មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រសួងមហាផ្ទៃបានសម្ភាសប្រហែលពីរភាគបីក្នុងចំណោមអ្នកស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា១៥៩នាក់ ដែលរស់នៅក្នុងក្រុងភ្នំពេញ បន្ទាប់ពីបានរត់ភៀសខ្លួនចេញពីប្រទេសវៀតណាមជាងពីរឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានសម្រេចយល់ព្រមលើពាក្យសុំណាមួយរបស់ពួកគេនៅឡើយទេ។
ការបញ្ជាក់ពីលោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីកាសែតខេមបូឌា ដេលី បានរាយការណ៍មិនត្រឹមត្រូវកាលពីសប្តាហ៍មុនថា ម៉ុងតាញ៉ាដែលនៅសេសសល់ទាំងអស់ត្រូវបានបញ្ជាឲ្យវិលទៅប្រទេសវៀតណាមវិញក្នុងពេលពីរសប្តាហ៍ទៀតនេះ។
អត្ថបទនោះបានផ្អែកលើការសម្ភាសមួយជាមួយលោក កែម សារិន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបាននិយាយថា អ្នកសុំសិទ្ធិជ្រកកោនទាំងអស់ត្រូវបានសម្ភាស ហើយថា អ្នកទាំងឡាយណាដែលមិនបានបំពេញលក្ខណៈវិនិច្ឆ័យចាំបាច់ មានពេលពីរសប្តាហ៍ដើម្បីចាកចេញ។
លោក សុវិជ្ជា បាននិយាយថា ក្នុងចំណោមមនុស្ស៩៤នាក់ដែលទទួលបានការពិនិត្យសំណុំបែបបទ គ្មាននរណាម្នាក់បំពេញបានតាមលក្ខណៈវិនិច្ឆ័យដែលត្រូវបានកំណត់ក្នុងអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ ប៉ុន្តែថា នៅមានអ្នកស្វែងរកសិទ្ធិជ្រកកោន៦៥នាក់ទៀតកំពុងរង់ចាំការសម្ភាសនៅឡើយ។
លោកបាននិយាយថា “រហូតមកដល់ពេលនេះ គ្មានអ្នកដែលបានជាប់ទេ ពីព្រោះចម្លើយរបស់អ្នកបានសម្ភាស មិនត្រូវតាមអនុសញ្ញាជនភៀសខ្លួនទេ”។ លោកបាននិយាយបន្ថែមថា លោកមានសុទិដ្ឋិនិយមថា អ្នកនៅសេសសល់មួយចំនួននឹងទទួលបានការយល់ព្រម។
“ខ្ញុំគិតថា មានមនុស្សមួយចំនួនដែលនឹងជាប់ការសម្ភាសក្នុងចំណោមអ្នកដែលបានដាក់ពាក្យ និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ យើងជ្រើសរើសបានតែអ្នកដែលមិនមែនជាជនភៀសខ្លួនពិតប្រាកដប៉ុណ្ណោះ”។
លោក សុវិជ្ជា បាននិយាយថា អ្នកដែលបានធ្លាក់ការសម្ភាស មានពេល៣០ថ្ងៃដើម្បីសុំឲ្យវិនិច្ឆ័យជាថ្មី ហើយឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកំពុងរង់ចាំក្រុមនេះទាំងមូលឲ្យគេពិនិត្យសំណុំបែបបទសិន មុនពេលជួយអ្នកដែលធ្លាក់ការសម្ភាសឲ្យត្រឡប់ទៅវិញ។
លោកបាននិយាយថា “គេនឹងត្រូវចំណាយប្រាក់ច្រើនសម្រាប់ការជួលរថយន្តដើម្បីដឹកពួកគេទៅស្រុកវិញជាច្រើនជើង ហេតុដូច្នេះហើយ ឥឡូវនេះពួកគេកំពុងរង់ចាំអ្នកធ្លាក់ការសម្ភាសថែមទៀត ដើម្បីបញ្ជូនពួកគាត់ទាំងអស់តែម្តង”។
ក្រុមម៉ុងតាញ៉ា១៣នាក់ដំបូង ដែលបានឆ្លងចូលខេត្តរតនគិរីនៅចុងឆ្នាំ២០១៤ បានទទួលឋានៈជនភៀសខ្លួន និងកំពុងរស់នៅក្នុងប្រទេសហ្វីលីពីន រង់ចាំការតាំងលំនៅថ្មីជាអចិន្ត្រៃយ៍នៅប្រទេសផ្សេងទៀត៕ និត