27.5 C
Phnom Penh

ជំហាន​ដំបូង​នៅ​ក្នុងការ​ដោះស្រាយ​ការ​គំរាម​កំហែង​ពីជំងឺឆ្កែ​ឆ្កួត​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វាសម្លាប់ពលរដ្ឋខ្មែរច្រើនជាងជំងឺគ្រុនចាញ់ជារៀងរាល់ឆ្នាំ។ ច្រើនជាងជំងឺគ្រុនឈាម។ វាអាចទប់ស្កាត់បាន១០០ភាគរយ ប៉ុន្តែ មានការខិតខំតិចតូចណាស់ក្នុងការលុបបំបាត់វា។           

នៅក្នុងឆ្នាំនេះ ទីបំផុតកម្ពុជាបានចាត់វិធានការលើជំងឺឆ្កែឆ្កួត ជាមេរោគដ៏កាចសាហាវដែលភាគច្រើនតែងតែឆ្លងទៅកាន់មនុស្សតាមរយៈទឹកមាត់ដែលបន្សល់ពីឆ្កែខាំ។

កម្មវិធីសាកល្បងមួយនៅក្នុងការខិតខំចាក់វា៉ក់សាំងដល់ឆ្កែចំនួន៥លានក្បាលនៅទូទាំងប្រទេសដើម្បីការពារជំងឺឆ្កែឆ្កួត និងដើម្បីកាត់បន្ថយការស្លាប់ដោយសារជំងឺឆ្កែឆ្កួតប្រមាណ៨០០ករណីជារៀងរាល់ឆ្នាំនោះ ត្រូវបានចាប់ផ្តើមកាលពីម្សិលមិញ ដោយមានការងារចុះដល់កន្លែងផ្ទាល់ទ្រង់ទ្រាយតូចនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

តួលេខពីវិទ្យាស្ថានប៉ាស្ទ័រដែលគ្រប់គ្រងមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងជំងឺឆ្កែឆ្កួតដ៏ធំបំផុតនៅកម្ពុជានោះបានលើកឡើងថា មានករណីត្រូវឆ្កែខាំធ្ងន់ធ្ងរជាង៦០០.០០០ករណីក្នុងមួយឆ្នាំ ពោលគឺក្នុងចំណោមមនុស្ស២៥នាក់មានម្នាក់ទៅហើយ ហើយករណីស្លាប់ច្រើនជាងប្រទេសជិតខាងឆ្ងាយ។

លោក Didier Fontenille ប្រធានវិទ្យាស្ថាននេះដែលមានមូលដ្ឋាននៅក្នុងរាជធានីបានមានប្រសាសន៍ថា “វាជារឿងអាស្រូវដែលមានករណីស្លាប់ច្រើន”។

កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតទទួលបានជោគជ័យក្នុងប្រទេសជាច្រើនរួមមានដូចជាប្រទេសឥណ្ឌូណេស៊ី និងប្រទេសថៃ ដែលមានសេចក្តីរាយការណ៍ថា មានករណីស្លាប់ត្រឹមតែ៤ករណីក្នុងឆ្នាំ២០១២ជាដើម។ រីឯនៅក្នុងប្រទេសវៀតណាម មានការកត់ត្រាថា មានការស្លាប់ដោយសារជំងឺឆ្កែឆ្កួតតិចជាង១០០ករណីជារៀងរាល់ឆ្នាំ។

មានតែមនុស្សមួយក្រុមតូចប៉ុណ្ណោះដែលទទួលបានការព្យាបាលជំងឺឆ្កែឆ្កួតបន្ទាប់ពីត្រូវឆ្កែខាំ នេះបើយោងតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថានបា៉ាស្ទ័រ។ លោកវេជ្ជបណ្ឌិត Didier Fontenille បានមានប្រសាសន៍ថា “ហើយមានកុមារជាច្រើនត្រូវឆ្កែខាំ ពីព្រោះកុមារនៅកៀកនឹងឆ្កែបំផុត”។

ចំនួននៃករណីស្លាប់ដោយសារជំងឺឆ្កែឆ្កួតមានច្រើនឆ្ងាយជាងជំងឺមួយចំនួនដែលមជ្ឈដ្ឋានទូទៅមានការព្រួយបារម្ភ ក្នុងនោះរួមមានដូចជាជំងឺគ្រុនចាញ់ដែលបានសម្លាប់មនុស្សប្រហែល១០នាក់ក្នុងមួយឆ្នាំនៅកម្ពុជា ឬជំងឺគ្រុនឈាមដែលសម្លាប់មនុស្សអស់១២នាក់ក្នុងឆ្នាំ២០១៤ជាដើម។ ការប៉ាន់ប្រមាណនេះ ផ្អែកលើទិន្នន័យពិតដែលប្រមូលបានពីការស្ទង់មតិតាមទីជនបទ ព្រមទាំងករណីទទួលបានដោយវិទ្យាស្ថាននេះ ដែលព្យាបាលអ្នកជំងឺត្រូវឆ្កែខាំប្រហែល៣០០នាក់ជារៀងរាល់ថ្ងៃ។

កាលពីម្សិលមិញ កម្មវិធីសាកល្បងដើម្បីចាប់ផ្តើមវគ្គបណ្តុះបណ្តាល និងប្រមូលទិន្នន័យទាំងនៅតំបន់ជនបទ និងតំបន់ក្រុង បានចាប់ផ្តើមដំណើរការនៅទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ អំឡុងរយៈពេលសាកល្បងមួយខែ មន្ត្រីបសុសត្វ៥០នាក់ នឹងត្រូវបានផ្តល់ឲ្យនូវថ្នាំវ៉ាក់សាំងចំនួន៥០.០០០ដូសដើម្បីយកទៅចាក់ឲ្យឆ្កែ ដោយមានប្រសិទ្ធភាពយ៉ាងតិចមួយឆ្នាំ នេះបើយោងតាមវិទ្យាស្ថានប៉ាស្ទ័រ និងក្រសួងកសិកម្មដែលកំពុងតែអនុវត្តកម្មវិធីនេះ។

លោកវេជ្ជបណ្ឌិត Didier Fontenille បានមានប្រសាសន៍ថា “វាគឺជាការចាប់ផ្តើមនៃអ្វីមួយ។ នៅទីបំផុត ប្រសិនបើយើងចង់លុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា យើងត្រូវតែចាក់វា៉ក់សាំងឲ្យឆ្កែ។វាមិនមែនជាការងារងាយស្រួលនោះទេ”។

លោកបានថ្លែងបន្តថា ទោះជាយ៉ាងណា ការលុបបំបាត់ជំងឺឆ្កែឆ្កួតអាចជាជោគជ័យបន្ទាប់ ក្រោយពេលកម្ពុជាទទួលបានជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងគ្រុនចាញ់។ “យើងត្រូវតែមានសុទិដ្ឋិនិយម ព្រោះយើងធ្លាប់ទទួលបានជោគជ័យរួចមកហើយ វាធ្លាប់ទទួលបានជោគជ័យក្នុងប្រទេសផ្សេងៗ រួមមានដូចជាប្រទេសនៅអាស៊ីអាគ្នេយ៍ជាដើម។ វាក៏អាចទៅរួចដែរក្នុងការធ្វើឲ្យកើតមានភាពជោគជ័យដដែលនេះនៅកម្ពុជា”។

លោក ទុំ សុធីរ៉ា ប្រធានផ្នែកបសុព្យាបាលនិងផលិតកម្ម នៅវិទ្យាស្ថានសិក្សាស្រាវជ្រាវជាតិបសុសត្វបានលើកឡើងថា កម្មវិធីសាកល្បងនេះគឺជាយុទ្ធនាការផ្តល់វា៉ក់សាំងសម្រាប់ការពារជំងឺឆ្កែឆ្កួតដ៏ធំបំផុតនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “មានហានិភ័យខ្ពស់នៅខេត្តកណ្តាល និងភ្នំពេញ។ ឆ្កែជាច្រើនក្បាលដែលធ្វើតេស្តរកឃើញថា មានជំងឺឆ្កែឆ្កួត គឺមកពីភ្នំពេញ និងខេត្តកណ្តាល”។

លោកបានបន្ថែមថា ឆ្កែដែលត្រូវបានចាក់ថ្នាំវា៉ាក់សាំង និងមិនដាក់ពិន្ទុឲ្យដូចប្រទេសមួយចំនួននោះទេ ព្រោះ “ម្ចាស់របស់វាអាចនឹងមិនសប្បាយចិត្ត” ប៉ុន្តែ ម្ចាស់របស់វានឹងទទួលបានបង្កាន់ដៃបញ្ជាក់ពីការព្យាបាល។

លោកស្រី Mary Gordoncillo អ្នកសម្របសម្រួលផ្នែកវិទ្យាសាស្ត្រនៅអង្គការបសុព្យាបាលពិភពលោក(World Organization for Animal Health) ដែលផ្តល់វ៉ាក់សាំង និងមូលនិធិចំនួន៣០.០០០ដុល្លារដើម្បីឧបត្ថម្ភដល់កម្មវីធីសាកល្បងនេះបានលើកឡើងថា លោកស្រីសង្ឃឹមថា វានឹងជួយបង្កើតជាកម្លាំងជំរុញសម្រាប់កម្មវិធីលុបបំបាត់ជំងឺនេះនៅទូទាំងប្រទេស។

លោកស្រីបានមានប្រសាសន៍ថា “យ៉ាងហោចណាស់ សមត្ថភាព និងបទពិសោធន៍ដំបូងពីគម្រោងនេះអាចជាចំណុចចាប់ផ្តើមដែលផ្តល់ជំនួយសម្រាប់ការងារទៅថ្ងៃអនាគត។ការខិតខំប្រឹងប្រែង និងការចំណាយលើយុទ្ធនាការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅទូទាំងប្រទេស នឹងមានទំហំធំធេង”។

នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ម្ចាស់ឆ្កែនានាស្វាគមន៍ការចាប់ផ្តើមយុទ្ធនាការនេះ មុនពេលអ្នកផ្តល់វា៉ាក់សាំងចុះទៅមូលដ្ឋានរបស់ពួកគេ។

លោក លី ប៊ុន្ថា អាយុ៦០ឆ្នាំបានលើកឡើងថា លោកបានយកឆ្កែរបស់លោកចំនួន៣ក្បាលទៅចាក់ថ្នាំវា៉ក់សាំងការពារជំងឺឆ្កែឆ្កួតនៅគ្លីនិកឯកជនមួយ ប៉ុន្តែនៅមានការព្រួយបារម្ភអំពីឆ្កែផ្សេងៗទៀតខ្លាចក្រែងវាមានមេរោគនេះដែរ។

លោកបាននិយាយថា “ប្រសិនបើឆ្កែមានជំងឺឆ្កែឆ្កួតវាក៏នឹងខាំយើងដែរ។ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់អំពីឆ្កែផ្សេងទៀត”។

ព្រះេតជគុណ រាម រាជ ព្រះជន្ម១៧វស្សា ជាព្រះសង្ឃគង់នៅវត្តមួយក្បែរនោះបានមានសង្ឃដីកាថា ឆ្កែវត្តចំនួន២០ក្បាលត្រូវបានដាក់ឲ្យនៅពីរផ្នែកដាច់ពីគ្នាដោយសារពួកវាឧស្សាហ៍ខាំគ្នាពេក ហើយព្រះអង្គមិនចង់ឲ្យព្រះសង្ឃអង្គណាត្រូវឆ្កែខាំនោះឡើយពេលពួកវាខាំគ្នា។”ប្រសិនបើមានយុទ្ធនាការនេះ អាត្មានឹងយកពួកវាទៅចាក់ថ្នាំវ៉ាក់សាំងទាំងអស់”។

ការខិតខំប្រឹងប្រែងបន្ថែមលើយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងឲ្យឆ្កែ គឺត្រូវពង្រីកការព្យាបាលដល់មនុស្សដែលត្រូវឆ្កែខាំ។ប្រសិនបើមិនព្យាបាលទាន់ពេលទេ ជំងឺឆ្កែឆ្កួតភាគច្រើនតែងតែបណ្តាលឲ្យបាត់បង់ជីវិត និងបង្កឲ្យកើតមានជារោគសញ្ញាដូចជាមមើ មិនអាចគ្រប់គ្រងចិត្តខ្លួនឯងបាន និងហៀរទឹកមាត់ជាដើម។

លោកវេជ្ជបណ្ឌិត Didier Fontenille បានលើកឡើងថា បញ្ហាមួយក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្កែឆ្កួតគឺការសហការគ្នារវាងអ្នកផ្តល់ការព្យាបាលដែលព្យាបាលទាំងសត្វ និងមនុស្ស។

លោកបានមានប្រសាសន៍ថា “ជំងឺឆ្កែឆ្កួត ជាអ្វីដែលគេហៅថា ជំងឺឆ្លងពីសត្វ គឺជំងឺសត្វដែលសម្លាប់មនុស្ស។វាជាបញ្ហា ព្រោះតើអ្នកណានឹងទទួលខុសត្រូវចំពោះជំងឺដែលឆ្លងពីសត្វនេះ? ក្រសួងសុខាភិបាល? ក្រសួងបរិស្ថាន? ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ?”។

លោកបានថ្លែងបន្តថា “មេរោគនេះមិនមែនជាការទទួលខុសត្រូវរបស់នរណាម្នាក់ទេ។ ក្រសួងមួយចំនួនចំាបាច់ធ្វើការជាមួយគ្នា ហើយគ្រប់ពេល គ្រប់ប្រទេសនៅលើពិភពលោក គ្រប់ពេលវេលាដែលយើងមានក្រសួងមួយចំនួនធ្វើការជាមួយគ្នា វាមិនសូវមានបញ្ហាស្មុគស្មាញច្រើនទេ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស