31 C
Phnom Penh

មន្ត្រី​អាវុធ​ហត្ថម្នាក់ត្រូវបាន​ដោះលែង ​ទោះជាមាន​ការ​ចោទប្រកាន់ពីបទរារាំង​មន្ត្រី​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វរសេនីត្រីយ៍កងរាជអាវុធហត្ថម្នាក់ដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្នកាលពីខែមុនពីបទរារាំងអាជ្ញាធរ ដែលបានព្យាយាមចាប់ខ្លួនក្រុមឈ្មួញឈើនោះ បានត្រឡប់មកធ្វើការវិញហើយ ដោយមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីតុលាការមិនបានធ្វើការពន្យល់ពីការដោះលែងនេះទេ។

លោក ទៀ គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើមូលដ្ឋានបានមានប្រសាសន៍ថា លោកសេង ប៊ុនតេង ដែលបើករថយន្តឡិចស៊ីស៤៧០ បានរារាំងមន្ត្រីរដ្ឋបាលព្រៃឈើមិនឱ្យដេញតាមរថយន្តតូយ៉ូតាកាមរីពីរគ្រឿងដែលសង្ស័យថា ដឹកឈើគ្រញូងខុសច្បាប់កាលពីថ្ងៃទី៩ ខែសីហា នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបានមានប្រសាសន៍ថា លោក សម ប៊ុនពឿ ចៅក្រមស៊ើបសួរបានចោទប្រកាន់លោក សេង ប៊ុនតេង នៅថ្ងៃបន្ទាប់ពីបទរារាំងមន្ត្រីសាធារណៈ ហើយរថយន្តឡិចស៊ីសនោះត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ។ លោក ទៀ គឹមសុទ្ធ បានមានប្រសាសន៍ថា លោកបានដឹងពីការដោះលែងលោក សេង ប៊ុនតេង នេះ ប៉ុន្តែលោកមិនហ៊ានរិះគន់សេចក្ដីសម្រេចនេះទេ។

លោក ទៀ គឹមសុទ្ធ បានថ្លែងថា “ខ្ញុំខកចិត្តណាស់ពីការដោះលែងនេះ ពីព្រោះនេះជាសេចក្ដីសម្រេចរបស់តុលាការ។ខ្ញុំមិនអាចប្រាប់អ្នកអំពីករណីនេះបានទេ ពីព្រោះតុលាការនឹងខឹងខ្ញុំ។ ពួកគេនឹងប្ដឹងខ្ញុំ បើចម្លើយរបស់ខ្ញុំពាក់ព័ន្ធរឿងអាស្រូវណាមួយរបស់តុលាការនោះ”។

លោកចៅក្រម សម ប៊ុនពឿ បដិសេធមិនធ្វើអត្ថាធិប្បាយអំពីមូលហេតុនៃការដោះលែងលោក សេង ប៊ុនតេង ទេ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា លោក សេង ប៊ុនតេង ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅក្នុងខេត្តសៀមរាប។ លោកបានថ្លែងថា “យើងបានលុបឈ្មោះគាត់ចេញពីកងរាជអាវុធហត្ថហើយ ពីព្រោះគាត់បានប្រព្រឹត្តបទល្មើសព្រៃឈើ”។

ប៉ុន្តែលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កន្លែងដែលលោក សេង ប៊ុនតេង ឈរជើងនៅទីនោះបានមានប្រសាសន៍ថា វរសេនីយ៍ត្រីរូបនេះបានត្រឡប់មកធ្វើការវិញប្រហែលពីរសប្ដាហ៍មកហើយ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី៤ ខែតុលា។

ឧត្ដមសេនីយ៍ត្រី ហង្ស ថុល បានមានប្រសាសន៍ថា “លោក សេង ប៊ុនតេង នៅបម្រើការងារនៅកងរាជអាវុធហត្ថខេត្តដដែល ពីព្រោះខ្ញុំមិនទាន់ឃើញលិខិតផ្លូវការណាមួយពីថ្នាក់លើបញ្ឈប់គាត់ពីការងារនៅឡើយទេ”។ លោកបានបន្ថែមថា លោកមិនដឹងពីមូលហេតុនៃការដោះលែងនេះទេ។

លោក សេង ប៊ុនតេង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាយបានឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស