28.4 C
Phnom Penh

ទាហាន​ព្រំដែន​ត្រូវ​ចាប់​ខ្លួន ខណៈ​នាំ​មេតំហ្វេតាមីន​ឆ្លង​ចូល​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានពីរនាក់ ដែលប្រចាំការតាមបណ្តោយព្រំដែនខេត្តរតនគិរី ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបានឆ្លងចូលប្រទេសវៀតណាម ជាមួយនឹងមេតំហ្វេតាមីនមួយគីឡូក្រាម។

លោក លាង អីុម នាយនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បាននិយាយថា ទាហានទាំងពីរនាក់ត្រូវបានមន្ត្រីព្រំដែនវៀតណាមចាប់ខ្លួនក្នុងខេត្តយ៉ាឡាយ និងត្រូវឃុំខ្លួនក្នុងមណ្ឌលឃុំខ្លួនមួយនៅតាមព្រំដែន។ លោកបាននិយាយថា ការព្យាយាមរបស់លោកដើម្បីសួរសុខទុក្ខពួកគេកាលពីថ្ងៃអាទិត្យមិនបានសម្រេចទេ។

លោក អីុម បាននិយាយថា “រសៀលនេះ ខ្ញុំបានចូលប្រទេសវៀតណាម និងបានទាក់ទងភាគីវៀតណាម។ ពួកគេបាននិយាយថា ពួកគេមិនទាន់អនុញ្ញាតឲ្យយើងជួបបានទេ។ យើងត្រូវរង់ចាំសិនទម្រាំពួកគេបញ្ចប់ការស៊ើបអង្កេត ហើយពួកគេនឹងជូនព័ត៌មានឲ្យយើងនៅពេលក្រោយ”។

ក្នុងការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន មន្ទីរនគរបាលជាតិប្រឆាំងគ្រឿងញៀន បានប្រាប់ថាទាហានមានឈ្មោះ ចាប សាមៀន អាយុ២៨ឆ្នាំ និង អាន ប៊ុនធី អាយុ៣៩ឆ្នាំ ទាំងពីរនាក់ជាអ្នកស្រុកនៅក្រុងបានលុង។

ក្រុមមន្ត្រីបាននិយាយថា ក្នុងករណីមួយដោយឡែក បុរសម្នាក់ដែលព្យាយាមជួញដូរមេតំហ្វេតាមីន១៦គីឡូក្រាមឆ្លងព្រំដែនចូលប្រទេសថៃ ត្រូវបានចាប់ខ្លួនក្នុងខេត្តព្រះវិហារកាលពីយប់ថ្ងៃសៅរ៍ នៅពេលដែលនគរបាលឃាត់រថយន្តរបស់ជនសង្ស័យនៅកន្លែងឆែកឆេរមួយដើម្បីឆែកអ្នកបើកបររកគ្រឿងញៀនខុសច្បាប់។

លោក សួន ឆាលណា ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បាននិយាយថា គង់ វិច អាយុ៣២ឆ្នាំ ត្រូវបានឃាត់ខ្លួនដោយមានថ្នាំមេតំហ្វេតាមីន១៤៥.៤៤០គ្រាប់នៅក្នុងរថយន្តតូយ៉ូតាកាម៉ារីរបស់គាត់ នៅពេលក្រុមមន្ត្រីបក់ដៃឲ្យគាត់ឈប់លើផ្លូវជាតិលេខ៦២ ក្នុងស្រុកត្បែងមានជ័យ នៅម៉ោងប្រហែល១០និង៣៥នាទីយប់។

លោកបាននិយាយថា គ្រឿងញៀនទាំងនោះមានប្រភពមកពីប្រទេសឡាវ និងចូលប្រទេសនេះតាមច្រកព្រំដែនក្នុងខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសថៃតាមខេត្តប៉ៃលិន។

លោក ឆាលណា បាននិយាយថា ជនសង្ស័យគ្រាន់តែជាអ្នកដឹកជញ្ជូនគ្រឿងញៀនឲ្យគេប៉ុណ្ណោះ ហើយថា ជនជាតិថៃម្នាក់ទំនងជាទទួលខុសត្រូវលើការរកស៊ីនេះ។ លោកបានប្រមាណថា តម្លៃគ្រាប់ថ្នាំប្រហែល០,៥០ដុល្លារក្នុងមួយគ្រាប់ មានន័យថា គ្រាប់ថ្នាំក្នុងរថយន្តរបស់លោក វិច អាចមានតម្លៃប្រហែល៧៣.០០០ដុល្លារ។

លោក ស៊ី គិរី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា គ្រាប់ថ្នាំទាំងនោះត្រូវរឹបអូសជាមួយនឹងរថយន្តតូយ៉ូតា និងដាវសាមូរ៉ៃមួយ។ លោកបាននិយាយថា ជនសង្ស័យទំនងជានឹងត្រូវបញ្ជូនទៅតុលាការខេត្តនៅថ្ងៃនេះ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស