27.6 C
Phnom Penh

យាយ​​​ព្រឿង​​​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​​​​​​ត្រូវ​បាន​​​ចាប់ខ្លួន​ ប៉ុន្តែ​​​គេ​​​មិនដឹង​ថា​​​​​​សមត្ថកិច្ច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងរាជអាវុធហត្ថបាននិយាយថា ពួកគេបានចាប់ខ្លួនឈ្មួញឈើល្បីឈ្មោះម្នាក់ក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ បន្ទាប់ពីស្ត្រីរូបនោះនិងមនុស្សមួយក្រុមប្រដាប់ដោយដំបងបានព្យាយាមទៅយកឈើមួយគំនរដែលក្រុមមន្ត្រីបានរឹបអូសកាលពីមួយថ្ងៃមុន។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានដែលកងរាជអាវុធហត្ថនិយាយថា គេបានប្រគល់ស្ត្រីម្នាក់នេះទៅឱ្យនោះ បដិសេធថា ស្ត្រីរូបនេះមិនត្រូវបានបញ្ជូនមកឱ្យពួកគេទេ។

អ្នកស្រី ហេង សំនៀង ដែលគេស្គាល់ថា យាយព្រឿង ល្បីខ្ទរខ្ទារទូទាំងប្រទេសកាល ពីខែមុន បន្ទាប់ពីបែកធ្លាយរូបភាពវីដេអូដែលគេបង្ហោះតាមប្រព័ន្ធអុីនធឺណិត ដែលក្នុងនោះអ្នកស្រីបានរិះគន់អ្នកកាសែតថាបានក្បត់អ្នកស្រី ដោយរាយការណ៍ប្រាប់អាជ្ញាធរបើទោះជាពួកគេទទួលបានប្រាក់សំណូកពីអ្នកស្រីថាមិននិយាយក៏ដោយ។ អ្នកស្រីបានប្រាប់ក្រុមអ្នកកាសែតថា ”អ្នកកាសែតទាំងអស់គឺជាសាក្សីដឹងឮពីអាជីវកម្មរបស់ខ្ញុំ ពីព្រោះពួកគេទទួលបានប្រាក់ពីខ្ញុំ”។

បើទោះជាចម្លើយសារភាពត្រូវបានគេកត់ត្រាទុកក៏ដោយ ក៏អ្នកស្រី ហេង សំនៀង នៅមានសេរីភាពនៅឡើយ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា ទីបំផុត ស្ត្រីរូបនេះត្រូវបានចាប់ខ្លួនកាលពីព្រឹកម្សិលមិញនៅការិយាល័យរដ្ឋបាលព្រៃឈើអូរពងមាន់ ក្នុងស្រុកសៀមបូក។លោកបានមានប្រសាសន៍ថា ស្ត្រីរូបនេះនិងបុរស៧នាក់បានមកដល់នៅម៉ោង៤ ទៀបភ្លឺទាមទារយកឈើខុសច្បាប់មួយចំនួន ដែលកងរាជអាវុធហត្ថបានរកឃើញនៅលើចម្ការកៅស៊ូមួយក្បែរនោះ ដោយបានប្រឈមមុខជាមួយកងរាជអាវុធហត្ថពីរនាក់ដែលយាមការពារគំនរឈើនេះ។

លោកបានថ្លែងថា ”យាយព្រឿង និងកម្មកររបស់គាត់ប្រាំពីរនាក់បានចុះពីរថយន្តពីរគ្រឿង ហើយព្យាយាមតតាំងជាមួយមន្ត្រីកងរាជអាវុធហត្ថរបស់យើង ហើយមន្ត្រីរបស់យើងម្នាក់បានបាញ់កាំភ្លើងឡើងលើមួយគ្រាប់ ដើម្បីបំបែកពួកគេ។ កម្មករទាំង នោះបានរត់អស់ ហើយយើងចាប់បានតែយាយព្រឿង ម្នាក់ប៉ុណ្ណោះនៅកន្លែងកើតហេតុ”។

នៅពេលទាក់ទងកាលពីម្សិលមិញ មុន ថ្ងៃត្រង់បន្តិច លោក ជាតិ វាសនា មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា អ្នកស្រី ហេង សំនៀង ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់ ការិយាល័យសង្កាត់អូរពងមាន់ នៅម៉ោងប្រហែល៩ព្រឹក ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

ប៉ុន្តែ នៅពេលទាក់ទងនៅម៉ោងប្រហែល៣រសៀល លោក ស វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើបានមានប្រសាសន៍ថា បុគ្គលិករបស់លោកមិនបានឃើញអ្នកស្រី ហេង សំនៀង ទេ ហើយក៏មិនដឹងថា គាត់នៅឯណាដែរ។

លោកបានថ្លែងថា “យាយព្រឿង ត្រូវបានចាប់ខ្លួននៅព្រឹកនេះ ប៉ុន្តែខ្ញុំមិនដឹងថាគេយកគាត់ទៅឃុំនៅឯណាទេ។ ខ្ញុំគិតថា ឥឡូវនេះស្ត្រីរូបនេះស្ថិតក្នុងកន្លែងឃុំខ្លួនរបស់កងរាជ អាវុធហត្ថខេត្ត”។

លោកស្រី ទុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកស្រីទទួលបានព័ត៌មានពីការចាប់ខ្លួនអ្នកស្រី ហេង សំនៀង ប៉ុន្តែមិនដឹងថា គេឃុំគាត់ឯណាទេ ខណៈដែលគាត់មិនទាន់ត្រូវបានបញ្ជូនទៅតុលាការនោះ។

ទាំងឧត្ដមសេនីយ៍ត្រី អេង ហ៊ី និងលោក ជាតិ វាសនា មិនអាចទាក់ទងបានទេនៅល្ងាចថ្ងៃដដែលនោះ។

លោក អៀង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ទាំងមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ខេត្ត និងថ្នាក់ជាតិក៏មិនអាចទាក់ទងបានដែរ។

បុរសម្នាក់ដែលលើកទូរស័ព្ទរបស់អ្នកស្រី ហេង សំនៀង កាលពីរសៀលម្សិលមិញ ប្រាប់ថា ឈ្មោះ ប្រាក់ ប៊ុណ្ណា ត្រូវជាក្មួយរបស់គាត់។ បុរសរូបនេះបានអះអាងពីការចាប់ខ្លួនម្ដាយមីងរបស់ខ្លួន ប៉ុន្តែបាននិយាយថា គាត់មិនដឹងថាតើការចោទប្រកាន់ របស់កងរាជអាវុធហត្ថពិតឬមិនពិតឡើយ។បុរសរូបនេះបានបន្តថា “ខ្ញុំឮថា យាយព្រឿង កំពុងត្រូវឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត”។

កាលពីខែមុន លោក អៀង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ អាជ្ញាធរបានឃាត់រថយន្តដឹកឈើប្រាំគ្រឿងរបស់អ្នកស្រី ហេង សំនៀង មិនឱ្យឆ្លងដែនចូលប្រទេសវៀតណាមនៅពេលយប់។កាលពីខែមុនផងដែរ មន្ត្រីរដ្ឋបាលព្រៃឈើនិយាយថា ឃ្លាំងរបស់ស្ត្រីរូបនេះនៅក្នុងស្រុកសៀមបូក ត្រូវបានឆ្មក់ចូល ហើយគាត់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស