ប្រធានាធិបតីចិន ស៊ី ជីនភីង មិនមែនមកទស្សនកិច្ចនៅប្រទេសកម្ពុជាដោយដៃទទេ [ដោយគ្មានជំនួយ] នោះទេ។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជាក្នុងឋានៈជាប្រមុខរដ្ឋកាលពីម្សិលមិញ លោកបានសន្យាផ្ដល់ជំនួយប្រមាណ២៣៧លានដុល្លារ លុបចោលបំណុលរដ្ឋជិត៩០លានដុល្លារ ផ្ដល់ជំនួយគាំទ្រយោធាជិត១៥លានដុល្លារ និងចុះកិច្ចព្រមព្រៀងថ្មីៗជាច្រើន។
បន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅពេលរសៀល ជាដំបូងលោក ស៊ី បានចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនីនាថ បន្ទាប់មកជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម កិច្ចព្រមព្រៀងអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងអប់រំថ្មីៗជាច្រើន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក ស៊ី ថាការអភិវឌ្ឍរបស់កម្ពុជា “ប្រាកដជាមិនអាចកើតមានទេប្រសិនបើគ្មានសប្បុរសធម៌ពីមិត្តចិនរបស់យើងទេនោះ” នេះបើយោងតាមអ្វីដែលលោក អៀង សុផាល្លែត ជំនួយការរបស់លោក ហ៊ុន សែន លើកឡើងក្នុងសន្និសីទក្រោយជំនួបនេះ។
ជំនួយការរូបនេះបានលើកឡើងទៀតថា ចំណែកឯលោក ស៊ី បានចាត់ទុកលោក ហ៊ុន សែន ជា “មិត្តមិនកែប្រែរបស់ចិន” ហើយបានសន្យាលុបចោលបំណុលជាង៨៩លានដុល្លារដែលកម្ពុជាជំពាក់ប្រទេសរបស់លោក។ លោកក៏បានសន្យាផ្ដល់ជំនួយឥតសំណង១០០លានយ័ន ឬជិត១៥លានដុល្លារសម្រាប់វិស័យយោធា អាហារូបករណ៍ថ្មីៗរាប់រយកន្លែង និងជំនួយជួសជុលប្រាសាទដែលផ្ដោតសំខាន់លើប្រាសាទព្រះវិហារ ជាប្រាសាទហិណ្ឌូបុរាណនៅជាប់ព្រំដែនថៃ ដែលបានក្លាយជាចំណុចស្នូលនៃវិវាទដ៏រ៉ាំរ៉ៃទាក់ទិនកម្មសិទ្ធិរបស់វា។
យោងតាមបញ្ជីរាយនាមកិច្ចព្រមព្រៀងដែលគេផ្ដល់ជូនអ្នកយកព័ត៌មានបង្ហាញថា ក្រៅពីការលុបចោលបំណុល និងជំនួយយោធា កិច្ចព្រមព្រៀងចំនួន៣១ដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខារួមមាន កិច្ចព្រមព្រៀងជំនួយឥតសំណងមិនបញ្ជាក់ច្បាស់លាស់ដាច់ដោយឡែកមួយដែលមានទំហំទឹកប្រាក់១,២ពាន់លានយ័ន ឬប្រហែល១៧៨លានដុល្លារ និងកម្ចី៤០០លានយ័ន ឬប្រហែល៥៩លានដុល្លារ។
បញ្ជីដែលមិនផ្ដល់ព័ត៌មានលម្អិតជាក់លាក់ខាងលើនេះ រួមមានអនុស្សរណៈនៃការយោគយល់ (MoU) ស្ដីពី “ការផ្លាស់ប្ដូរទៅវិញទៅមកនូវព័ត៌មានស៊ើបការណ៍សម្ងាត់ពាក់ព័ន្ធការអនុវត្តច្បាប់សន្តិសុខជាតិ” ការប្រឆាំងការជួញដូរមនុស្ស កិច្ចសហប្រតិបត្តិការនាវាចរណ៍ និងការពង្រឹងទំនាក់ទំនងផ្នែកវិទ្យុ និងទូរទស្សន៍។
ប្រទេសចិនក៏បានសន្យាផ្ដល់ប្រាក់កម្ចី និងការគាំទ្រផ្នែកបច្ចេកទេស ឬការផ្ដល់ហិរញ្ញប្បទានដោយផ្ទាល់សម្រាប់គម្រោងអភិវឌ្ឍន៍កំពុងបន្ត ឬថ្មីៗមួយចំនួនដូចជា ការកែលម្អអាកាសយានដ្ឋានអន្តរជាតិសៀមរាប ការកសាងផ្លូវក្រវាត់ក្រុងមួយខ្សែ ការកែលម្អផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ១១ កែលម្អប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងការធ្វើកំណែទម្រង់ធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ។
ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនថ្មីមួយ និងស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលធ្យូងថ្មមួយនៅក្នុងព្រះសីហនុផងដែរ។
ទំហំពាណិជ្ជកម្ម និងការវិនិយោគក៏មានតួលេខច្រើនដែរ ដោយមានបទប្បញ្ញត្តិបញ្ជាក់ពីការបង្កើនផែនការជុំវិញគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មតំបន់ “ផ្លូវមួយខ្សែក្រវាត់មួយ” របស់ប្រទេសចិន ការមិនយកពន្ធលើទំនិញ៩៧ភាគរយ និងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ។
លោក អៀង សុផាល្លែត មានប្រសាសន៍ថា លោក ស៊ី ក៏ជំរុញឱ្យបណ្ដាក្រុមហ៊ុនចិនវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនថ្មីមួយខ្សែផងដែរ។ លោក ស៊ី គ្រោងនឹងធ្វើដំណើរតាមយន្តហោះបន្តទៅកាន់ប្រទេសបង់ក្លាដែសនៅព្រឹកនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងប្រទេសកម្ពុជាមានភាពស្និទ្ធស្នាលកាន់តែខ្លាំង នៅពេលរដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដល់ជំនួយដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាប់ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងការសន្យាផ្ដល់ជំនួយឥតសំណងប្រមាណ៦០០លានដុល្លារកាលពីខែកក្កដាផងដែរ។ ផ្ទុយមកវិញ បណ្ដាអ្នកវិភាគនិយាយថា ប្រទេសកម្ពុជាបានគោរពតាមមាគា៌គោលនយោបាយការបរទេសរបស់ចិនទាក់ទិនជម្លោះអធិបតេយ្យនៅសមុទ្រចិនខាងត្បូង ហើយបានធ្វើឱ្យប្រាកដថា តំបន់អាសា៊ននៅតែខ្វែងគំនិតគ្នាទាក់ទិនបញ្ហានេះ។
នៅមុនដំណើរទស្សនកិច្ចនេះ លោក ស៊ី បានសរសេរលិខិតសរសើរចុះផ្សាយនៅទំព័រមុខនៃកាសែតរស្មីកម្ពុជាកាលពីថ្ងៃពុធ ក្រោមចំណងជើងថា “ចិននិងកម្ពុជា ៖ ប្រទេសជិតខាងល្អ និងជាមិត្តគួរឱ្យជឿទុកចិត្ត”។
លិខិតនេះរៀបរាប់ពីអ្វីដែលលោកប្រធានាធិបតី ស៊ី ចាត់ទុកថាជាមិត្តភាពរាប់សតវត្សរ៍ ប៉ុន្តែវាបានលាក់បាំងនូវកំហុសដែលរដ្ឋាភិបាលចិនធ្លាប់គាំទ្រខ្មែរក្រហម និងការប្រឆាំងចំពោះគណបក្សប្រជាជនកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។
លោក ស៊ី បានសរសេរថា “ខ្ញុំជឿជាក់ថា ដោយមានកិច្ចប្រឹងប្រែងរួមគ្នារបស់យើង មិត្តភាពជាប្រពៃណីរវាងប្រទេសចិន និងកម្ពុជានឹងកាន់តែមានផ្លែផ្កា ដែលធ្វើឱ្យយើងក្លាយជាមិត្តល្អជារៀងរហូត និងជាមិត្តគួរឱ្យជឿទុកចិត្ត។
នៅកណ្ដាលរាជធានីភ្នំពេញ គេសង្កេតឃើញការដាក់ពង្រាយកម្លាំងសន្តិសុខយ៉ាងច្រើនរហូតដល់ទៅ៧.០០០នាក់ រួមមានកងរាជអាវុធហត្ថ នគរបាលចរាចរ ព្រមទាំងកងកម្លាំងពិសេសដែលបិទមុខជិត និងពាក់វ៉ែនតាការពារ ដែលជាសញ្ញាសម្គាល់អង្គភាពកងអង្គរក្សរបស់លោក ហ៊ុន សែន។
វិថីសំខាន់ៗត្រូវបានបិទមិនឱ្យធ្វើចរាចរ ដើម្បីត្រៀមស្វាគមន៍ក្បួនរថយន្តរបស់លោក ស៊ី ដែលធ្វើដំណើរយ៉ាងតិច៥នាទីទម្រាំតែផុតចំណុចប្រសព្វនៃមហាវិថីព្រះនរោត្តម ដែលត្រូវបានបិទមិនឱ្យធ្វើចរាចរឆ្លងកាត់ទាំងស្រុង នៅពេលលោកចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅសណ្ឋាគារអាំងទែកុងទីណង់តាល់។
ក្រុមសិស្សនិស្សិត មន្ត្រីរាជការ ក្រុមកាយឫទ្ធិ និងភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញបានតម្រង់ជួរគ្នាតាមបណ្ដោយសួរច្បារវត្តបទុម និងព្រះបរមរាជវាំង ដើម្បីទទួលស្វាគមន៍លោក ស៊ី ខណៈក្បួនរថយន្តរបស់លោកជិតទៅដល់ចំណុចនេះនៅពេលរសៀល។ អ្នករៀបចំកម្មវិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចនេះ បានចែកផ្កា និងប្រកាសដល់អ្នកចូលរួម។
សិស្សនិស្សិតជាច្រើនដូចកញ្ញា ទ្រី កាំឡាន អាយុ២១ឆ្នាំជាដើម រៀនភាសាចិននៅតាមសាលា។ នាងនិយាយពីការសិក្សារបស់ខ្លួននៅសាលាចិនទួនហ្វា ក្នុងរាជធានីភ្នំពេញថា “ខ្ញុំចូលចិត្តវា។ ខ្ញុំគិតថា អ្នកដែលចេះនិយាយភាសាចិនងាយស្រួលរកការងារធ្វើ”។
នាងទទួលស្គាល់ថា ខ្លួនដឹងតិចតួចណាស់អំពីលោក ស៊ី ក្រៅពីដឹងថា លោកគ្រប់គ្រងប្រទេសមួយដែលមានឥទ្ធិពលកាន់តែខ្លាំងឡើង។ នាងបានលើកឡើងនៅខាងក្រៅរបងតុលាការកំពូលថា “ខ្ញុំគិតថា កម្ពុជាជាមិត្តល្អបំផុតរបស់ចិន។
នៅកៀកនឹងខ្លោងទ្វារមុខនៃព្រះបរមរាជវាំង ប្រជាជនចិនមួយក្រុមដែលរស់នៅក្នុងប្រទេសកម្ពុជា បាននាំគ្នាថតរូប និងស្រែកបន្ទរជាភាសាចិនដែលមានខ្លឹមសារថា ”មេដឹកនាំ ស៊ី ខ្ញុំស្រឡាញ់លោក”។

កញ្ញា ជា លីភា ដែលមានឈាមជ័រជាកូនចៅចិន និងចេះនិយាយភាសាចិន និងភាសាខ្មែរយ៉ាងស្ទាត់ជំនាញបានលើកឡើងថា អ្នកគ្រប់គ្រងចិនរបស់នាងក៏មកមើលមេដឹកនាំចិនរូបនេះ ដែលគាត់ទំនងជាមិនដែលឃើញដោយផ្ទាល់នៅក្នុងប្រទេសកំណើតរបស់គាត់ដែរ។
នារីវ័យ២១ឆ្នាំរូបនេះ ដែលជាអ្នកសម្របសម្រួលគម្រោងនៅក្រុមហ៊ុនសំណង់មួយរបស់ចិននិយាយថា មិត្តភាពកម្ពុជា-ចិនបានជួយដល់អាជីពរបស់នាងក្នុងនាមជាអ្នកនិយាយភាសាចិន និងប្រជាជនចិនដែលចាប់អារម្មណ៍លើទីផ្សារសេរីរបស់កម្ពុជា។
ឧស្សាហកម្មរបស់នាងក៏ទទួលបានអត្ថប្រយោជន៍ដែរ ពីព្រោះកិច្ចសន្យាជួសជុលផ្លូវដែលធ្លាប់តែបានទៅលើក្រុមហ៊ុនអឺរ៉ុប បានធ្លាក់មកលើក្រុមហ៊ុនចិនកាន់តែច្រើនឡើង។ នាងនិយាយទៀតថា ទំនាក់ទំនងកាន់តែជ្រៅនេះ “ធ្វើឱ្យខ្ញុំងាយស្រួល។ វាបានជួយខ្ញុំយ៉ាងច្រើន”។
នៅម៉ោងប្រហែល៣រសៀល ម៉ុងសាយរបស់ចិនបានចាប់ផ្ដើមលោត ហើយអ្នកចូលរួមបានស្រែកហ៊ោកញ្ជ្រៀវនៅពេលក្បួនរថយន្តរបស់លោក ស៊ី បត់ចូលខ្លោងទ្វារព្រះបរមរាជវាំង។
ប៉ុន្តែលោក ស៊ី ប្រហែលជាពិបាកក្រឡេកមើលពិធីដ៏អ៊ឹកធឹកនេះពីកៅអីខាងក្រោយនៃរថយន្តទាប Mercedes របស់លោក ដែលអមការពារដោយក្បួនម៉ូតូយ៉ាងច្រើន។
នៅពេលក្រុមភ្លេងកិត្តិយសចាប់ផ្ដើមប្រគំលាន់ឮកងរំពងពីខាងក្រោយខ្លោងទ្វារព្រះបរមរាជវាំងនៅពេលរសៀល អ្នកឈរមើលពិធីនេះនៅតែមានអារម្មណ៍សប្បាយរីករាយ។
ឈិន យ៉ាន អាយុ២៥ឆ្នាំ ជាទេសចរសម្ពាយចិនដែលដើរមកជួបក្បួនស្វាគមន៍នេះដោយចៃដន្យនិយាយថា ប្រជាជនជាច្រើននៅក្នុងប្រទេសរបស់នាងមិនស្គាល់ប្រទេសកម្ពុជាទេ ប៉ុន្តែពួកគេចង់ដឹងពីប្រទេសនេះ។ នាងនិយាយទៀតថា “ខ្ញុំគិតថា ប្រជាជនចិនចង់ស្វែងយល់ឱ្យបានកាន់តែច្រើនអំពីពិភពក្រៅប្រទេសចិន៕ សុខុម