41.3 C
Phnom Penh

រដ្ឋាភិបាល​​ស្នើ​ឱ្យ​នគរ​បាល​អាំងទែប៉ូល​ជួយ​ចាប់ខ្លួន សោម ឯក ​ភេរវករ​​ដែល​បាន​រត់គេច​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលជាតិកំពុងត្រៀមស្នើសុំឱ្យនគរបាលអាំងទែប៉ូលចេញ “និវេទន៍ក្រហម” តាមចាប់ខ្លួន សោម ឯក ជាការទទួលស្គាល់ថា ភេរវកររូបនេះប្រហែលជាភៀសខ្លួនចេញពីប្រទេសកម្ពុជារួចហើយ បន្ទាប់ពីរត់ចេញពីមន្ទីរពេទ្យកាលពីជាង១សប្ដាហ៍មុន។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា សោម ឯក ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារ៤០ឆ្នាំ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកចំនួនពីរ បានរត់គេចខ្លួនចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានី ភ្នំពេញកាលពីថ្ងៃទី៨ ខែតុលា បន្ទាប់ពីសាច់ញាតិរបស់ជននេះបានលួចដាក់ថ្នាំងងុយដេកក្នុងអាហារឱ្យអ្នកយាមជនហូប។

កាលពីម្សិលមិញ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា ពេលនេះសមត្ថកិច្ចកំពុងរង់ចាំនិវេទន៍ក្រហមរបស់នគរបាលអាំងទែប៉ូល ដើម្បីប្រកាសឱ្យប្រទេសផ្សេងៗទៀតជួយតាមចាប់ខ្លួន សោម ឯក។

លោកលើកឡើងថា “យើងបានត្រៀមឯកសាររួចហើយ ប៉ុន្តែខ្ញុំមិនដឹងថា វាមកដល់ហើយឬក៏នៅនោះទេ។ នៅពេលយើងមាននិវេទន៍ក្រហម អាំងទែប៉ូលនឹងប្រាប់គ្រប់ប្រទេសទាំងអស់ឱ្យជួយតាមចាប់ខ្លួនជននេះ និងបញ្ជូនត្រឡប់មកវិញ”។

អ្នកនាំពាក្យរូបនេះបដិសេធមិនបញ្ជាក់ថាតើសមត្ថកិច្ចកំពុងធ្វើអ្វីទៀតដើម្បីតាមចាប់ខ្លួនឈ្មោះ សោម ឯក នោះទេ ហើយលោកមិនបានឆ្លើយឡើយនៅពេលសួរថាតើសោម ឯក នៅកន្លែងណា។

ចំណែកឯប្រធានការិយាល័យនគរបាលអាំងទែប៉ូលរបស់កម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស