បន្ទាប់ពីការធ្លាក់ចុះខ្លាំងក្រោម១៥០ដុល្លារក្នុងមួយតោនមុនបុណ្យភ្ញុំបិណ្ឌ នៅសប្ដាហ៍នេះ តម្លៃស្រូវជាមធ្យមបានឡើងដល់២៣០ដុល្លារក្នុងមួយតោន ជាតម្លៃដែលកសិករមួយចំនួនបាននិយាយថា នៅទាបណាស់នៅឡើយ។
បន្ទាប់ពីតម្លៃបានធ្លាក់ចុះពី២៥០ដុល្លារក្នុងមួយតោននៅពាក់កណ្តាលខែសីហាមកត្រឹម១៩២ដុល្លារក្នុងមួយតោននៅដើមខែមុនមក រដ្ឋាភិបាលបានសម្រេចបញ្ចេញប្រាក់២៧លានដុល្លារជាប្រាក់ឧបត្ថម្ភធន ដើម្បីជួយរោងម៉ាស៊ីនកិនស្រូវទិញស្រូវពីកសិករ និងក៏បានអំពាវនាវដល់មន្ត្រីនិងមិត្តភក្តិរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាច ឲ្យជួយទិញស្រូវឲ្យបានច្រើនតាមលទ្ធភាព។
ទោះជាយ៉ាងនេះក្តី លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានមានប្រសាសន៍ថា ជំនួសឲ្យដោយការយកប្រាក់ពីធនបម្រុងឯកជនមកប្រើ និងការបញ្ជាទិញដែលទទួលពីអ្នកទិញអន្តរជាតិ ដូចជាប្រទេសចិន ម៉ាឡេស៊ី ក្រុងហុងកុង និងប្រទេសសិង្ហបុរី រោងម៉ាស៊ីនកិនស្រូវភាគច្រើនមិនទាំងបានប្រើប្រាក់ឧបត្ថម្ភធននេះទេ។
លោក ឡាក់ បាននិយាយថា “រដូវប្រមូលផលដំបូងជិតបញ្ចប់ហើយ ខណៈដែលមានការបញ្ជាទិញមួយចំនួនពីទីផ្សារក្រៅប្រទេស ដូច្នេះតម្លៃបានឡើងខ្ពស់វិញ”។
លោក ឡាក់ ក៏បានសរសើរតម្លៃខ្ពស់ជាងមុននៅប្រទេសវៀតណាម និងប្រទេសថៃ ដែលនាំឲ្យប្រទេសកម្ពុជាអាចលក់ក្នុងតម្លៃខ្ពស់ជាងមុន ហើយលោកបាននិយាយថា កង្វះការបញ្ជាទិញ មិនមែនការខ្វះប្រាក់ទេ គឺជាមូលហេតុចំពោះការធ្លាក់ចុះតម្លៃពីដំបូង។
លោក ឡាក់ បាននិយាយថា “ភាគច្រើនបំផុតនៃប្រាក់អន្តរាគមន៍មិនត្រូវបានប្រើប្រាស់នៅឡើយទេ ពីព្រោះបញ្ហាបន្ទាន់គឺមិនមែនប្រាក់នោះទេ ប៉ុន្តែគឺការបញ្ជាទិញពីទីផ្សារទៅវិញទេ។ នៅពេលដែលមានការបញ្ជាទិញ រោងម៉ាស៊ីនកិនស្រូវនឹងទិញស្រូវពីកសិករ”។
លោក កង រឿន កសិករនៅស្រុកសង្កែខេត្តបាត់ដំបង បាននិយាយថា តម្លៃនៅក្នុងតំបន់របស់លោកបានកើនឡើងដល់ប្រហែល២១០ដុល្លារក្នុងមួយតោន ប៉ុន្តែថា វាមិនទាន់សមល្មមឲ្យលោកមានអារម្មណ៍ស្រួលចិត្តទេ។
លោកបាននិយាយថា “វាមិនបានដល់កម្រិតសមរម្យនៅឡើយទេ។ យើងត្រូវរង់ចាំមើលស្ថានភាពពិតសិន”។
ស្រដៀងគ្នានេះដែរ លោក ពីង ស៊ីនួន កសិករនៅក្រុងបាត់ដំបងក្បែរនោះ បាននិយាយថា លោកស្ថិតក្នុងស្ថានភាពមិនទៀងនៅឡើយ។
លោកបាននិយាយថា “ជួនកាលរោងម៉ាស៊ីនមិនមានកន្លែងគ្រប់គ្រាន់ដើម្បីរក្សាទុកស្រូវ ដូច្នេះគេនឹងមិនទិញស្រូវរបស់យើងទេ”។ ប៉ុន្តែ “យើងត្រូវការប្រាក់ដើម្បីសងបំណុល ដូច្នេះយើងប្រហែលនឹងត្រូវលក់វាក្នុងតម្លៃទាបជាថ្មីទៀត”៕ និត