26 C
Phnom Penh

ប្រេសិត​សហ​ប្រជាជាតិ​ថា សិទ្ធិមនុស្ស​មិន​គំរាមកំហែង​អធិបតេយ្យភាព​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅខណៈដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចប្រឈមមុខនឹងការរិះគន់ពីសាកលលោកទាក់ទិននឹងអ្វីដែលត្រូវមើលឃើញជាទូទៅថា ជាយុទ្ធនាការកាន់តែធំដើម្បីចាប់ដាក់ពន្ធនាគារនិងបំភិតបំភ័យអ្នករិះគន់របស់ខ្លួននោះ ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងពេលប៉ុន្មានខែថ្មីៗនេះ ច្រើនតែអំពាវនាវឲ្យប្រទេសក្រៅនានាគោរពកិច្ចការអធិបតេយ្យរបស់ប្រទេសកម្ពុជា។

cam-photo-rhona-2-800x533ចាកចេញពីការប្រជុំជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ហាក់ដូចជាបដិសេធគំនិតដែលថា ប្រទេសផ្តល់ជំនួយកំពុងជ្រៀតជ្រែកកិច្ចការរបស់ប្រទេសកម្ពុជា ដោយសារតែការលើកឡើងនូវកង្វល់សិទ្ធិមនុស្ស។

នៅពេលសួរ ថាតើបានពិភាក្សាអ្វីក្នុងការប្រជុំបិទទ្វារនោះ លោកស្រី ស្មីត បានប្រាប់អ្នកយកព័ត៌មានថា លោកស្រី និងលោក សុខុន បាននិយាយអំពីតួនាទីរបស់លោកស្រី និងសិទ្ធិមនុស្ស ព្រោះវាទាក់ទងនឹងច្បាប់។

ដោយមិនឆ្លើយទៅនឹងសំណួរច្រើនទៀត លោកស្រីបាននិយាយថា “ហើយការពិតនោះ មិនមានទំនាស់គ្នារវាងការគោរពស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងការរក្សាការគោរពអធិបតេយ្យភាពកម្ពុជានោះទេ”។

ក្នុងដំណើរទស្សនកិច្ចថ្មីៗរបស់លោកស្រី ជាលើកទី៣របស់លោកស្រីតាំងពីកាន់តួនាទីនេះ លោកស្រី ស្មីត ភាគច្រើនបានទុកឲ្យក្រុមមន្ត្រីរដ្ឋាភិបាលធ្វើការឆ្លើយពន្យល់បន្ទាប់ពីកិច្ចប្រជុំរបស់លោកស្រី។ ទោះជាយ៉ាងនេះក្តី លោកស្រីបាននិយាយថា ស្ថានការណ៍សិទ្ធិមនុស្សបានត្រឹមតែអាក្រក់ទៅៗក្នុងដំណើរទស្សនកិច្ចជាបន្តបន្ទាប់។

ប្រគល់របាយការណ៍ជូនសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីខែមុន លោកស្រីបាននិយាយទាក់ទិននឹងភាពតានតឹងផ្នែកនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា៖ “ភាពធ្ងន់ធ្ងរនៃស្ថានការណ៍នេះមិនអាចមើលស្រាលបានទេ”។

ឆ្លើយតបទៅនឹងការរិះគន់ដ៏ខ្លាំងដែលថ្លែងដោយលោកស្រី ស្មីត និងរាប់សិបប្រទេសនៅក្រុមប្រឹក្សាសន្តិសុខ លោក នៃ សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ការរិះគន់នេះមិនស្វាគមន៍ទេ។

លោកបានមានប្រសាសន៍ថា “យើងកំពុងចរចាដើម្បីបន្ត MoU ជាមួយ UNOHCHR ប៉ុន្តែយើងមិនស្វាគមន៍ការជ្រៀតជ្រែកក្នុងស្ថានការណ៍នយោបាយរបស់យើងទេ”។

នៅពេលបច្ចុប្បន្ន រដ្ឋាភិបាលកំពុងបដិសេធការបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) របស់ខ្លួនជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) របស់អង្គការសហប្រជាជាតិ ប្រសិនបើភាសាថ្មីមិនត្រូវបន្ថែមទាក់ទិននឹងការមិនជ្រៀតជ្រែកទេនោះ។

លោកស្រី វ៉ានហៀ លី (Wan-Hea Lee) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានលើកឡើងកាលពីថ្ងៃច័ន្ទ ប៉ុន្តែបានពន្យារពេល។

លោកស្រី លី បាននិយាយតាមរយៈអីុម៉េលថា “ដោយហេតុថានេះជាជំនួបរវាងអ្នកធ្វើរបាយការណ៍ពិសេស មិនមែន OHCHR និងរដ្ឋមន្ត្រីនោះ មានការយល់ព្រមថា MoU នេះគួរបន្តដោយឡែកជាមួយ OHCHR”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស