ស្ត្រីពីរនាក់បងប្អូនដែលជាប់ចោទពីបទបង្ខាំងក្មួយស្រីរបស់ខ្លួនដែលពេលនោះមានអាយុ១៣ឆ្នាំទុកធ្វើជាទាសករផ្លូវភេទ និងបុរសម្នាក់ដែលជាប់ចោទពីបទចំណាយប្រាក់ដើម្បីរួមភេទជាមួយនាង ត្រូវបានតុលាការផ្ដន្ទាទោសកាលពីម្សិលមិញឱ្យជាប់ពន្ធនាគារយ៉ាងតិច៣ឆ្នាំ ខណៈក្រុមអ្នកជិតខាងខ្មែរអុិស្លាមរបស់បងប្អូនស្រីជាប់ចោទទាំងពីរនាំគ្នាចេញមកតវ៉ាដើម្បីការពារពួកគេ។
ស្ត្រីទាំងពីរដែលមានឈ្មោះ ជា ស្រស់ អាយុ៣៣ឆ្នាំ និងឈ្មោះ ជា ទីណា អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុនបន្ទាប់ពីក្មួយស្រីរបស់ពួកគេប្ដឹងនគរបាល និងចោទប្រកាន់ថា ពួកគេដាក់ច្រវាក់នាងជាប់នឹងរនាបផ្ទះរបស់ពួកគេក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបណ្ដោយឱ្យឈ្មោះ ឈិន ឆៃលី អាយុ៣៧ឆ្នាំរួមភេទជាមួយនាង។
បងប្អូនស្រីទាំងពីរទទួលស្គាល់ថា ខ្លួនពិតជាបានដាក់ច្រវាក់ក្មួយស្រីរបស់ខ្លួនមែន ប៉ុន្តែនិយាយថា ឈ្មោះ ឈិន ឆៃលី បានភ្ជាប់ពាក្យជាមួយក្មួយស្រីរបស់ខ្លួន ហើយប្រាក់១.០០០ដុល្លារដែលបុរសនោះបានផ្ដល់ឱ្យគឺជាថ្លៃទឹកដោះ មិនមែនជាការទិញការរួមភេទទេ។ ជា ទីណា បានបកស្រាយនៅពេលនោះថា “ខ្ញុំបារម្ភខ្លាចនាងរត់ចេញពីផ្ទះទៅចូលក្លឹប”។
លោក លាង សំណាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលការនិយាយការពារខ្លួនរបស់ស្ត្រីពីរនាក់បងប្អូន ហើយបានផ្ដន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល៣ឆ្នាំពីបទបង្ខាំងមនុស្សកុមារ នេះបើយោងតាមការលើកឡើងរបស់លោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានី។
លោកមានប្រសាសន៍ថា ឈឹម ឆៃលី ទទួលការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារបីឆ្នាំកន្លះ ពីបទអំពើធ្វើអាជីវកម្មផ្លូវភេទ និងត្រូវបានបង្គាប់ឱ្យបង់ប្រាក់៨.០០០.០០០រៀល ឬប្រហែល២.០០០ដុល្លារឱ្យទៅក្មេងស្រីរងគ្រោះ។
លោកស្រី ពឹង យក់ហៀប មេធាវីការពារស្ត្រីពីរនាក់បងប្អូន បានគាំទ្រការអះអាងពីភាពគ្មានកំហុសរបស់កូនក្ដីខ្លួន។ លោកស្រីមានប្រសាសន៍ថា “វាមិនយុត្តិធម៌ទេ ព្រោះពួកគាត់ព្យាយាមផ្សំផ្គុំក្មួយស្រីរបស់ខ្លួនក្នុងពិធីភ្ជាប់ពាក្យ។ ពួកគាត់មិនមែនបង្ខាំងជនរងគ្រោះទុកធ្វើជាស្រីពេស្យាទេ”។
លោកស្រីទទួលស្គាល់ថា ស្ត្រីបងប្អូនទាំងពីរ “ពិតជាខុសមែន” ដែលចាក់សោបង្ខាំងក្មួយស្រី ហើយថា “ពីព្រោះបើទោះជាព្រួយបារម្ភចំពោះនាង ក៏មិនគួរប្រើច្រវាក់ធ្វើបែបនោះដែរ។ ច្រវាក់ទុកសម្រាប់តែចាក់កង់ ឬម៉ូតូប៉ុណ្ណោះ”។
ឈិន ឆៃលី បានបដិសេធមិនឆ្លើយបំភ្លឺទេ។កាលពីឆ្នាំមុនលោក រេះ រ៉ូនី ដែលជាអីុម៉ាមនៅក្នុងសហគមន៍នោះបាននិយាយការពារទំនាក់ទំនងរបស់ឈ្មោះ ឈិន ឆៃលី និងក្មេងស្រីជនរងគ្រោះ ដោយនិយាយថា វាជារឿងធម្មតាទេដែលក្មេងស្រីជនជាតិចាមភ្ជាប់ពាក្យនៅអាយុដំណាលនឹងជនរងគ្រោះ។
នៅរយៈពេលប៉ុន្មានថ្ងៃក្រោយពីបងប្អូនស្រីទាំងពីរនាក់ត្រូវបានចាប់ខ្លួន ប្រជាពលរដ្ឋជាង១០០នាក់ក្នុងសហគមន៍ខ្មែរអុិស្លាមនៅភូមិ៣ បានផ្ដិតមេដៃទាមទារឱ្យតុលាការដោះលែងពួកគេ។អ្នកជិតខាងនិយាយថា បងប្អូនស្រីទាំងពីរបានចិញ្ចឹមបីបាច់ក្មួយស្រីនេះចាប់តាំងពីនាងត្រូវម្ដាយបោះបង់ចោល។
កាលពីម្សិលមិញ អ្នកជិតខាងរបស់ស្ត្រីជាម្ដាយមីងនៅតែខឹងសមត្ថកិច្ច ក្មេងស្រីរងគ្រោះ និងអង្គការមិនមែនរដ្ឋាភិបាលមួយដែលខ្លួននិយាយថាជាអ្នកបន្តសំណុំរឿងនេះ។
លោក អ៊ុំ ជីវិត អាយុ៥៣ឆ្នាំដែលបានប្រមូលផ្ដុំគ្នាជាមួយអ្នកជិតខាងមួយចំនួនតូចផ្សេងទៀតលើចិញ្ចើមផ្លូវដែលមានជង្ហុកជិតទន្លេបាសាក់ កន្លែងដែលស្ត្រីម្ដាយមីង និងជនរងគ្រោះធ្លាប់រស់នៅ។
គាត់បាននិយាយទៀតថា ម្ដាយមីងរបស់ក្មេងស្រីនេះបានខ្ចីម៉ូតូរបស់គាត់នៅពេលយប់ឡើង ក្រោយចេញពីធ្វើការនៅរោងចក្រកាត់ដេរដើម្បីតាមរកក្មេងស្រីនេះ ហើយជាញឹកញាប់ប្រទះឃើញនាងនៅជាមួយមិត្តភក្ដិ។
លោកលើកឡើងបន្ថែមទៀតថា ”ម្ដាយមីងរបស់នាងព្រួយបារម្ភខ្លាចនាងធ្វើបែបនេះគ្រប់ពេល។ បើពួកគាត់មិនដាក់ច្រវាក់នាង នាងនឹងបង្កបញ្ហាដល់ពួកគាត់។ យើងគ្មានភ័ស្តុតាងទេ ប៉ុន្តែអ្នកគ្រប់គ្នាសុទ្ធតែដឹងថា នាងមានចរិតមិនល្អដែលស្ដែងចេញតាមរយៈសកម្មភាពរាល់ថ្ងៃរបស់នាង”។
អ្នកស្រី កេ សាវីហ្វាត អាយុ៤២ឆ្នាំ ដែលជាម្ដាយមីង និងជាអ្នកជិតខាងរបស់បងប្អូនស្រីទាំងពីរនាក់និយាយថា ក្មេងស្រីនេះព្រមព្រៀងយក ឈឹម ឆៃលី ធ្វើជាដៃគូអនាគត។ គាត់និយាយទៀតថា “ម្ដាយមីងរបស់ក្មេងស្រីនេះបាននាំនាងទៅជួបបុរសនោះដើម្បីឱ្យនាងមានគូអនាគត និងដើម្បីកុំឱ្យនាងចេះតែដើររហេតរហូតពេញៗមួយថ្ងៃ។ នាងបានយល់ព្រមភ្ជាប់ពាក្យ ហើយពេលខ្លះនាងនៅតែម្នាក់ឯងជាមួយបុរសនោះ។ ប៉ុន្តែបន្ទាប់ពីពួកគេភ្ជាប់ពាក្យរួច ក្មេងស្រីនេះបានលួចគ្រឿងអលង្ការមួយចំនួនពីគូដណ្ដឹងរបស់នាងយកទៅឱ្យប្រុសផ្សេង”។
លោក សឿ យ៉ាមូ អាយុ ៥៣ ឆ្នាំដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនិយាយថា “នាងមិនមែនជាក្មេងស្រីល្អទេ។ ពេលនាងទៅលេងផ្ទះអ្នកណា នាងតែងតែលួចរបស់គេ”។
ដូចអ្នកភូមិផ្សេងៗទៀតដែរ លោក សឿ យ៉ាមូ យល់ថា ការដាក់ច្រវាក់ក្មេងស្រីនេះគឺជាមធ្យោបាយល្អដើម្បីកុំឱ្យនាងបង្កបញ្ហា។ “ម្ដាយមីងរបស់នាងដាក់ច្រវាក់នាងនៅពេលពួកគេទៅធ្វើការ ហើយនៅពេលត្រឡប់មកក៏ដោះលែងនាងវិញ”៕ សុខុម