ជាលើកទី២ចាប់តាំងពីលោក កែម ឡី ត្រូវបានធ្វើឃាតកាលពី៣ខែមុន ក្រុមអ្នកកាន់ទុក្ខកាលពីម្សិលមិញ បាននាំគ្នាចេញទៅដង្ហែក្បួនតាមផ្លូវសំខាន់ៗឆ្ពោះទៅភាគខាងលិចរាជធានីភ្នំពេញ សំដៅទៅខេត្តតាកែវ ទីដែលសពអ្នកវិភាគនយោបាយរូបនេះត្រូវបានបញ្ចុះនៅទីធ្លាក្រោយផ្ទះរបស់ម្ដាយលោកកាលពីចុងខែកក្កដា។
ជំនួសឱ្យការដង្ហែសពលោក កែម ឡី ដែលគ្របដោយទង់ជាតិចេញពីរាជធានីភ្នំពេញ ក្រុមអ្នកកាន់ទុក្ខកាលពីម្សិលមិញបានដង្ហែពីក្រោយរូបសំណាកស្ពាន់ប៉ុនរូបពិតតំណាងឲ្យអ្នកវិភាគរូបនេះដែលដឹកតាមរថយន្តដឹកទំនិញចេញពីវត្តចាស់នៅពេលព្រឹកព្រលឹមស្រាងៗ។
លើកនេះអ្នកចូលរួមដង្ហែក៏មានចំនួនតិចជាងមុនដែរ។ មនុស្សរាប់ម៉ឺនសែននាក់បានចេញទៅដង្ហែតាមផ្លូវនានាកាលពីចុងខែកក្កដា ខណៈនៅមានអារម្មណ៍ភ័យតក់ស្លុតនៅឡើយចំពោះការបាញ់សម្លាប់អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះដែលមជ្ឈដ្ឋានទូទៅជឿថាជាស្នាដៃរបស់រដ្ឋាភិបាល។
ទោះបីជានៅតែមិនសប្បាយចិត្តចំពោះការស៊ើបអង្កេតករណីឃាតកម្មនេះដែលហាក់មិនកំពុងដំណើរការក្ដី ក៏អ្នកចូលរួមកាលពីម្សិលមិញមានចំនួនថយចុះដែរមកនៅត្រឹមពីរបីនាក់ប៉ុណ្ណោះ។
វាជាចុងបញ្ចប់នៃពិធីបុណ្យរំឭកខួប១០០ថ្ងៃសម្រាប់លោក កែម ឡី ដែលក្នុងរយៈពេល៣ថ្ងៃមកនេះបានទាក់ទាញអ្នកចូលរួមរាប់ម៉ឺនសែននាក់ទៅវត្តចាស់ ក្រោយពីលោកត្រូវឃាតករបាញ់ទម្លុះក្បាលកាលពីថ្ងៃទី១០ ខែកក្កដា ខណៈលោកកំពុងអង្គុយពិសាកាហ្វេពេលព្រឹកហាងកាហ្វេស្តាម៉ាតដែលលោកចូលចិត្តទៅពិសានៅកណ្ដាលរាជធានីភ្នំពេញ។
ពិធីនេះស្ទើរតែមិនបានកើតឡើងទៅហើយ។ សាលារាជធានីដែលចោទប្រកាន់អ្នករៀបចំកម្មវិធីបុណ្យថាព្យាយាមបង្វែរពិធីបុណ្យតាមប្រពៃណីសាសនានេះទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាល បានច្រានចោលសំណើពីរលើកសុំរៀបចំពិធីបុណ្យនេះនៅរាជធានីភ្នំពេញ មុនពេលប្ដូរចិត្តវិញកាលពីសប្ដាហ៍មុន។
លោក សៅ កុសល ដែលស្ថិតក្នុងជួរគណៈកម្មការរៀបចំពិធីបុណ្យនេះមានប្រសាសន៍ថា វាជាការសំខាន់ដែលពិធីបុណ្យនេះគួរតែរៀបចំនៅរាជធានីភ្នំពេញ មិនមែនខេត្តតាកែវ ដូចដែលអាជ្ញាធរជំរុញឱ្យធ្វើនោះទេ។
ការរៀបចំពិធីនេះនៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យមានមនុស្សចូលរួមច្រើនរហូតដល់ទៅប្រមាណ៦០.០០០នាក់តាមការប៉ាន់ស្មានរបស់លោក សៅ កុសល ហើយវារំឭកដល់រដ្ឋាភិបាលថា មហាជនចង់ឱ្យនាំខ្លួនឃាតករដែលសម្លាប់លោក កែម ឡី មកផ្ដន្ទាទោស។
លោកបានមានប្រសាសន៍ថា “យើងចង់បង្ហាញទុក្ខសោក និងការឈឺចាប់របស់យើង។ ប្រជាពលរដ្ឋទាមទារឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌សម្រាប់គ្រួសាររបស់គាត់”។
បុរសដែលត្រូវបានចាប់ខ្លួនប្រហែលកន្លះម៉ោងក្រោយការបាញ់សម្លាប់ បានសារភាពថា ខ្លួនបាញ់សម្លាប់លោក កែម ឡី ដោយសារតែលោកជំពាក់ប្រាក់៣.០០០ដុល្លារ។ នគរបាលនិយាយថា ពួកគេជឿថា មានអ្នក “នៅពីក្រោយ” ខ្មាន់កាំភ្លើង ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតទេ។ ប្រជាពលរដ្ឋកម្ពុជា ជាច្រើនជឿថា ការបាញ់ប្រហារនេះធ្វើឡើងតាមបញ្ជារបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ហើយចង់ឱ្យសមត្ថកិច្ចបញ្ចេញរូបភាពនៃការបាញ់ប្រហារដែលកាមេរ៉ាថតបាននៅស្តាម៉ាតនោះ ប៉ុន្តែសមត្ថកិច្ចមិនព្រមបញ្ចេញ។
លោក សៅ កុសល មានប្រសាសន៍ថា “បើរដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋនិយាយថា មាននិទណ្ឌភាព សូមបញ្ចេញរូបភាពមក។ ហេតុអីរដ្ឋាភិបាលមិនព្រមបញ្ចេញ? វាធ្វើឱ្យប្រជាពលរដ្ឋសង្ស័យថា ការស៊ើបអង្កេតជាប់គាំង ពីព្រោះមានបុគ្គលមានអំណាចមួយចំនួននៅពីក្រោយរឿងនេះ”។
អ្នកស្រី តេង ឡាយ ជាស្ត្រីមេផ្ទះរស់នៅក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមពិធីដង្ហែនេះនៅក្រៅរាជធានីភ្នំពេញ ក៏យល់ឃើញដូចលោក សៅ កុសល ដែរពាក់ព័ន្ធមូលហេតុដែលគួររៀបចំពិធីនេះនៅរាជធានីភ្នំពេញ។ អ្នកស្រីនិយាយថា “យើងចង់ប្រារព្ធពិធីនេះនៅរាជធានីភ្នំពេញ ព្រោះភ្នំពេញ ជាកន្លែងដែលឃាតករបាញ់សម្លាប់គាត់ ហើយចង់រំឭកដាស់តឿនរដ្ឋាភិបាលឱ្យខិតខំស៊ើបអង្កេតឃាតកម្មលើរូបគាត់”។
ដូចមនុស្សភាគច្រើនដែរ គឺអ្នកស្រីប្រាកដក្នុងចិត្តថា លោក កែម ឡី ត្រូវបានធ្វើឃាតដោយសារតែលោកហា៊ននិយាយការពិត។ អ្នកស្រីថ្លែង “លោក កែម ឡី ដឹងពីស្ថានភាព គាត់បានដឹងពីអំពើពុករលួយ”។ អ្នកស្រីតែងតែស្ដាប់លោក កែម ឡី មានប្រសាសន៍តាមវិទ្យុអាស៊ីសេរីជាប្រចាំ។ “មនុស្សជាច្រើនមិនហ៊ាននិយាយទេ ប៉ុន្តែគាត់ហ៊ាននិយាយ ហើយគាត់បានរិះគន់រដ្ឋាភិបាលដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនោះ”។
លោក សៅ កុសល ថ្លែងថា ការដង្ហែនេះបានទៅដល់ផ្នូររបស់លោក កែម ឡី នៅម៉ោងប្រហែល២និង៣០នាទីរសៀល។ លោកគូសបញ្ជាក់ថា រូបសំណាកនេះនឹងត្រូវដាក់តាំងនៅខាងមុខផ្នូររបស់លោកនៅពីរបីថ្ងៃក្រោយ នៅពេលជើងទម្របេតុងសាងសង់រួច។
អាជ្ញាធររាជធានីភ្នំពេញ បានច្រានចោលសំណើសុំដាក់តាំងរូបសំណាកនេះនៅទីលានប្រជាធិបតេយ្យ ឬទីសាធារណៈផ្សេងទៀតក្នុងរាជធានីភ្នំពេញ។
ទាក់ទិនការស៊ើបអង្កេត និងរូបភាពវីដេអូ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ព្រះរាជអាជ្ញាកំពុងចាត់ការលើសំណុំរឿងនេះ ហើយក៏ផ្ដាច់ទូរស័ព្ទកាលពីម្សិលមិញ។
រដ្ឋាភិបាលបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធឃាតកម្មនេះទេ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដឹងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងពីបទនិយាយថា ខ្លួនជាប់ពាក់ព័ន្ធ៕ សុខុម