31 C
Phnom Penh

លោក ហ៊ុន សែន ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​​លើក​​​លែង​​​ទោសរបស់​​​គណបក្ស​​​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិ សេធសំណើរបស់លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ និងអនុ ប្រធានរបស់លោក ដែលស្វះស្វែងសុំឲ្យមានការលើកលែងទោស និងការដោះលែងសមាជិកគណបក្សសង្គ្រោះជាតិ និងមន្ត្រីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសនៅក្នុងវិធានការផ្លូវច្បាប់ជាច្រើនក្នុងពេលថ្មីៗដែលមជ្ឈដ្ឋានទូទៅមើលឃើញថា មានហេតុផលនយោបាយ។

លោក ហ៊ុន សែន បានរៀបចំឲ្យមានការព្រះរាជទានលើកលែងទោសម្តងហើយម្តងទៀតសម្រាប់គូប្រជែងនយោបាយដែលរដ្ឋាភិបាលរបស់លោកចាប់ដាក់ពន្ធនាគារ ឬធ្វើឲ្យរត់ទៅក្រៅប្រទេស ក្នុងនោះមានមួយចំនួនសម្រាប់លោក សម រង្ស៊ី ប៉ុន្តែ លោកបានលើកឡើងកាលពីដើមឆ្នាំនេះថា ការលើកលែងទោសមួយផ្សេងទៀតសម្រាប់មេដឹកនាំគណបក្សប្រឆាំងមិនអាចទៅរួចទេ។

តែទោះជាយ៉ាងណា លោក យ៉ែម បុញ្ញ ប្ញទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា លោក សម  រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្សបានសម្រេចដាក់សំណើ ដោយសង្ឃឹមថា  នឹងធ្វើឲ្យភាពតានតឹងផ្នែកនយោបាយវិល មករកភាពស្ងប់ស្ងាត់ឡើងវិញ តាមរយៈការស្នើសុំដោយផ្ទាល់ទៅកាន់ព្រះមហាក្សត្រ  នរោត្តម សីហមុនី ។

លោក សម រង្ស៊ី បានភៀសខ្លួនទៅរស់នៅក្រៅប្រទេសម្តងទៀត ប៉ុន្តែ លើកនេះគឺដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ថ្មីៗនេះលោក កឹម សុខា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទបដិសេធមិនបង្ហាញខ្លួនក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿង “សញ្ចរកម្ម” ដាក់បន្ទុកលើស្រីកំណាន់ដែលគេចោទថា ជារបស់លោក។

លោក កឹម សុខា កំពុងសម្ងំ លាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដោយដាក់ពាក្យប្តឹងទាស់នឹងការផ្តន្ទា ទោសនេះទៅកាន់សាលាឧទ្ធរណ៍។ ទោះជាយ៉ាងណា ក្នុងពេលថ្មីៗនេះលោកបានចាកចេញពីកន្លែងសម្ងំលាក់ខ្លួនមួយសន្ទុះដើម្បីចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។ គណបក្សទាំងពីរក៏បានធ្វើការសន្យាមិនប្រើពាក្យធ្ងន់ៗដើម្បីជាផ្នែកនៃ”បទឈប់បាញ់ផ្នែកនយោបាយ” ផងដែរក្នុងពេលថ្មីៗនេះ។

លោក យ៉ែម បុញ្ញប្ញទ្ធិ បានមានប្រសាសន៍ ថា ”យើងបានផ្ញើលិខិតថ្វាយជូនព្រះមហា ក្សត្ររបស់យើងបន្ទាប់ពីឯកឧត្តម កឹម  សុខា  អាចទៅចុះឈ្មោះបាន ហើយមើលឃើញថា ស្ថានភាពនយោបាយហាក់បីដូចជាប្រសើរឡើង”។

មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១៨រូប ក្នុងនោះរួមមានតំណាងរាស្ត្រពីររូបផងត្រូវបានចាប់ដាក់ពន្ធនាគារតាំងពីខែឧសភាឆ្នាំមុនមកម្លេ៉ះ។ មន្ត្រីសិទ្ធិមនុស្សមួយចំនួនរួមទាំងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបដែលជាអតីតមន្ត្រីសិទ្ធិមនុស្សនៅអង្គការក្រៅរដ្ឋាភិបាលផងនោះ ក៏ត្រូវបានចាប់ដាក់ពន្ធនាគារដែរ។

នៅក្នុងលិខិតរបស់ខ្លួន លោក សម  រង្ស៊ី  និងលោក កឹម សុខា បានស្នើសុំព្រះករុណាមេត្តាព្រះរាជតម្រិះព្រះប្រទានដើម្បីឲ្យ មានការលើកលែងទោស និងទម្លាក់ការចោទប្រកាន់ចំពោះពួកគេ និងអ្នកផ្សេងៗទៀតដោយព្រះរាជានុគ្រោះ ”ដូចដែលព្រះអង្គបានប្រោសប្រទាននាពេលកន្លងមកដែលនាំឲ្យមានបរិយាកាសអំណោយផលឆ្ពោះទៅរកការផ្សះផ្សាបង្រួបបង្រួមនិងឯកភាពជាតិ”។

លិខិតបន្តបន្ទាប់ពីគណបក្សប្រឆាំង ពីព្រះមហាក្សត្រ និងពីលោកនាយករដ្ឋមន្ត្រី សុទ្ធតែត្រូវបានបង្ហោះតាមប្រព័ន្ធអីុនធឺណិតកាលពីម្សិលមិញ ដោយគេហទំព័រព័ត៌មាន Fresh News ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាល។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យទ្រង់សម្រេចជាចុងក្រោយពាក់ព័ន្ធការព្រះរាជទានលើកលែងទោសនោះបានផ្ញើសំណើនេះបន្តទៅកាន់លោកហ៊ុន សែន នៅក្នុងព្រះរាជសារមួយចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ ដោយព្រះអង្គបានមានព្រះរាជបន្ទូលថា ព្រះអង្គចង់ឲ្យលោក “ពិនិត្យ” សំណើនេះ។

លោក ហ៊ុន សែន បានទូលថ្វាយតបទៅកាន់ព្រះមហាក្សត្រវិញនៅថ្ងៃបន្ទាប់ ដោយទូលថ្វាយព្រះអង្គថា លោកមិនមានសិទ្ធិផ្លូវច្បាប់នៅក្នុងការស្នើសុំឲ្យមានការលើក លែងទោសសម្រាប់នរណាម្នាក់ក្នុងចំណោមបុគ្គលដែលបានលើកឡើងខាងលើនោះ ឡើយដោយសារការចោទប្រកាន់ និងការផ្តន្ទាទោសគឺ ”ជារឿងអនុវត្តតាមច្បាប់សុទ្ធសាធ” និងជាកាតព្វកិច្ចរបស់តុលាការ។

លោកបានសរសេរថា “ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាទូលព្រះបង្គំជាខ្ញុំមានជំនឿដ៏មុតមាំថា ការពង្រឹង និងការលើកកម្ពស់នីតិរដ្ឋតាមរយៈការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវម៉ឺងមាត់ និងមានប្រសិទ្ធភាព គឺជាការចាំបាច់ និងជាកក្តាគន្លឹះដើម្បីជួយឲ្យ ប្រទេសជាតិមានរបបៀបរៀបរយ ស្ថិរភាពនិងសន្តិសុខ ជាពិសេសជួយឲ្យលទ្ធិប្រជា ធិបតេយ្យសេរីពហុបក្សរបស់កម្ពុជាមានកិច្ចដំណើរការទៅមុខប្រកបដោយចីរភាព”។

ទោះជាយ៉ាងណា អ្នករិះគន់លោក  ហ៊ុន  សែន បានចោទប្រកាន់លោកថា បានគ្រប់គ្រងប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតក្នុងពិភពលោក ហើយប្រើប្រាស់តុលាការដើម្បីផ្តួលគូប្រជែងរបស់លោកឲ្យចុះចូល ឬឲ្យអស់ឥទ្ធិពល។

លោក យ៉ែម បុញ្ញប្ញទ្ធិ បានលើកឡើងថា លោកនៅតែមានសង្ឃឹមថា គណបក្សប្រឆាំងទីបំផុត នឹងអាចចរចាសុំឲ្យមានការលើកលែងទោសបានសម្រាប់សមាជិកគណបក្ស និងមន្ត្រីសិទ្ធិមនុស្សដែលត្រូវបានផ្តន្ទាទោស ឬចាប់ដាក់ពន្ធនាគារនាពេលបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ថា “យើងនៅតែសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហានេះបានរវាងខ្មែរ និងខ្មែរដើម្បីដោះស្រាយបញ្ហា នយោបាយតាមផ្លូវនយោបាយ”។

ទោបីជាអះអាងថា ខ្លួនគោរពតុលាការក៏ដោយ ក៏លោក ហ៊ុន សែន ជារឿយៗតែងតែបង្ហាញឲ្យឃើញថា រូបលោកត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំឲ្យមានការព្រះរាជទានលើកលែងទោស និងការដោះលែងអ្នកជាប់ឃុំដើម្បីជាការបើកផ្លូវសម្រាប់ការចរចាជាមួយគណបក្សប្រឆាំងដែរ នៅពេលដែលវាធ្វើឲ្យលោកគិតថា សមនឹងទទួលយកបាន។

លោកបានទទួលស្គាល់ពីសិទ្ធិអំណាចរបស់លោកនៅក្នុងការធ្វើឲ្យមានការលើកលែងទោស អំឡុងពិធីប្រគល់សញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញដែលទើបតែធ្វើឡើងកាលពីខែមុន ខណៈលោកនិយាយអំពីបញ្ហាផ្លូវច្បាប់របស់គណបក្សសង្គ្រោះជាតិ។

លោកបានមានប្រសាសន៍អំឡុងពេលនោះថា “ពេលវាផុតពីដៃរបស់តុលាការហើយសាលក្រមចូលជាស្ថាពរ បន្ទាប់មកវាបង្វែរមកនាយករដ្ឋមន្ត្រី ហើយច្បាប់ពន្ធនាគារអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីធ្វើដូច្នេះបាន”។

ច្បាប់ពន្ធនាគារផ្តល់សិទ្ធិដល់នាយករដ្ឋមន្ត្រីនៅក្នុងការស្នើសុំការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ “នៅពេលចាំបាច់”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស