38.1 C
Phnom Penh

រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ​និយាយ​ថា ប្រទេសចិន​នឹង​ជួយ​ធ្វើ​ទំនើប​កម្ម​ដល់​យោធាកម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញខណៈនាវាទ័ពជើងទឹកមកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែប្រទេសកម្ពុជាថា ជំនួយរបស់ចិន ជំនាញ និងប្រហែលយន្តហោះចម្បាំងមួយចំនួនផង នឹងជួយធ្វើទំនើបកម្មយោធាកម្ពុជា។

មានប្រសាសន៍បន្ទាប់ពីត្រឡប់មកពីចូលរួមវេទិកា Xiangshan លើកទី៧ជាកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់តំបន់ដែលបានធ្វើឡើងកាលពីដើមសប្ដាហ៍មុននៅក្នុងទីក្រុងប៉េកាំង នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះទទួលបានភាពជោគជ័យ។

cam-photo-tea-banhនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ កាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញថា “យើងក៏មានចុះពិធីសារជាមួយគ្នាអំពីការផ្គត់ផ្គង់កិច្ចការមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះឱ្យមានការរីកចម្រើនឡើង ហើយក៏មានរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការពារជាតិឱ្យវាកាន់តែខ្លាំងក្លាឡើងផងដែរ”។

នាយឧត្តមសេនីយ៍រូបនេះបានមានប្រសាសន៍ថា ទីបំផុតប្រទេសកម្ពុជាមានគម្រោងទទួលបានយន្តហោះចម្បាំងពីចិន ប៉ុន្តែលោកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតអំពីផែនការនោះទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះក៏បានយកឱកាសនេះស្វាគមន៍សមាជិកនាវិកចិនដែលបានមកដល់ក្រុងព្រះសីហនុតាមនាវាចម្បាំងចំនួនបីគ្រឿងកាលពីថ្ងៃអាទិត្យផងដែរ ដោយលើកឡើងថា ការមកដល់របស់ពួកគេបានធ្វើឱ្យ “មិត្តភាព និងកិច្ចសហប្រតិបត្តិការ” វាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។

ការលើកឡើងរបស់នាយឧត្ដមសេនីយ៍ ទៀ បាញ់ កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិនកាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំចិនរូបនេះបានសន្យាផ្ដល់ជំនួយជាទឹកប្រាក់ប្រហែល២៣៧លានដុល្លារ និងទឹកប្រាក់បន្ថែម១៥លានដុល្លារទៀតសម្រាប់ផ្គត់ផ្គង់ផ្នែកយោធា។ លោក ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗជាច្រើនទៀតរួមទាំងការធ្វើឱ្យទំនាក់ទំនងស្ដីពីកិច្ចសហប្រតិបត្តិការដែនទឹក និងការប្រមូលផ្តុំព័ត៌មានសម្ងាត់កាន់តែស៊ីជម្រៅផងដែរ។

ដោយឡែកនាវារបស់អាមេរិកឈ្មោះ USS Germantown ជានាវាដែលចតក្នុងទឹកក៏បានលើគោកក៏បាន បានមកដល់ក្រុងព្រះសីហនុកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចសុច្ឆន្ទៈតាមការគ្រោងទុក ដែលរួមមានដំណើរទស្សនកិច្ចរបស់សមាជិកនាវិក និងទាហានម៉ារីនមកកាន់រាជធានីភ្នំពេញ និងទៅទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ព្រមទាំងមានការប្រកួតបាល់ទាត់រវាងទាហានកម្ពុជា និងទាហានអាមេរិកផងដែរ។

លោកវរសេនីយ៍ឯក Siebrand H. Niewenhous IV មេបញ្ជាការកងវរសេនាតូចភ័ស្តុភារប្រយុទ្ធអង្គភាពទី៣១ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា “ទាហានម៉ារីនភាគច្រើនមិនដែលមានឱកាសបានមកកន្លែងដូចជាប្រទេសកម្ពុជានេះទេ ហើយយើងរីករាយនឹងឃើញវប្បធម៌ពិសេសរបស់ប្រទេសកម្ពុជានៅក្រុងព្រះសីហនុ”។

អាមេរិក និងចិនមានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះជំុវិញការអះអាងសិទ្ធិកាន់កាប់ដែនសមុទ្ររបស់ចិន។ប៉ុន្តែនាយឧត្ដមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍កាលពីម្សិលមិញថា ប្រទេសកម្ពុជាបានស្វាគមន៍អ្នកមកទស្សនាជាច្រើន។ លោកបានថ្លែងថា “គេចូលហ្នឹងអត់បញ្ហាអីដែរ គឺយើងបើកទូលាយ មិនត្រឹមតែរបស់ចិន របស់ អាមេរិក ទាំងបារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌាអីមកបន្តបន្ទាប់”៕ សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស