន្ថយការបង់ប្រាក់ក្រៅផ្លូវការ។ ហេតុដូច្នេះ វាអាចកាត់បន្ថយអំពើពុករលួយបាន”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស