ប្រជាពលរដ្ឋជាង២៣០គ្រួសារនៅតែជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅឡើយកាលពីយប់មិញ នៅតំបន់ជាយក្រុងភ្នំពេញដែលរងការជន់លិច ខណៈកម្រិតទឹកបន្តហក់ឡើងអំឡុងពេលមានការបាក់ទំនប់ ហើយភ្លៀងនៅតែបន្តធ្លាក់។
មន្ត្រីកងរាជអាវុធហត្ថប្រហែល១០០នាក់ត្រូវបានដាក់ឱ្យប្រចាំការនៅសងខាងទំនប់ដែលបាក់ស្ថិតក្នុងខណ្ឌដង្កោដោយឃ្លាំមើលចរន្តទឹកហូរខ្លាំង និងព្យាយាមយកបាវខ្សាច់ធ្វើជាទំនប់បណ្តោះអាសន្នដោយប្រើអេស្កាវ៉ាទ័រយ៉ាងតិច៣គ្រឿង។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានមានប្រសាសន៍ថា អ្នកភូមិក្នុងតំបន់ដែលរងការជន់លិចនោះ បានបោះតង់នៅលើទីទួលសុវត្ថិភាព ដោយបោះតង់នៅលើផ្លូវខ្ពស់ៗ ហើយសង្ឃឹមថា ទឹកជំជន់នេះនឹងស្រកទៅ។
ទំនប់ពីរនៅភាគខាងកើតនៃស្ទឹងព្រែកត្នោតដែលហូរកាត់តំបន់នេះបានបាក់តាំងពីយប់ថ្ងៃអាទិត្យ។ ទំនប់ទី១ នៅខាងលើខ្សែទឹកក្នុងខេត្តកំពង់ស្ពឺបានបាក់ប្រហែលជារំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងរយៈពេលពីរសប្តាហ៍ រួមទាំងភ្លៀងដូចគេចាក់ទឹកបីថ្ងៃជាប់ៗគ្នាផងនោះ។
ទឹកបានហក់ឡើងយ៉ាងខ្លាំងរួចហូរចាក់មកផ្នែកខាងក្រោមកាត់ទំនប់ទី២កាលពីរសៀលថ្ងៃច័ន្ទក្នុងខណ្ឌដង្កោ ដោយបង្ខំឲ្យអ្នកភូមិរាប់រយនាក់ជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន។
លោក ប៉ាសុជាតិវង្ស បានមានប្រសាសន៍ថា ចរន្តទឹកដែលហូរកាត់ទំនប់ដែលបាក់នោះបានជន់លិចសង្កាត់ចំនួន៦ និងភូមិចំនួន៣០ បណ្តាលឲ្យអាជ្ញាធរមូលដ្ឋានជម្លៀសប្រជាពលរដ្ឋ២៣៥គ្រួសារចេញ។

កាលពីម្សិលមិញ តំបន់ដែលរងការជន់លិចនេះមិនអាចធ្វើដំណើរឆ្លងកាត់បានទេ ដោយផ្លូវនានាក្នុងសង្កាត់ចំនួន៤ត្រូវបានកាត់ផ្តាច់ដោយសារទំនប់នៅផ្នែកខាងក្រោមនេះ ដែលទុកដូចជាផ្លូវនោះ ត្រូវបានទឹកបុកបំបាក់។
អ្នកស្រី ទិន សំអឿន អាយុ៤៧ឆ្នាំជាអ្នកភូមិម្នាក់នៅក្នុងខណ្ឌដង្កោ បានភ្ញាក់ដឹងខ្លួននៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទឃើញផ្ទះរបស់គាត់លិចទឹកបាត់ទៅហើយ។ អ្នកស្រីប្រញាប់ប្រញាល់ជម្លៀសចេញហើយបានបោះតង់នៅលើផ្លូវខ្ពស់ជាប់ផ្ទះរបស់គាត់ ហើយបានស្នាក់នៅទីនោះមួយយប់រង់ចាំមើលទឹកដែលហក់ឡើងនេះ។
អ្នកស្រីបាននិយាយថា មាន់របស់គាត់១០ក្បាលជាប់ក្នុងទ្រុងងាប់អស់ ហើយម៉ូតូរបស់គាត់មួយគ្រឿងខូចខ្ទេច។ អ្នកស្រី សំអឿន និយាយថា “ខ្ញុំបារម្ភយ៉ាងខ្លាំងពីទឹកជំនន់បន្ថែមទៀត។ នេះជាការជន់លិចខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៩៩១មក។ នៅក្នុងផ្ទះរបស់ខ្ញុំ ទឹកលិចត្រឹមជង្គង់ឯណោះ៕ សារុន