លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សុខចិត្តចូលពន្ធនាគារ ប្រសិនបើសហសេវិករបស់លោកដែលជាប់ពន្ធនាគារត្រូវគេដោះលែង ជាការស្នើឡើងដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចបានច្រានចោលភ្លាមៗ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទខាងក្រៅពន្ធនាគារព្រៃសនៅក្រុងភ្នំពេញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បាននិយាយថា សំណើនេះត្រូវបានបញ្ជូនបន្តទៅតំណាងរាស្ត្រនិងសកម្មជនបក្សដែលកំពុងជាប់ពន្ធនាគារ ប៉ុន្តែពួកគេបានស្នើមកវិញឲ្យលោក រង្ស៊ី បន្តកិច្ចការរបស់លោកនៅក្រៅប្រទេស ដោយរស់នៅក្នុងទីក្រុងប៉ារីស ដើម្បីគេចចេញពីទោសជាប់ពន្ធនាគារពីរឆ្នាំនៅទីនេះ។
លោក សុវណ្ណ បាននិយាយថា “គាត់បាននិយាយថា ប្រសិនបើគាត់អាចត្រឡប់មកវិញនៅពេលនេះ ហើយធានាថា សកម្មជនទាំងអស់ត្រូវដោះលែងពីពន្ធនាគារនោះ គាត់សុខចិត្តចូលពន្ធនាគារ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានជំទាស់នឹងសំណើរបស់លោក រង្ស៊ី។ លោកបាននិយាយថា “គាត់និយាយដូចជាគាត់មិនចេះច្បាប់”។
លោក ឥសាន បាននិយាយថា “វាជារឿងបុគ្គល។ យើងមិនអាចដោះដូរបានទេ។ គាត់ជាទណ្ឌិត។ ហើយរឿងក្តីនេះបានបិទហើយ”។
លោក សុវណ្ណ បានលើកឡើងជាថ្មីថា លោក រង្ស៊ី នឹងត្រឡប់មកប្រទេសកម្ពុជាវិញមុនការបោះឆ្នោតនាពេលខាងមុខ គឺការបោះឆ្នោតឃុំសង្កាត់គ្រោងធ្វើនៅឆ្នាំក្រោយ ហើយការបោះឆ្នោតជាតិគ្រោងធ្វើនៅឆ្នាំ២០១៨ ទោះជាមានដំណោះស្រាយនយោបាយ ឬគ្មានដំណោះស្រាយនយោបាយក៏ដោយ។
លោកបាននិយាយថា “យើងមិនអាចនិយាយថា មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បានទេ ទន្ទឹមនឹងមេដឹកនាំគណបក្សប្រឆាំងមិនអាចចូលរួមក្នុងសកម្មភាពនយោបាយ”។
មន្ត្រីគណបក្សសង្គ្រោះជាតិ១៨នាក់ ក្នុងនោះមានទាំងតំណាងរាស្ត្រពីររូបផង កំពុងជាប់ពន្ធនាគារតាំងពីខែឧសភាឆ្នាំមុន។ បុគ្គលិកសិទ្ធិមនុស្សមួយចំនួន មានទាំងមន្ត្រីរៀបចំការបោះឆ្នោតមកពីអង្គការក្រៅរដ្ឋាភិបាលម្នាក់ផង ក៏កំពុងជាប់ពន្ធនាគារដែរ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិត្រូវតុលាការសម្រេចដាក់ទោសជាប់ពន្ធនាគារ៥ខែកាលពីខែមុន ទាក់ទិននឹងរឿងក្តីដែលគេចាត់ទុកជាទូទៅថាជារឿងនយោបាយ។
លោក សុខា កំពុងសម្ងំនៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅក្រុងភ្នំពេញជិតប្រាំខែមកហើយ ជាអ្វីដែលលោកបានហៅថា ជាសកម្មភាពដែលមានន័យថា គាបសង្កត់លើគណបក្សប្រឆាំង។
ក្នុងបទសម្ភាសមួយជាមួយបណ្តាញព័ត៌មាន Channel News Asia នៅដើមខែនេះ លោក សុខា បានមានប្រសាសន៍ថា លោកចង់ឃើញលោក រង្ស៊ី ត្រឡប់មកវិញ។
លោកបានមានប្រសាសន៍ថា “បើលោក សម រង្ស៊ី មកនៅជាមួយខ្ញុំ ល្អជាងខ្ញុំនៅម្នាក់ឯង ប៉ុន្តែបើគាត់សម្រេចចិត្តមិនមក យើងក៏នៅតែដឹកនាំបក្សទៅមុខបានដោយគ្មានគាត់ដែរ”៕ និត