28 C
Phnom Penh

មន្ត្រីកង​រាជ​អាវុធ​ហត្ថ​ក្រុង​​​ប៉ោយ​​​ប៉ែត​​​​​​បួន​នាក់​ស្ថិតក្រោម​ការ​សាកសួរ​​ពីបទ​ទទួល​សំណូក​ពីក្រុម​ចោរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងមន្ត្រីបីនាក់ទៀតត្រូវបានសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍បន្ទាប់ពីតាមចោទថា ពួកគេបានទទួលសំណូកពីក្រុមចោរជាប់សង្ស័យបីនាក់ជាថ្នូរនឹងការដោះលែងពួកគេពីកន្លែងឃុំខ្លួន។

លោក ឱ បូរិន បានបង្ហាញអត្តសញ្ញាណមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងរូបនេះថា ឈ្មោះ តែម បូឡា ប៉ុន្តែបានបដិសេធមិនចេញឈ្មោះមន្ត្រីផ្សេងទៀត និងជនសង្ស័យទាំងនោះឡើយ។ ក្រុមចោរទាំងនោះត្រូវបានចាប់ខ្លួនដោយមន្ត្រីកងរាជអាវុធហត្ថក្រុង រួចដោះលែង ហើយក្រោយមកត្រូវបានចាប់ខ្លួនវិញដោយកងរាជអាវុធហត្ថខេត្តកាលពីល្ងាចថ្ងៃសុក្រ។

លោក សុ៊ុម ចាន់គា អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ពួកគេត្រូវបានចោទប្រកាន់ពីបទយកកាបូបរបស់ស្ត្រីខ្មែរម្នាក់ដែលក្នុងកាបូបនោះមានប្រាក់៥៥០.០០០បាត ប្រហែល (១៥.៦០០ដុល្លារ)ពីរថយន្តរបស់ស្ត្រីរូបនេះដែលចតចោលមិនបានចាក់សោទ្វារនៅក្បែរព្រំដែនថៃ។

លោក ឱ បូរិន បានមានប្រសាសន៍ថាក្រុមចោរទាំងនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីម្សិលមិញ។លោកបានថ្លែងថា ប្រសិនបើលោក តែម បូឡា “ជាប់ពាក់ព័ន្ធ ហើយត្រូវបានរកឃើញថា ពិតជាបានប្រព្រឹត្តដូចនេះ និងបានដោះលែងក្រុមចោរទាំងនេះមែននោះ គាត់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់”។

លោកបានថ្លែងថា មន្ត្រីបីនាក់នៅក្រោមការគ្រប់គ្រងរបស់លោក តែម បូឡា បានប្រាប់ក្រុមមន្ត្រីថា លោក តែម បូឡា បានបញ្ជាឱ្យពួកគេទទួលយកសំណូកពីក្រុមចោរទាំងនេះ ហើយដោះលែងពួកគេ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស