27 C
Phnom Penh

អភិបាល បា៉ សុជាតិវង្ស គ្រប​់គ្រង​​រាជធានី​ភ្នំពេញ​​ ប៉ុន្តែ​មិន​តំណាង​ឱ្យ​ការ​​គាំទ្រ​​របស់​ពលរដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត កងកម្លាំងសន្តិសុខដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ បានសម្រុកចូលក្នុងហ្វូងអ្នកតវ៉ាកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន បន្ទាប់ពីមានភាពតានតឹងខ្លាំងរយៈពេលរាប់ម៉ោងរវាងអ្នកតវ៉ា និងនគរបាល ហើយបានប្រើអំពើហិង្សាទៅលើមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយរូប និងសកម្មជនសិទ្ធិដីធ្លីមួយរូប។

cam-map-city-hallវាក៏ជាសាលារាជធានីដែរ ដែលបានហាមប្រាមចំនួនពីរលើកលើគម្រោងប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃនៃការស្លាប់ដោយការធ្វើឃាតរបស់លោក កែម ឡី អ្នកវិភាគនយោបាយ មុនពេលផ្លាស់ប្ដូរជំហរវិញកាលពីថ្ងៃពុធ និងបានច្រានចោលសំណើសុំដាក់តាំងរូបសំណាករបស់លោកនៅទីលានប្រជាធិបតេយ្យ។

ហើយនៅពេលគណបក្សសង្គ្រោះជាតិស្នើសុំហែក្បួនទៅកាន់ស្ថានទូតបរទេសនានាកាលពីខែមុន ដើម្បីប្រគល់ញត្តិអំពាវនាវសុំអន្តរាគមន៍ក្នុងស្ថានភាពនយោបាយដែលកាន់តែយ៉ាប់យ៉ឺនទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបដិសេធមិនឱ្យធ្វើឡើយ ដោយបកស្រាយថា “រាជធានីមិនមែនជាកម្មសិទ្ធិរបស់គណបក្សប្រឆាំងនោះទេ” នេះបើយោងតាមព័ត៌មានចុះផ្សាយតាមគេហទំព័រ Fresh News។

ខណៈរឿងនោះប្រហែលជាការពិត   គណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រច្រើនទូទាំងរាជធានី និងទទួលបានសំឡេងឆ្នោតច្រើនលើសលប់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣  មុនពេលនាំប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់ចេញតវ៉ាតាមដងផ្លូវនៅរយៈពេលប៉ុន្មានខែក្រោយមក។

សម្រាប់អ្នកនយោបាយដែលជាប់ឆ្នោត ការកាត់ផ្ដាច់ទំនាក់ទំនងពីប្រជាពលរដ្ឋអាចនឹងមានបញ្ហាពិបាកដោះស្រាយ។ ប៉ុន្តែសម្រាប់លោក ប៉ា សុជាតិវង្ស មតិសាធារណជនយល់ឃើញថា លោកហាក់គ្មានបញ្ហាដូចនេះឡើយ នៅពេលធ្វើការសម្រេចថាត្រូវគ្រប់គ្រងរាជធានីភ្នំពេញ តាមវិធីណា។

ដោយទទួលបានការតែងតាំងពីគណបក្សប្រជាជនកម្ពុជា អភិបាលរូបនេះប្ដូរផ្ដាច់ការពារផលប្រយោជន៍របស់គណបក្សកាន់អំណាច ទោះបីជាគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រគួរឲ្យទុកចិត្តបំផុតពីប្រជាពលរដ្ឋភាគច្រើននៅក្នុងរាជធានីភ្នំពេញក្តី។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងថា ”ការបង្ក្រាបទាំងនេះសុទ្ធតែដើម្បីបង្កើតវប្បធម៌នៃការភ័យខ្លាច និងការបំភិតបំភ័យដែលបំបិទការតវ៉ានៅក្នុងសង្គមប្រឆាំងនឹងរដ្ឋាភិបាល ហើយទុកឲ្យសាលារាជធានីរាយការណ៍តាមតួនាទីទៅថ្នាក់លើក្នុងជួរគណបក្សប្រជាជនកម្ពុជាថា អ្វីៗល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ”។

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ការប្រើអំពើហិង្សាកាលពីសប្តាហ៍មុនទៅលើអ្នកតវ៉ាទាមទារសិទ្ធិដីធ្លី  ដែលអំឡុងពេលនោះក្រុមសន្តិសុខបានវាយលោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ គ្រាន់តែជាឧទាហរណ៍ចុងក្រោយមួយបង្ហាញពីការបង្ក្រាបរបស់លោក ប៉ា សុជាតិវង្ស លើការប្រឆាំងគណបក្សកាន់អំណាច។

លោកបានមានប្រសាសន៍ថា “ជាការពិត ជម្រើសផ្សេងគឺពិបាកនឹងគិតណាស់ ព្រោះនេះមានន័យថា គណបក្សប្រជាជនកម្ពុជា នឹងត្រូវទទួលស្គាល់ថា គោលនយោបាយ និងការអនុវត្តពុករលួយរបស់ពួកគេពិតជាបង្កមហន្តរាយ ហើយរំលោភសិទ្ធិប្រជាពលរដ្ឋទាំងនៅតំបន់ជនបទ និងតំបន់ក្រុង”។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល មានប្រសាសន៍ថា ស្ថានភាពនេះឆ្លុះបញ្ចាំងពីការផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ នោះគឺ៖ លោក ប៉ា សុជាតិវង្ស និងគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងអំណាចទាំងអស់ដោយគ្មានការគាំទ្រពីប្រជាពលរដ្ឋ។

ជាង៨០ភាគរយនៃសង្កាត់ទូទាំងរាជធានីភ្នំពេញ បានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ គណបក្សប្រជាជនកម្ពុជាឈ្នះតែ១៦សង្កាត់ប៉ុណ្ណោះក្នុងចំណោម៩៦សង្កាត់ ហើយស្មើនឹង៣៩ភាគរយនៃសំឡេងឆ្នោតសរុបទូទាំងរាជធានី។

លោក គល់ បញ្ញា មានប្រសាសន៍ថា “ប្រជាពលរដ្ឋជាច្រើនទាមទារឱ្យមានបទប្បញ្ញត្តិមួយដែលពួកគាត់អាចបោះឆ្នោតជ្រើសតាំងអភិបាលរាជធានីភ្នំពេញ។ វាគ្មានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋដែលមិនសប្បាយចិត្តចំពោះការរឹតបន្តឹងទាំងនេះ គឺការបង្ក្រាប និងការគាបសង្កត់នោះទេ”។

នៅគ្រប់ខេត្តទាំងអស់ អភិបាលខេត្តត្រូវបានតែងតាំងដោយគណបក្សកាន់អំណាចតាមផ្លូវច្បាប់។ អភិបាលទាំងនេះដែលតែងតែស្មោះត្រង់ចំពោះគណបក្សកាន់អំណាច  មានអំណាចខ្លាំងលើការគ្រប់គ្រងពលរដ្ឋ ព្រមទាំងកងកម្លាំងសន្តិសុខរួមទាំងការធ្វើជាប្រធាន “គណៈបញ្ជាការឯកភាព” ដែលគ្រប់គ្រងកងទ័ព នគរបាល កងរាជអាវុធហត្ថ និងកងកម្លាំងសណ្ដាប់ធ្នាប់សាធារណៈផងដែរ”។

លោកស្រី ណាលី ពីឡូក នាយករងផ្នែកតស៊ូមតិនៃអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា អភិបាលគួរតែគិតគូរពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលខ្លួនបម្រើ ជាជាងឆន្ទៈរបស់គណបក្សកាន់អំណាច។

លោកស្រីថ្លែងថា ”គ្មានអ្នកណាជឿពិតប្រាកដថា អភិបាលបច្ចុប្បន្នដែលស្ទើរតែទាំងអស់ជាសមាជិកនៃគណៈកម្មាធិការកណ្ដាលគណបក្សកាន់អំណាច កំពុងធ្វើសកម្មភាព និងគ្រប់គ្រងដោយមិនប្រកាន់បក្ខពួកនោះទេ។ នៅពេលឈានដល់ការបញ្ជា និងការអនុវត្តការរឹតបន្តឹងលើការប្រមូលផ្ដុំជាសាធារណៈដោយសន្តិវិធី និងការបញ្ចេញមតិ វាច្បាស់ណាស់ ថា ការសម្រេចរបស់ពួកគេគ្មានផ្លូវផ្អែកលើការ តម្កល់ផលប្រយោជន៍សាធារណៈឡើយ”។

ទោះបីជាកាលពីមុនធ្លាប់មានការសម្រុះសម្រួលគ្នារវាងគណបក្សនយោបាយ ដែលក្រោយការបោះឆ្នោតឆ្នាំ១៩៩៣  និងឆ្នាំ១៩៩៨ កិច្ចព្រមព្រៀងបែងចែកអំណាចរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុ៊នស៊ិនប៉ិច បាននាំឱ្យគណបក្សទាំងពីរបែងចែកតំណែងអភិបាលខេត្តក្តី ក៏លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមានប្រសាសន៍ថា លទ្ធភាពនេះគ្មានតម្លៃសូម្បីយកមកពិភាក្សាក្រោយការបោះឆ្នោតឆ្នាំ២០១៣។

លោកមានប្រសាសន៍ថា កិច្ចព្រមព្រៀងបែបនេះមិនអាចធ្វើបានឡើយក្រោម “របបដឹកនាំឯកបក្ស ឬកុម្មុយនីស្ត” បច្ចុប្បន្ន។ ចាត់ទុកប្រព័ន្ធតំណែងអភិបាលនេះថា “ប្រឆាំងលទ្ធិប្រជាធិបតេយ្យ” លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ចាំបាច់ត្រូវបោះជំហានឆ្ពោះទៅរកអំណាចវិមជ្ឈការ ហើយថា “ក្រោយឆ្នាំ២០១៨ គណបក្សសង្គ្រោះជាតិនឹងអនុវត្តវិមជ្ឈការពិតប្រាកដ និងមានប្រសិទ្ធភាព”។

លោកបានបន្តថា ប្រសិនបើគណបក្សរបស់លោកឡើងកាន់អំណាច អភិបាលនឹងលែងជាបេក្ខជនចាត់តាំងនយោបាយទៀតហើយ។ ផ្ទុយមកវិញ  រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងធ្វើសេចក្ដីព្រាងច្បាប់ថ្មីដែលផ្ដល់អំណាច  និងមធ្យោបាយហិរញ្ញវត្ថុបន្ថែមទៀតដល់តំណាងរាស្ត្រខេត្ត ឬរាជធានីដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា លោក ប៉ា សុជាតិវង្ស មិនអាចទាក់ទងសុំការបំភ្លឺបានទេក្នុងរយៈពេល១សប្ដាហ៍មកនេះ។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អ្នកដែលស្នើឱ្យអភិបាលកិច្ចរាជធានីមានលទ្ធិប្រជាធិបតេយ្យច្រើនជាងនេះគួរតែរៀនច្បាប់ឡើងវិញ។

លោកលើកឡើងថា ”សូមអញ្ជើញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអង្គការក្រៅរដ្ឋាភិបាលទៅសិក្សាច្បាប់ឡើងវិញ។ អភិបាលខេត្ត និងអភិបាលរាជធានីស្ថិតក្រោមការណែនាំរបស់ក្រសួងមហាផ្ទៃដែលតែងតាំងពួកគេ។ គ្មានកូតាផ្អែកលើគណបក្សទេ”។

លោកបានមានប្រសាសន៍បន្ថែមទៀតថា សាលារាជធានីមិនរឹតបន្តឹងសេរីភាពរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែប្រជាពលរដ្ឋដែលចង់ចូលរួមការតវ៉ាជាសាធារណៈត្រូវតែគោរពច្បាប់ក្នុងដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោកគូសបញ្ជាក់ថា “គណបក្សប្រឆាំងប្រហែលជាចង់បានតំណែងអភិបាលរាជធានីភ្នំពេញ ប៉ុន្តែសូមគណបក្សប្រឆាំងកុំស្រមើស្រមៃអី”៕ សុខុម

(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស