37 C
Phnom Penh

លោក កឹម សុខា​ បួង​សួង​សុំឱ្យ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រជួយ​​បង្រួប​បង្រួម​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពិធីមួយដើម្បីរំឭកដល់ខួបគម្រប់៤ឆ្នាំចាប់តាំងពីការសោយទិវង្គតរបស់សម្ដេចឪ នរោត្តម សីហនុ កាលពីថ្ងៃសៅរ៍ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានបួងសួងសុំឱ្យវិញ្ញាណក្ខន្ធព្រះមហាក្សត្រយាងមកកាន់ប្រទេសកម្ពុជា ហើយជួយបង្រួបបង្រួមប្រទេសជាតិ។

cam-photo-cnrp-jumpទន្ទឹមនឹងនោះដែរ គ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាលក៏បានរំឭកដល់ខួបនេះដែរដោយមានការដង្ហែនៅពេលព្រឹកយកកម្រងផ្កាទៅដាក់កន្លែងតម្កល់រូបសំណាកអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ។

ការបួងសួងរបស់លោក កឹម សុខា សុំឱ្យវិញ្ញាណក្ខន្ធសម្ដេចឪជួយផ្សះផ្សាប្រទេស ជាតិនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការព្យាយាមមិនបានសម្រេចរបស់គណបក្សសង្គ្រោះជាតិដើម្បីទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហា ក្សត្រ នរោត្តម សីហមុនី ដល់សមាជិករបស់ខ្លួនដែលត្រូវបានកាត់ឱ្យជាប់ទោស និងជាប់ពន្ធនាគារ។

លោក កឹម សុខា បានមានប្រសាសន៍អំឡុងពិធីមួយតាមបែបព្រះពុទ្ធសាសនានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញថា ”ក្នុងនាមជាកូនចៅ ដែលធ្លាប់រស់នៅក្រោមការដឹកនាំរបស់ព្រះអង្គសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គដែលបានទៅសោយសុខក្នុងសុគតិភព ហើយ សុំបែរព្រះភក្ត្រ ព្រះវិញ្ញាណក្ខន្ធមកជួយដល់ប្រទេសជាតិយើង”។

លោកបានមានប្រសាសន៍ថា “ដូច្នេះថ្ងៃនេះ ទូលបង្គំយើងខ្ញុំទាំងអស់គ្នាសូមពិតទូលដល់វិញ្ញាណក្ខន្ធរបស់ព្រះអង្គថា ឥឡូវនេះខ្មែរមិនទាន់បានរួបរួមគ្នាស្រួលបួលទេ នៅតែមានការបែកបាក់គ្នា នៅតែមានការកាប់សម្លាប់គ្នា ឈ្នានីសគ្នា ធ្វើទុក្ខបុកម្នេញគ្នានៅឡើយ។ ដូច្នេះសូមឱ្យវិញ្ញាណក្ខន្ធព្រះអង្គដែលបានសោយសុគតិភពហើយ សុំឱ្យបារមីព្រះអង្គសណ្ឋិតក្នុងអ្នកនយោបាយខ្មែរទាំងឡាយដើម្បីឱ្យវិលមករកការឯកភាពជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិដើម្បីសេចក្តីសុខរបស់ខ្មែរយើងទាំងអស់គ្នា”។

លោក កឹម សុខា ត្រូវបានផ្ដន្ទាទោសកាល ពីខែមុនឱ្យជាប់ពន្ធនាគាររយៈពេល៥ខែ ពីបទបដិសេធក្នុងការចូលខ្លួនបំភ្លឺក្នុងតុលាការជុំវិញរឿងក្ដី “សញ្ចរកម្ម” ប្រឆាំងស្ត្រីម្នាក់ ដែលអះអាងថាជាស្រីកំណាន់របស់លោក ប៉ុន្តែអាជ្ញាធរបានលើកឡើងថា លោកនឹងមិនប្រឈមការចាប់ខ្លួនឡើយ លុះណាតែបណ្ដឹងឧទ្ធរណ៍ត្រូវបានបើកសវនាការសិន។

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងស្ថិតក្នុងការនិរទេសខ្លួននៅឡើយ ដើម្បីគេចពីការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ចំណែកមន្ត្រីគណបក្សប្រឆាំង១៨រូបទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចាប់តាំងពីខែឧសភាមក ក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជាការវាយប្រហារតាមផ្លូវច្បាប់ក្នុងគោលបំណងផ្ញើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយខណៈការបោះឆ្នោតជិតមកដល់។

មិនដូចអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបានគ្រប់គ្រងប្រទេសក្នុងនាមជាព្រះអង្គម្ចាស់ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ហើយបានរក្សាតួនាទីដ៏សំខាន់នៅពេលសន្តិភាពត្រូវបានស្ដារឡើងវិញក្នុងទស វត្សរ៍ឆ្នាំ១៩៩០នោះ ព្រះមហាក្សត្រ នរោត្តម សីហមុនី មិនមានចំណាប់អារម្មណ៍ចូលពាក់ព័ន្ធក្នុងជម្លោះនយោបាយឡើយ។ នៅពេលទទួលបានសំណើសុំព្រះរាជទានលើកលែងទោសពីលោក សម រង្ស៊ី និងលោក កឹម សុខា កាលពីសប្ដាហ៍មុន ព្រះអង្គបានបញ្ជូនបន្តភ្លាមទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានច្រានចោលសំណើនេះ។

ដោយសំដៅដល់ការគោរពដ៏ខ្ពង់ខ្ពស់ដល់ព្រះមហាក្សត្យ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកគិតថា គណបក្សប្រឆាំងនឹងមិនមានសំណាងបន្ថែមទៀតឡើយតាមរយៈការបួងសួងសុំឱ្យវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ជួយនោះ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ជួយដល់អ្នកដែលគោរពច្បាប់តែប៉ុណ្ណោះ ប៉ុន្តែព្រះអង្គមិនអាចជួយដល់អ្នកដែលបំពានច្បាប់ឡើយ”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាប្រធានខុទ្ទកាល័យសម្ដេចឪជាយូរមកហើយ ហើយឥឡូវនេះជាសមាជិកដ៏ឆ្នើមរបស់គណបក្សសង្គ្រោះជាតិនោះបានមានបន្ទូលថា ព្រះអង្គស្វាគមន៍ការបួងសួងរបស់លោក កឹម សុខា សុំឱ្យវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រជួយអន្តរាគមន៍បន្ទាប់ពីការយាងចូលទិវង្គតរបស់ព្រះអង្គ។

ព្រះអង្គម្ចាស់មានបន្ទូលថា “វីធីតែមួយគត់ គឺត្រូវពិភាក្សាគ្នា ហើយវាជាទម្លាប់របស់ព្រះបាទ នរោត្តម សីហនុ ក្នុងការប្រមូលគណបក្សនយោបាយទាំងអស់ឱ្យរួមគ្នាស្វែងរកដំណោះស្រាយ”។ព្រះអង្គម្ចាស់បន្ថែមថា ព្រះមហាក្សត្រ នរោត្តម សីហមុនី មិនមានបំណងដើរតាមលំអានបិតារបស់ព្រះអង្គឡើយ។

ព្រះអង្គម្ចាស់មានបន្ទូលថា “ព្រះមហាក្សត្រ នរោត្តម សីហមុនី មិនដែលចូលរួមក្នុងនយោបាយឡើយ ហើយព្រះអង្គក៏មិនចង់ជាប់ពាក់ព័ន្ធដែរ។ ដូច្នេះវាមិនមែនជាបញ្ហាផ្លូវច្បាប់ទេ វាជាបញ្ហាបុគ្គល”៕ សារុន (រាយការណ៍បន្ថែមដោយ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស